ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​មើល​ឃើញ​​ការ​ជឿនលឿន​​គួរ​ឲ្យ​កត់​សម្គាល់លើ​សន្តិសុខ​បរមាណូ


លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់​ អូបាម៉ា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ពិធី​បិទ​កិច្ច​ប្រជុំកំពូល​ស្តី​ពី​សន្តិ​សុខ​អាវុធ​បរមាណូ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃទី១ ខែ​មេសា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់​ អូបាម៉ា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ពិធី​បិទ​កិច្ច​ប្រជុំកំពូល​ស្តី​ពី​សន្តិ​សុខ​អាវុធ​បរមាណូ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃទី១ ខែ​មេសា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​សរសើរ​ដល់​ «ការជឿន​លឿន​ច្រើន​ក្រាស់​ក្រែល»​ ដែល​ប្រទេស​ជាតិ​នានា​ក្នុង​ពិភព​លោក​សម្រេច​បាន​អំពី​សន្តិសុខ​បរមាណូ​ ហើយ​លោក​បាន​សន្យា​ថា​ ស.រ.អា.​ នឹង​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ទាំង​អស់​ដើម្បី​កាត់​បន្ថយ​ឃ្លាំង​សារធាតុ​បរមាណូ​ និង​ធ្វើ​ឱ្យ​វា​មានសុ​វត្ថិភាព​ផងដែរ។​

ថ្លែង​ទៅ​កាន់​មេដឹក​នាំ​ពិភពលោក​ជាង​៥០នាក់​ដែល​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​សន្តិសុខ​បរមាណូ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោកអូបាម៉ា​បាន​មានប្រសាសន៍​ថា​ ប្រទេស​ជាតិ​ជាង​១២​ បាន​បោះ​បង់​ចោល​សារធាតុ​អ៊ុយរ៉ាញ៉ូម (Uranium) និង​ ព្លុយទោញ៉ូម​ (Plutonium) សម្រិត​សម្រាំង​របស់​ពួក​គេ​ទាំង​អស់។​ អ៊ុយរ៉ាញ៉ូម និង​ព្លុយទោញ៉ូម ជាសារធាតុ​វិទ្យុសកម្ម​ដែល​គេ​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​ផលិត​គ្រាប់​បែក​បរមាណូ។​

នៅ​ក្នុង​រយៈពេល​៦​ឆ្នាំ​នៃ​ការ​ប្រជុំ​អន្តរជាតិ​អំពី​សន្តិសុខ​បរមាណូ​ ដោយ​មាន​រួម​បញ្ចូល​សន្និសីទ​កំពូល​បួន​ដែល​លោក​បាន​ផ្តើម​គំនិត​ផងដែរ​នោះ​ លោក​ប្រធានាធិបតី​អាមេរិក​ បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ឱប​ក្រសោប​របៀប​គិត​ថ្មី​មួយ​ និង​សកម្មភាព​បែប​ថ្មី​មួយ​ផងដែរ»។

លោក​ អូបាម៉ា ​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​មេដឹកនាំ​ទាំង​នេះ​ នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​សន្និសីទ​កំពូល​នេះ​ ដែល​បាន​ត្រូវ​ផ្សាយ​នៅ​ទូទាំង​ពិភពលោក​ថា៖ «នេះ​ជា​ឧទាហរណ៍​ត្រឹមត្រូវ​មួយ​នៃ​ឧបសគ្គ​ខាង​សន្តិសុខ​មួយ​ក្នុង​សតវត្សរ៍​ទី​២១​ ដែល​គ្មាន​ប្រទេស​ជាតិ​ណា​មួយ​អាច​ដោះស្រាយ​រួច​តែ​ឯក​ឯង​ទេ។ ​វា​តម្រូវ​ឱ្យ​មាន​ក្រុម​ចម្រុះ​ និង​ការ​សម្រប​សម្រួល​ប្រកប​ដោយ​ចីរភាព​ឆ្លង​កាត់​ព្រំដែន​និង​ស្ថាប័ន។​ ហើយ​ដំណឹង​ល្អ​គឺ​ថា​ យើង​បាន​ធ្វើ​ឱ្យ​មាន​ការ​ជឿន​លឿន​ច្រើន​ក្រាស់​ក្រែល​ហើយ»។

លោក​ អូបាម៉ា​ ក៏​បាន​ចូលរួមការប្រជុំ​តូច​មួយ​នៃ​ប្រទេស​ជាតិ​ដែល​មាន​ទាក់​ទិន​ជិត​ដិត​បំផុត​ជាមួយ​កិច្ចព្រមព្រៀង​បរមាណូ​កាល​ពី​ឆ្នាំ​ទៅមិញ​ជាមួយ​ប្រទេស​អ៊ីរ៉ង់។​ លោក​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​ដែល​លោក​ហៅ​ថា​ក្រុម​ P5+1 ​ថា​ កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​អ៊ីរ៉ង់​បាន​សម្រេចជោគជ័យ​ច្រើន​ក្រាស់​ក្រែល ​ហើយ​កិច្ច​ព្រមព្រៀង​នេះ​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​លើ​គ្រោះ​ថ្នាក់នៃ​ការ​រីក​សាយ​បរមាណូ​ក្នុង​វិធី​ពិត​ប្រាកដ​មួយ»។

លោក​ អូបាម៉ា​ បាន​គូស​បញ្ជាក់​ថា​ ទោះជា​យ៉ាង​ណាក៏​ដោយ​ក៏​ ការ​អនុវត្ត​ពេញ​លេញ​និងការងារ​បន្ត​លើ​កិច្ច​ព្រមព្រៀង​បរមាណូ​អ៊ីរ៉ង់​នឹង​ស្ថិត​លើ​កម្រិត​កិច្ច​សហប្រតិបត្តិការ​ដូចគ្នា​ពី​សហគមន៍​អន្តរជាតិ៕

XS
SM
MD
LG