ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​អាមេរិក​បាន​បង្កើត​ការងារ​ថ្មី​​ជិត​៥​លាន​​ក្នុង​​ខែ​មិថុនា​ខណៈ​អត្រា​អត់​ការងារ​ធ្លាក់​ចុះ


មនុស្ស​ជាច្រើន​រយ​នាក់​តម្រង់ជួរ​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ការងារ Kentucky។
មនុស្ស​ជាច្រើន​រយ​នាក់​តម្រង់ជួរ​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ការងារ Kentucky។

សេដ្ឋកិច្ច​អាមេរិក​កាល​ពី​ខែ​មិថុនា​បាន​បង្កើត​ការងារ​ថ្មី​ចំនួន៤លាន​៨​សែន​ការងារ ខណៈ​ដែល​សេដ្ឋកិច្ច​នៅ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​អាជីវកម្ម​នានា​ដែល​ត្រូវ​បង្ខំ​ឲ្យ​បិទ​ដើម្បី​ទប់​ស្កាត់​ការ​រាត​ត្បាតនៃ​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការ​រាយការណ៍​រដ្ឋាភិបាល​អាមេរិក បើ​ទោះ​បី​កាល​ពី​សប្តាហ៍​មុន​នៅ​មាន​អ្នក​ដាក់​ពាក្យ​សុំ​ជំនួយ​រដ្ឋ​ពេល​អត់ការងារ​ចំនួន​១លាន​៤​សែន​នាក់​ក្តី។​

ការិយាល័យ​ស្ថិតិ​ការងារនិយាយ​ថា អត្រា​អត់ការងារនៅសហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​មក​ត្រឹម​១១,១%​កាល​ពី​ខែ​មិថុនា ពី​ចំនួន​១៣.៣%​កាល​ពី​ខែ​ឧសភា។ ប៉ុន្តែ​តួលេខ​នេះ​ត្រូវ​បាន​គេ​ប្រមូល​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា គឺ​នៅ​មុន​ពេល​មាន​កំណើនករណី​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​នៅតាម​បណ្តា​រដ្ឋ​ដែល​បាន​បើក​សកម្មភាព​សេដ្ឋកិច្ច​ពួក​គេ​ឡើង​វិញ​ដំបូង​គេ។

របាយការណ៍​ចុង​ក្រោយ​អំពី​ការ​បង្កើត​ការងារ​ថ្មី​និង​អត្រា​អត់​ការងារ​នេះ​បង្ហាញ​ថា សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ដែល​ជា​សេដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​ពិភពលោក កំពង់​ស្ថិត​នៅក្នុង​ចំណុច​របត់​មួយ​ដោយ​មាន​ផ្នែក​ខ្លះ​រើប​ឡើង​វិញ​និងផ្នែក​ផ្សេង​ទៀត​នៅ​មាន​ភាព​មិន​ប្រាកដ​ប្រជា។

អាជីវកម្ម​ខ្លះ​ដូច​ជាហាង​លក់​ទំនិញ ភោជនីយដ្ឋាន​កន្លែង​ហាត់​ប្រាណ និង​ហាង​កាត់សក់ ព្យាយាម​បើក​ទ្វារ​ឡើង​វិញ​បើ​ទោះ​បី​ជា​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​នូវ​ករណី​ឆ្លង​កូវីដ១៩​នៅ​ទូទាំង​ប្រទេសដែល​បង្ខំ​ឲ្យ​អាជីវកម្ម​ខ្លះ​ត្រូវ​បិទ​ទ្វារ​ជា​ថ្មី។

ជា​រួម​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ​១៩​បាន​នាំ​ឲ្យ​ពលរដ្ឋ​អាមេរិក​សរុប​៤៨,៤​លាន​នាក់​បាន​បាត់បង់​ការងារ​ក្នុង​រយៈពេល​៣ខែ​កន្លះ​ចុង​ក្រោយ។ នៅ​មុន​វិបត្តិ​កូវីដ១៩ អត្រា​អត់​ការងារ​នៅ​អាមេរិក​មាន​ត្រឹម​៣.៥%​ដែល​ជា​ចំនួន​ទាប​បំផុត​ក្នុងរយៈ​ពេល​៥០​ឆ្នាំ។

អ្នក​ជំនាញ​សេដ្ឋកិច្ច​ព្យាករណ៍​ថា​សេដ្ឋកិច្ច​អាមេរិក​ត្រូវ​ការ​ពេល​យូរទម្រាំ​អាច​រើបឡើង​វិញ​រហូត​ដល់​ឆ្នាំ​២០២១៕

XS
SM
MD
LG