កាលពីថ្ងៃអង្គារ ស.រ.អាបាននិយាយថា ខ្លួនបានពន្យាពេលលើកទៅថ្ងៃក្រោយការដកពន្ធគយថ្មីចំនួន ១០ភាគរយលើផលិតកម្មចិនសំខាន់ៗខ្លះដឹកជញ្ជូនចូលក្នុងស.រ.អ.ដែលប្រធានាធិបតី Donald Trump បានកំណត់ថា នឹងដាក់កំហិតនៅថ្ងៃទី១ ខែកញ្ញា។
ការិយាល័យនៃអ្នកតំណាងពាណិជ្ជកម្មស.រ.អាបាននិយាយថាការដកពន្ធលើកុំព្យូទ័រយួរដៃ និងអេក្រង់កុំព្យូទ័រ ទូរសព្ទដៃ ប្រដាប់លេងហ្គេមវីដេអូ ល្បែងក្មេងលេងខ្លះៗ ស្បែកជើង និងសម្លៀកបំពាក់អាចត្រូវពន្យាពេលលើកទៅដល់ថ្ងៃទី ១៥ខែធ្នូ។
ការពន្យាពេលការដកពន្ធគយទាំងនេះអាចជាការបន្ថយសោហ៊ុយដល់ក្រុមអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគស.រ.អា ដែលជាញឹកញយបានផ្តល់វត្ថុបែបទាំងនេះឱ្យដល់សមាជិកគ្រួសារនិងមិត្តភក្តិនៅក្នុងរដូវបុណ្យទាន។
លោក Trump បាននិយាយថា «អ្វីដែលយើងបានធ្វើគឺយើងពន្យាពេលការដកពន្ធដារទាំងនេះដើម្បីកុំឱ្យវាទាក់ទិនជាមួយរដូវទិញកាដូសម្រាប់ពីធីបុណ្យណូអែល។ការដកពន្ធលើទំនិញទាំងនេះអាចមានផលប៉ះពាល់ដល់ប្រជារាស្ត្រ»។
បន្ថែមលើនេះ ស.រ.អាបាននិយាយថា ខ្លួនមិនដកពន្ធលើទំនិញចិនមួយចំនួនទៀតដែលត្រូវដឹកចូលមកលក់ក្នុងប្រទេសអាមេរិក «ដោយផ្អែកលើសុខភាព សុវត្ថិភាព សន្តិសុខជាតិ និងកត្តាឯទៀតៗផងដែរ»។
ការិយាល័យពាណិជ្ជកម្មស.រ.អាបាននិយាយថា ការដកពន្ធដារថ្មីៗនឹងនៅតែដាក់លើទំនិញចិនឯទៀតៗមួយចំនួនធំហើយបញ្ជីនៃផលិតកម្ម ដែលមានផលប៉ះពាល់នឹងត្រូវប្រកាសឱ្យដឹងក្នុងពេលឆាប់ៗនេះ៕