លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កំពុងការពារបទបញ្ជានីតិប្រតិបត្តិ (executive order) ដែលលោកបានចេញកាលពីសប្តាហ៍មុន ហើយដែលការពារជនអន្តោប្រវេសន៍មិនមានក្រដាសស្នាមរាប់លាននាក់ពីការត្រូវចាប់បញ្ជូនចេញពីសហរដ្ឋអាមេរិក។ ក្រុមអ្នកតាក់តែងច្បាប់ពីគណបក្សសាធារណរដ្ឋបានសម្តែងការមិនពេញចិត្តចំពោះវិធានការនេះ ក៏ប៉ុន្តែមិនទាន់បានបញ្ជាក់ពីចំណាត់ការអ្វីដើម្បីឆ្លើយតបនឹងបទបញ្ជានេះទេ។
នៅរយៈពេលបីថ្ងៃក្រោយពីលោកប្រធានាធិបតីអូបាម៉ាបានធ្វើសេចក្តីប្រកាសជាប្រវត្តិសាស្ត្រដែលនឹងជួយកំណត់អាណត្តិរបស់លោក ដែលមានខ្លឹមសារយ៉ាងដូច្នេះ៖
«យើងនឹងចាត់វិធានការជាជំហានៗដើម្បីដោះស្រាយដោយមានការទទួលខុសត្រូវចំពោះបញ្ហាជនអន្តោប្រវេសន៍មិនមានក្រដាសស្នាមរាប់លាននាក់ ដែលកំពុងរស់នៅក្នុងទឹកដីយើងរួចទៅហើយនោះ។»
លោកប្រធានាធិបតីអូបាម៉ាបានបង្ហាញមុខជាថ្មីម្តងទៀតតាមកញ្ចក់ទូរទស្សន៍អាមេរិក ដោយមានជំហររឹងមាំប្តេជ្ញាចិត្តអំពីភាពចាំបាច់នៃបទបញ្ជានីតិប្រតិបត្តិកាលពីសប្តាហ៍មុន ខណៈដែលស្ថាប័នសភារបស់អាមេរិកនៅទ្រឹងមិនចាត់វិធានការអ្វីចំពោះកំណែទម្រង់អន្តោប្រវេសន៍។
«អ្នកណាក៏ដឹងដែរ រួមទាំងក្រុមគណបក្សសាធារណរដ្ឋផងដែរ ថាយើងនឹងមិនធ្វើមាតុភូមិនិវត្តិន៍មនុស្ស១១លានអ្នកនោះទេ។»
អ្នកតាក់តែងច្បាប់ពីគណបក្សសាធារណរដ្ឋដូចជាសមាជិកព្រឹទ្ធសភាលោក Ted Cruz បានរួបរួមគ្នាប្រឆាំងនឹងវិធានការរបស់លោកអូបាម៉ាដែលមិនសុំការអនុញ្ញាតពីស្ថាប័នសភាអាមេរិក។
«លោកប្រធានាធិបតីកំពុងប្រឆាំងនឹងរដ្ឋធម្មនុញ្ញហើយ។ លោកកំពុងប្រឆាំងនឹងច្បាប់សហព័ន្ធហើយ ហើយលោកកំពុងប្រឆាំងនឹងប្រជាពលរដ្ឋអាមេរិកហើយ។»
លោក Ted Cruz ថ្លែងថាព្រឹទ្ធសភាគួរចៀសវាងមិនយល់ព្រមចំពោះបេក្ខជនណាទាំងអស់ដែលលោកអូបាម៉ាតែងតាំង នៅក្រោយពេលដែលក្រុមគណបក្សសាធារណរដ្ឋចូលកាន់កាប់ទាំងរដ្ឋសភានិងព្រឹទ្ធសភានៅខែមករាខាងមុខ។
ប៉ុន្តែក្រុមសាធារណរដ្ឋមិនទាន់ឯកភាពគ្នាចំពោះវិធានការជាក់លាក់ណាមួយនៅឡើយ។ នៅក្នុងការឆ្លើយតបរបស់ពួកគេចំពោះការថ្លែងប្រចាំសប្តាហ៍របស់លោកអូបាម៉ាកាលពីថ្ងៃសៅរ៍ ក្រុមសាធារណរដ្ឋមិនទាំងបានលើកឡើងអ្វីទាំងអស់អំពីរឿងអន្តោប្រវេសន៍ ដោយពួកគេផ្តោតលើបញ្ហាសេដ្ឋកិច្ចទៅវិញ។
លោកអូបាម៉ាមិនគ្រាន់តែទទួលរងនូវប្រតិកម្មប្រឆាំងពីក្រុមសាធារណរដ្ឋប៉ុណ្ណោះទេចំពោះចំណាក់ការដោយខ្លួនឯងរបស់លោក លោកប្រធានាធិបតីក៏ទទួលការរិះគន់ពីជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមខ្លះដែលមិនត្រូវបានការពារដោយបទបញ្ជាលោក ហើយដែលពួកគេនៅតែរងការចាប់បញ្ជូនចេញពីអាមេរិក។
ថ្វីបើជនអន្តោប្រវេសន៍ដែលមិនមានក្រដាសស្នាមរាប់លាននាក់អាចទទួលផលប្រយោជន៍ពីបទបញ្ជានីតិប្រតិបត្តិនេះ គេមិនទាន់ដឹងច្បាស់ថានឹងមានជនអន្តោប្រវេសន៍ប៉ុន្មាននាក់នឹងចេញមកបង្ហាញខ្លួនហើយគោរពតាមបទបញ្ញត្តិនេះដែលអនុញ្ញាតឲ្យមានការលើកលែងជាបណ្តោះអាសន្នមិនមានការគំរាមចាប់បញ្ជូនចេញ៕
ប្រែសម្រួលដោយ សឹង សុផាត