រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានធ្វើទស្សនកិច្ចនៅកន្លែងតាំងលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់ ហើយនេះជាទស្សនកិច្ចលើកដំបូងដោយមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកបានប្រកាសគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីបញ្ឈប់ចលនាដឹកនាំដោយប៉ាឡេស្ទីន ដែលធ្វើពហិការប្រឆាំងអ៊ីស្រាអែលជាអន្តរជាតិ។
មន្ត្រីក្រសួងការបរទេសម្នាក់បានប្រាប់អ្នកយកព័ត៌មាន ដែលមិនត្រូវបានអនុញ្ញាតឱ្យអមដំណើរលោក Pompeo ថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកនេះបានទៅកន្លែងផលិតស្រា Psagotនៅខាងក្រៅក្រុងហ្ស៊េរុយសាឡិម (Jerusalem)។
លោក Pompeo ក៏បាននិយាយផងដែរថា លោកនឹងធ្វើដំណើរទៅកាន់តំបន់ Golan Heights ជាតំបន់ដែលអ៊ីស្រាអែលកាន់កាប់ ដោយដណ្តើមពីប្រទេសស៊ីរីក្នុងសង្គ្រាមឆ្នាំ ១៩៦៧។
លោក Pompeo បាននិយាយថា៖ «ការទទួលស្គាល់យ៉ាងសាមញ្ញថា តំបន់នេះជាផ្នែកមួយរបស់អ៊ីស្រាអែលផងដែរនោះ គឺជាការសម្រេចចិត្តមួយដែលលោកប្រធានាធិបតី Trump បានធ្វើហើយដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងគ្រាន់ជាការទទួលស្គាល់ការណ៍ពិត»។
អ៊ីស្រាអែលបានសាងសង់កន្លែងតាំងទីលំនៅជាច្រើននៅតំបន់ West Ban kជាទឹកដីដែលប្រជាជនប៉ាឡេស្ទីនចង់បានជាផុ្នែកនៃរដ្ឋរបស់ពួកគេនាពេលអនាគត។ សហគមន៍អន្តរជាតិភាគច្រើនចាត់ទុកការតាំងទីលំនៅទាំងនោះជាការរំលោភច្បាប់អន្តរជាតិ និងជាឧបសគ្គក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយប៉ាឡេស្ទីន។
ការបញ្ចូលតំបន់ Golan Heights ជាដែនដីរបស់អ៊ីស្រាអែល ក៏មិនទាន់ត្រូវបានទទួលស្គាល់ជាអន្តរជាតិដែរ។ លោក Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើទឹកដីនេះ កាលពីឆ្នាំមុន៕