ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​តំបន់​មជ្ឈឹម​បូព៌ា​ព្យាករណ៍​ថា ​លោក​ Biden​ បន្ត​គោល​នយោបាយ​របស់​លោក Trump


លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោត ញញឹមពេលលោកស្តាប់សំណួររបស់អ្នកសារព័ត៌មាន នៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមអ្នក​វិភាគ​រំពឹង​ថា​ ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ​Joe Biden ​នឹង​ប្រកាន់​ជំហរ​កាន់តែ​តឹងរ៉ឹង​ឡើង​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​ ជាពិសេស​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា ​ដោយ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការលក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​អារ៉ាប់​ប៊ី សាអូឌីត ​និង​ការ​ខំប្រឹងប្រែង​កាន់តែ​ខ្លាំង​ឡើង​ ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​យ៉េម៉ែន។​

លោក ​Amer Al Sabaileh ​អ្នក​វិភាគ​នយោបាយ​ជនជាតិ​ហ្សកដានី​ និយាយ​ថា​ បញ្ហា​សំខាន់​សម្រាប់​តំបន់​មជ្ឈឹម​បូព៌ា​ គឺ​ដំណើរការ​នៃ​ការធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញ​ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​ចាប់​ផ្តើម​រវាង​អ៊ីស្រាអែល ​និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ​ហើយនិង​ប្រទេស​បារ៉ែន និង​ប្រទេស​ស៊ូដង់។

​ក៏ប៉ុន្តែ​ លោក​និយាយ​ទៀត​ថា ​លោក Biden​ នឹង​ធ្វើ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ​ដើម្បី​នាំ​ប៉ាឡេស្ទីន​មក​កាន់​មាគ៌ា​នេះ។

​លោក Amer Al Sabaileh បាន​ថ្លែង​ថា៖​ «ខ្ញុំ​មិន​គិត​ថា​ លោក​ប្រធានាធិបតី​ឥឡូវ​នះ​អាច​ប្រថុយ​បាត់បង់​អត្ថប្រយោជន៍​នៃការ​ឆ្លៀត​យក​ប្រយោជន៍​ពី​សមិទ្ធផល​នេះ​ទេ។​ លោក​នឹង​ព្យាយាម​ទាក់​ទង​ជាមួយ​ប៉ាឡេស្ទីន​កាន់តែ​ខ្លាំង​ឡើង​ ដោយ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​អ្វី​ដែល​ហៅ​ថា ​«កិច្ចព្រមព្រៀង​ប្រចាំ​សតវត្សរ៍» ​យ៉ាង​ហោច​ណាស់​ក្នុង​របៀប​មួយ​ដែល​ជឿ​ថា​ មាន​លក្ខណៈ​ការទូត​កាន់តែ​ខ្លាំង​ឡើង ​ក្នុងការ​នាំ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ខិត​រក​គ្នា។​

ការ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​ត្រូវ​បាន​ចាត់​ទុក​ថា ​សំអាង​លើ​ប្រទេស​អ៊ីស្រាអែល ​និង​ភាគីពាក់ព័ន្ធ​ក្នុង​ចំណោម​បណ្តា​រដ្ឋ​ នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក ​ទាក់​ទងនឹង​លទ្ធិ​យោធា​និយម​កាន់តែ​រីក​ធំឡើង​របស់​អ៊ីរ៉ង់ ​នៅ​ក្នុង​តំបន់។​

លោក​សាស្ត្រាចារ្យ David Romano ​នៃ​សាកល​វិទ្យាល័យ​រដ្ឋ Missouri​ ក៏​បាន​ប្រាប់​កាសែត Arab News ​នៅ​ក្នុង​ប្រទេស​អារ៉ាប់ ប៊ីសាអូឌីត​ដែរ​ថា៖ «អ៊ីរ៉ង់​ជា​បញ្ហា​គន្លឹះ​មួយ​ក្នុង​យល់​ដឹង​យ៉ាង​ច្រើន​នៃ​រស់ជាតិ​ដ៏ល្វីង​ជូរចត់​របស់​ពិភព​អារ៉ាប់​ បន្ទាប់​ពីរដ្ឋបាល​ប្រធានាធិបតី​ អូបាម៉ា»។​

