ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ទី ៤ របស់​អាមេរិក​ចាប់ផ្ដើម​សាកល្បង​វ៉ាក់សាំង​កូវីដ១៩ របស់​ខ្លួន​ដំណាក់កាល​ចុងក្រោយ


រូបឯកសារ៖ អ្នកពិសោធន៍វេជ្ជសាស្ត្រម្នាក់កំពុងធ្វើការពិសោធន៍លើវីរុសកូរ៉ូណា នៅទីស្នាក់ការឱសថសាស្ត្ររបស់ក្រុមហ៊ុន Johnson & Johnson ប្រចាំទីក្រុង Beerse ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០។

ក្រុមហ៊ុន​ឱសថ​អាមេរិក Johnson & Johnson បាន​ចាប់ផ្តើម​ការ​សាកល្បង​វ៉ាក់សាំង​កូវីដ១៩ ​របស់​ខ្លួន​លើ​មនុស្ស ​ក្នុង​ដំណាក់កាល​ចុងក្រោយ​ នៅ​សហរដ្ឋ​អាមេរិក។

លោក​វេជ្ជបណ្ឌិត Paul Stoffels ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​នៃ​ក្រុមហ៊ុន​ឱសថ​នេះ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ​ថា អ្នក​ស្ម័គ្រចិត្ត ៦០.០០០ នាក់ បាន​ចាប់​ផ្តើម​ទទួល​ការ​ចាក់​វ៉ាក់សាំង​សាកល្បង​នៅ​តាម​ទី​តាំង ២១៥ កន្លែង​ នៅ​សហរដ្ឋ​អាមេរិក ក៏​ដូចជា​នៅ​ប្រទេស​អាហ្សង់ទីន ប្រេស៊ីល ឈីលី កូឡុំប៊ី ម៉ិកស៊ិក ប៉េរូ និង​អាហ្វ្រិក​ខាង​ត្បូង​ផងដែរ។

ក្រុមហ៊ុន​នេះ​ថា កន្លង​មក​ខ្លួន​បាន​លទ្ធផល​ល្អ​ពី​ការ​ធ្វើ​តេស្ត​វ៉ាក់សាំង​នេះ​ក្នុង​ដំណាក់កាល​ទី ១ និង​ទី ២ នៅ​សហរដ្ឋ​អាមេរិក និង​ប៊ែលហ្សិក។

នៅ​ពេល​នេះ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Johnson & Johnson បាន​ក្លាយជា​វ៉ាក់សាំង​កូវីដ១៩ សាកល្បង​ទី ៤ នៅសហរដ្ឋអាមេរិក​ដែល​បាន​ឈាន​ដល់​ដំណាក់កាល​សាកល្បង​ទី ៣ បន្ទាប់ពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna ក្រុមហ៊ុន AstraZeneca និង​ក្រុមហ៊ុន Pfizer ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឹម៉ង់ BioNTech។

ប៉ុន្តែ​វ៉ាក់សាំង​របស់ Johnson & Johnson ដែល​តម្រូវ​ឲ្យ​ចាក់​តែ​មួយ​ដូស​នេះ អាច​មាន​ប្រៀប​ជាង​វ៉ាក់សាំង​សាកល្បង ៣ ទៀត ដែល​ត្រូវការ​ចាក់​ពីរ​ដូស។

វ៉ាក់សាំង​សាកល្បង​ទាំង ៤ នេះ​ត្រូវ​បាន​ស្រាវជ្រាវ​បង្កើត​ក្រោម​កម្មវិធីបង្កើត​វ៉ាក់សាំង​កូវីដ១៩ របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump ឈ្មោះ Operation Warp Speed ដែល​មាន​គោលដៅ​ផលិត​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព​ឲ្យ​បាន ៣០០ លាន​ដូស​ត្រឹមខែ​មករា​ឆ្នាំ ២០២១៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG