ការស្ទង់មតិនេះត្រូវបានធ្វើឡើងបន្ទាប់ពីករណីឆ្លងជំងឺកូរ៉ូណា កំពុងមានការហក់ឡើងជាថ្មីទៀត នៅក្នុងសហរដ្ឋអាមេរិក។
ការស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន The Associated Press និងមជ្ឈមណ្ឌល NORC សំរាប់ការស្រាវជ្រាវកិច្ចការសាធារណៈបានឱ្យដឹងថា អ្នកប្រជាធិបតេយ្យចំនួន៨៥% បានហៅស្ថានភាពសេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នថា មានភាព «អន់ថយ» នៅពេលដែលក្រុមអ្នកសាធារណរដ្ឋវិញបាននិយាយថា សេដ្ឋកិច្ចរបស់អាមេរិកមានលក្ខណៈ «ល្អប្រសើរ» នោះ។
នៅពេលដែលហាងទំនិញនានា បានចាប់ផ្តើមបើកឡើងវិញនោះ លោក Peter Morici ដែលជាសេដ្ឋវិទូអភិរក្សម្នាក់ និងជាអតីតប្រធានសេដ្ឋវិទូនៃគណកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកជឿជាក់ថា ប្រទេសអាមេរិកកំពុងធ្វើដំណើរលើផ្លូវត្រូវមួយ។
លោក Peter Morici ដែលជាសេដ្ឋវិទូ និងធ្លាប់ជាអតីតសាស្រ្តាចា្យនៃសាកលវិទ្យាល័យ Maryland បានថ្លែងក្នុងសម្តីដើមថា៖ «វិបត្តិ និងភាពអត់ការងារធ្វើមានរយៈពេល៣ខែ តែឥឡូវរឿងនេះមានភាពគ្រាន់បើវិញហើយ។ ដូច្នេះនេះជាសញ្ញាមួយដែលប្រាប់យើងថា យើងធ្វើការងារនេះបានប្រសើរជាងអ្វីដែលយើងបានគិតទុកជាមុន»។
ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ១ភាគ៣នៃពលរដ្ឋអាមេរិកបានហៅសេដ្ឋកិច្ចនាពេលបច្ចុប្បន្នថាមានលក្ខណៈល្អប្រសើរគឺឡើង៧ពិន្ទុបើប្រៀបធៀបនឹងការស្ទង់មតិកាលពីខែឧសភា ប៉ុន្តែនៅតិចជាងការស្ទង់មតិកាលពីខែមករាឆ្ងាយណាស់ ដែលពេលនោះ ពលរដ្ឋអាមេរិកាំងចំនួន៦៧% មានអារម្មណ៍វិជ្ជមានចំពោះរឿងសេដ្ឋកិច្ច។
លោកបណ្ឌិត William Spriggs សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Howard គិតថា វាជាការលឿនពេកក្នុងការអបអរចំពោះភាពប្រសើរនៃសេដ្ឋកិច្ចនេះ ហើយលោកបារម្ភថាអាចមានព្យុះសេដ្ឋកិច្ចជាច្រើនទៀតកំពុងតែរំកិលខ្លួនមកជិត។ លោកជំរុញឱ្យសភាអាមេរិក ផ្តល់ជំនួយថ្មីៗទៀត ក្រៅពីកញ្ចប់ជំនួយបច្ចុប្បន្ន ដែលនឹងត្រូវអស់សុពលភាពនៅខែក្រោយនេះ។
លោកបណ្ឌិតថ្លែងក្នុងសម្តីដើមថា៖ «ដូច្នេះហើយ គឺវាមានសារៈសំខាន់ណាស់សំរាប់សភាអាមេរិក ក្នុងពេលនេះ ដើម្បីធានាដល់ពលរដ្ឋ ដោយទុកថវិកាដែលកំពុងជួយដល់ពួកគេក្នុងមួយសប្តាហ៍៦០០ដុល្លារនោះឱ្យនៅដដែល ដែលនេះជាប្រាក់ធានារ៉ាប់រងក្នុងពេលពលរដ្ឋអត់ការងារធ្វើ។ វាមានសារៈសំខាន់ណាស់។ នៅសល់តែមួយខែទៀត ប្រាក់ជំនួយនោះនឹងអស់ហើយ ហើយឱកាសរកការងារធ្វើក៏មិនមានច្រើនផងដែរ។
ពលរដ្ឋអាមេរិកខ្លះដែលបាត់បង់ការងារធ្វើនោះ ពេលនេះបានត្រឡប់ទៅធ្វើការវិញហើយ ប៉ុន្តែពលរដ្ឋប្រមាណជាង១ភាគ៣ ដែលបាត់បង់ចំណូលខ្លះក្នុងគ្រួសារ បានប្រាប់អ្នកស្ទង់មតិថា ពួកគេមិនរំពឹងថាការងារដែលពួកគេធ្លាប់ធ្វើពីមុននោះ នឹងមានឡើងវិញនោះទេ។
លោក Peter Morici ថ្លែងបន្តក្នុងសម្តីដើមថា៖ «នៅក្នុងរបាយការណ៍ការងារក្នុងខែឧសភា មានពលរដ្ឋ៣សែននាក់បន្ថែមទៀត ត្រូវបានគេបញ្ឈប់ពីការងារជាស្ថាពរ។ ទោះបីជាយើងមានការងារថ្មីចំនួន២លាន៥សែនក៏ដោយ ក៏ប៉ុន្តែភាគច្រើនអ្នកទាំងនោះត្រូវបានគេកាត់បន្ថយពីការងារជាបណ្តោះអាសន្នតែប៉ុណ្ណោះ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងពាណិជ្ជកម្មអាមេរិករាយការណ៍ថា សេដ្ឋកិច្ចអាមេរិក បានចុះថយក្នុងអត្រា៥% ក្នុងត្រីមាសទី១។ ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានលោក Larry Kudlow និយាយថា អាមេរិកមិនមានផែនការណាមួយក្នុងការបិទសេដ្ឋកិច្ចជាថ្មីនោះទេ បើទោះបីជាមានករណីនៃការឆ្លងជំងឺកូវីដកើនឡើងជាច្រើនទៀត នៅតាមបណ្តារដ្ឋមួយចំនួនក៍ដោយ។
លោក Larry Kudlow ថ្លែងក្នុងសម្តីដើមថា «យើងនឹងឃើញមានការកើនការឆ្លងខ្លាំងនៅកន្លែងខ្លះ។ ច្បាស់ហើយ។ យើងកំពុងតែជួបរឿងហ្នឹងក្នុងរដ្ឋតិចសាស និងផ្នែកខ្លះក្នុងរដ្ឋភាគត្បូង ដូចជារដ្ឋ Carolinas និងរដ្ឋ Arizona ជាដើម។ យើងត្រូវតែរស់នៅជាមួយស្ថានភាពបែបហ្នឹងហើយ។
លោកគិតថា រឿងទាំងនេះអាចគ្រប់គ្រងបាន៕
ប្រែសម្រួលដោយ ជ្រា វណ្ណារិទ្ធ