ប្រទេសអ៊ីរ៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងឆ្លើយតបទៅនឹងវិធានការ «អន្តរាគមន៍និយម» ណាមួយរបស់អាមេរិក ក្រោយពីមន្ត្រីអាមេរិកនិយាយថា ក្រសួងរតនាគាររបស់ខ្លួនកំពុងត្រៀមដាក់ទណ្ឌកម្មថ្មីៗទៀត ទាក់ទងនឹងកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Hossein Jaber Ansari បានហៅផែនការដាក់ទណ្ឌកម្មថ្មីនេះថា ធ្វើឡើងដោយ «អត្តនោម័ត តាមទំនើងចិត្ត និងខុសច្បាប់»។
កាសែត The Wall Street Journal ដែលបានរាយការណ៍អំពីផែនការថ្មីនេះ មុនគេ បានឲ្យដឹងថា ការដាក់ទណ្ឌកម្មថ្មីៗនេះទំនងជាត្រូវគេប្រកាសជាផ្លូវការនៅក្នុងសប្តាហ៍នេះ ហើយនឹងរួមបញ្ចូលបុគ្គល និងក្រុមហ៊ុនចំនួន១២នៅក្នុងប្រទេសអ៊ីរ៉ង់ ទីក្រុងហុងកុង និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ទណ្ឌកម្មថ្មីនេះនឹងអំពាវនាវឲ្យធនាគារអាមេរិកទាំងអស់ បង្កកទ្រព្យសម្បត្តិបុគ្គលដែលមានឈ្មោះនៅក្នុងបញ្ជីថ្មីនោះ ហើយបានហាមឃាត់បុគ្គល និងក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិកមិនឲ្យរកស៊ីជាមួយ បុគ្គល និងក្រុមហ៊ុនដែលមានឈ្មោះនៅក្នុងបញ្ជីនោះឡើយ។
ប្រទេសអ៊ីរ៉ង់ បានបាញ់សាកល្បងគ្រាប់មីស៊ីលជាច្រើននៅក្នុងខែតុលា និងវិច្ឆិកា។ សហរដ្ឋអាមេរិក និងប្រទេសបារាំង និយាយថា ការបាញ់មីស៊ីល កាលពីខែតុលា បានរំលោភសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិមួយ ដែលបានហាមប្រទេសអ៊ីរ៉ង់មិនឲ្យអភិវឌ្ឍមីស៊ីលផ្លោង។
ប្រទេសអ៊ីរ៉ង់ បានជំទាស់ទៅនឹងការចោទនោះ ដោយនិយាយថា ទណ្ឌកម្មទាំងនោះគឺអនុវត្តចំពោះតែមីស៊ីល ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូប៉ុណ្ណោះ។ ប្រទេសអ៊ីរ៉ង់ និយាយថា មីស៊ីលរបស់ខ្លួន មិនមានសមត្ថភាពដល់ធ្លាក់នោះទេ។
ប៉ុន្តែ អ្នកជំនាញការអាមេរិក និយាយថា គោលបំណងនៃការអភិវឌ្ឍមីស៊ីលរបស់អ៊ីរ៉ង់នោះ គឺមានតែមួយគត់។ នោះគឺបំពាក់ក្បាលគ្រាប់បរមាណូ៕