ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ថ្មី​​ផ្លាស់ប្តូរ​ក្រុម​ប្រឹក្សាភិបាល​ការពារ​ជាតិ​​និង​បណ្តេញ​អ្នក​ស្មោះត្រង់​នឹង​លោក​ ត្រាំ


រូបឯកសារ៖ លោក Lloyd Austin រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ ក្នុងធ្វើទស្សនកិច្ចសំណេះសំណាលជាមួយកងឆ្មាំការពារជាតិ នៅវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin ​បាន​បញ្ជា​ឲ្យ​សមាជិក​ក្រុមប្រឹក្សាភិបាល​ផ្តល់​យោបល់​រាប់រយ​នាក់​នៃ​មន្ទីរ​បញ្ចកោណ​ ឬ​ Pentagon​ ត្រូវ​លាឈប់​ពី​ការងារ​នៅ​ក្នុង​ខែ​នេះ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការត្រួត​ពិនិត្យ​ឡើង​វិញ​ក្នុងទ្រង់ទ្រាយ​ធំ​របស់​ក្រុមប្រឹក្សា​ផ្តល់​យោបល់មួយ​នេះ​ ជាពិសសដើម្បី​ដក​ចេញនូវមន្ត្រី​មួយ​ចំនួន​ ដែល​ត្រូវ​បាន​តែងតាំងក្នុង​រយៈពេល​ចុង​ក្រោយ​បំផុត​ មុន​ពេល​លោក ​ត្រាំ​ ចាក​ចេញ​ពី​តំណែង។

នៅ​ក្នុង​រយៈ​ពេល ២​ ខែ​ចុង​ក្រោយ​ នៃ​ការកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្តីទី​លោក Christopher Miller ​បានបញ្ឈប់​មន្ត្រី​មួយ​ចំនួន​ ដែល​បាន​បម្រើ​ការងារ​យូរ​ហើយ​ នៅ​ក្នុង​ការិយាល័យគោល​នយោបាយ​ការពារ​ជាតិ​ជាច្រើន ​ដូច​ជា​ក្រុម​ប្រឹក្សា​ផ្នែកសុខភាព​វិទ្យាសាស្រ្ត​និង​ជំនួញ​ជា​ច្រើននាក់​ ហើយ​ដាក់​ជំនួស​មកវិញ ដោយមន្ត្រី​ដែល​ស្មោះ​ត្រង់​នឹង​អតីត​ប្រធានាធិបតី​Donald Trump។

មន្ត្រី​ជាង​ ៣០ ​រូប ដែល​ត្រូវ​បាន​តែង​តាំង​នៅ​ពេល​នោះ ​កំពុង​ត្រូវ​បាន​បង្ខំឲ្យ​លាលែង​ចេញ​ពី​តំណែង​ក្នុង​ពេល​នេះ ​ដែល​ក្នុង​នោះ​រួម​មាន​ផង​ដែរ​អតីត​ប្រធាន​រដ្ឋសភា​លោក Newt Gingrich ​ឧត្តមសេនីយ​ត្រី​ចូល​និវត្តន៍ Anthony Tata និង​អតីតអ្នកគ្រប់គ្រង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ត្រាំ​លោក Corey Lewandowski​ ជាដើម។

ជាសរុប​ គឺ​មាន​សមាជិក​ជាង ​៦០០ នាក់​ដែល​បម្រើ​ការងារនៅ​គណៈក្រុមប្រឹក្សា​ចំនួន ៤២។ មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ថា ​ពួកគេ​មិន​ដឹង​ថា​មាន​សមាជិក​ប៉ុន្មាន​នាក់​ត្រូវ​បាន​ស្នើ​ឲ្យ​លាលែង​ទេ​ ក៏​ប៉ុន្តែ​យ៉ាងណាស់​ក៏​ជាច្រើន​រយ​នាក់​ដែរ៕

XS
SM
MD
LG