បណ្តា​រដ្ឋ​ក្នុង​ឈូង​សមុទ្រ​ពែក ​មាន​ការ​ទោមនស្ស​ដែល​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូលរួម​ការ​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​នុយក្លែអ៊ែ ​ឆ្នាំ​ ២០១៥​ ដើម្បី​ទប់​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​ជិត​ខាង​ដ៏​គគ្លើន។ លោក​ប្រធានាធិបតី ​Trump​ បាន​ដក​សហរដ្ឋ​អាមេរិក​ចេញពី​កិច្ចព្រម​ព្រៀង​ពហុភាគី​នេះ​ នៅ​ឆ្នាំ​ ២០១៨​ ហើយ​បាន​ដាក់​ទណ្ឌកម្ម​តឹងរ៉ឹង​ជាបន្ត​បន្ទាប់​លើអ៊ីរ៉ង់។

​លោក Amer Al Sabaileh បាន​ថ្លែង​ទៀត​ថា៖​ «ដូច្នេះ​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​និង​អ៊ីស្រាអែល​ ត្រូវ​រួប​រួម​គ្នា ​ពីព្រោះ​ពួកគេ​មាន​សត្រូវ​ដ៏​សំខាន់​និង​រួម​គ្នា​មួយ​គឺ​អ៊ីរ៉ង់។​ លោក ​Biden​ អាច​គិត​ពី​ការ​ប្រើ​ប្រាស់​ស្ថានភាព​នៅ​ពេល​បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ដើម្បី​ទទួល​បាន​កេរ្តិ៍​ដំណែល​ខាង​ការទូត​កាន់តែ​ច្រើន ឡើង​អំពី​កិច្ចព្រមព្រៀង​នុយក្លែអ៊ែ​នេះ​ ក៏ប៉ុន្តែ​មិន​ចាំបាច់​ភ្លាមៗ​នោះទេ»។

លោក​ស្រី Ariane Tabatabai ​ជាអ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​ឯ​មូលនិធិ​ Marshall អាល្លឺម៉ង់​ បាន​ប្រាប់​កាសែត ​The National ​នៅក្រុងឌុយបៃ​ថា​ លោក​ Biden​ «នឹង​ស្វះស្វែង​ស្ថាបនា​ការ​មូលមតិ​អន្តរជាតិ​ឡើង​វិញ​ លើ​បញ្ហា​ប្រទេស​អ៊ីរ៉ង់ ​និង​ធ្វើ​ការ​ជាមួយ​សម្ព័ន្ធមិត្ត​សហ​រដ្ឋ​អាមេរិក»។​

ទោះ​ជាយ៉ាង​ណាក៏ដោយ​ លោក​ស្រី​បាន​និយាយ​ទៀត​ថា ​អ៊ីរ៉ង់​អាច​មិន​មាន​ឆន្ទៈ​ ដើម្បី​ដោះស្រាយឥរិយាបទ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ជាផ្នែក​មួយ​នៃ​កិច្ចព្រម​ព្រៀង​នុយក្លែអ៊ែរ​ទេ។

អ្នក​វិភាគ​ផ្សេង​ទៀត​មើលឃើញ​ថា ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត​ មិន​ចូលរួមនឹង​រដ្ឋ​អារ៉ាប់​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ ក្នុង​ការ​ទទួល​ស្គាល់​អ៊ីស្រាអែល​ទេ ​ដូច្នេះ​វា​ផ្តល់​អានុភាព​ខ្លះ​ជាមួយ​រដ្ឋបាល​ថ្មី​របស់​លោក ​Biden៕​

ប្រែសម្រួល​ដោយ ​ជឹង ប៉ូជីន

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG