ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ពន្យារពេល​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​កម្មវិធី​មីស៊ីល​របស់​អ៊ីរ៉ង់


លោក Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់​ថ្លែង​នៅ​ក្នុង​ក្រុង​តេហេរ៉ង់​ បន្ទាប់​ពី​ត្រឡប់​ពី​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។
លោក Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់​ថ្លែង​នៅ​ក្នុង​ក្រុង​តេហេរ៉ង់​ បន្ទាប់​ពី​ត្រឡប់​ពី​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។

បើ​តាម​របាយការណ៍​មួយ​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ស.រ.អា.ថា​ សេតវិមាន​បាន​ពន្យារ​ពេល​ផែនការ​ដាក់​កំហិត​ការ​ដាក់​ទណ្ឌកម្ម​ដោយ​យក​កម្មវិធី​កាំជ្រួច​ផ្លោង​របស់​ប្រទេស​អ៊ីរ៉ង់​ជា​ទី​ដៅ។​

កាលពី​ពេល​មុន​នេះ​ក្នុង​សប្តាហ៍​នេះ​ ក្រុម​មន្ត្រី​ស.រ.អា.​បាន​គ្រោង​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មនុស្ស និង​ក្រុមហ៊ុន​១២​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ក្រុង​ហុងកុង និង​ប្រទេស​អាមីរ៉ាត​អារ៉ាប់​រួម។​

ក៏​ប៉ុន្តែ​កាសែត The Wall Street Journal បាន​រាយការណ៍​កាល​ពី​យប់ថ្ងៃ​ព្រហស្បតិ៍​ថា សេចក្តី​សម្រេច​នេះ​បាន​ត្រូវ​ពន្យារ​ពេល។ ​បើ​តាម​ក្រុម​មន្ត្រី​ទាំង​នេះ​ថា ការ​ដាក់​ទណ្ឌកម្ម «នៅ​តែ​ឋិត​នៅ​លើ​តុ»​ ក៏​ប៉ុន្តែ​កាសែត​នេះ​បាន​និយាយ​ថា​ នៅ​ពេល​នេះ​គេ​ដឹង​មិន​ច្បាស់លាស់​ទេ​ថា​តើ​នឹង​មាន​ការ​ដាក់​ទណ្ឌកម្ម​នៅ​ពេល​ណា​ ឬ​មួយ​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​នឹង​មាន​ទៅ​មុខ​ ឬ​បែប​ណា​ឡើយ។

ក្រុម​មន្ត្រី​ទាំង​នេះ​ក៏បាន​គូស​បញ្ជាក់​ដែរ​ថា ​ការ​ដាក់​កំហិត​ការ​ពិន័យ​ខាង​ហិរញ្ញវត្ថុ​បែប​នេះ​នឹង​មិន​រំលោភ​លើ​កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​សម្រេច​នៅ​ឆ្នាំ​នេះ​ ដើម្បី​កាត់​បន្ថយ​កម្មវិធី​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់​ទេ។ រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​មិន​យល់ស្រប​ជាមួយ​ទេ​ដោយ​បាន​និយាយ​ថា​ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​អាច​ទុក​ជា​មោឃៈ​កិច្ចព្រមព្រៀង​បរមាណូ​នេះ៕

XS
SM
MD
LG