លោករដ្ឋមន្ត្រីការបរទេសសរអា John Kerry ថ្លែងថា សរអា «មិនបង់ប្រាក់លោះទេ» នៅពេលដែលមានការរិះគន់រដ្ឋបាលលោក អូបាម៉ា ចំពោះការបង់ប្រាក់សុទ្ធចំនួន ៤រយលានដុល្លារ ឲ្យប្រទេសអ៊ីរ៉ង់ នៅចំថ្ងៃដែលរដ្ឋាភិបាលក្រុងតេហេរ៉ង់ ដោះលែងចំណាប់ខ្មាំងអាមេរិកាំង៤នាក់។
ក្រុមមន្ត្រីសរអា បាននិយាយថា ការដឹករូបិយបណ្ណ័បរទេស ចំនួន ៤រយលានដុល្លារ តាមយន្តហោះទៅឲ្យប្រទេសអ៊ីរ៉ង់ កាលពីខែមករានោះ គឺជាមួយផ្នែកដើម្បីទូទាត់ជម្លោះអស់ពេលមួយទសវត្សរ៍ លើកិច្ចព្រមព្រៀងអាវុធមួយដែលមិនបានសម្រេច។ ប៉ុន្តែក្រុមអ្នករិះគន់ ជាពិសេសអ្នកដែលប្រឆាំងនឹងកិច្ចព្រមព្រៀងបរមាណូរបស់អ៊ីរ៉ង់ បានហៅថាជាការប្រាក់លោះទៅវិញ។
សមាជិកព្រឹទ្ធសភារដ្ឋ Florida លោក Marco Rubio បានសរសេរនៅក្នុងបណ្តាញសង្គម Twitter ថា រឿងនេះពិបាកជឿណាស់។
លោក Ed Royce ប្រធានគណកម្មាធិការសភាតំណាងរាស្ត្រសរអា ទទួលបន្ទុកកិច្ចការបរទេស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «ការបង់ប្រាក់លោះ ធ្វើឲ្យជីវិតអាមេរិកាំង កាន់តែមានគ្រោះថ្នាក់ថែមទៀត តែប៉ុណ្ណោះ។ យើងដឹងហើយថាកិច្ចព្រមព្រៀងបរមាណូអ៊ីរ៉ង់ ជាកំហុសប្រវត្តិសាស្ត្រមួយ»៕