ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សរអា​ស្វះស្វែងរក​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ចិន​នៅ​ពេល​ដែល​ខ្លួន​ជំរុញ​ការ​ទាក់ទិន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍


លោក​ ខឺត ខេមបល (Kurt ​Campbell) ​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សរអា ថ្លែងសុន្ទរកថា​នៅថ្ងៃ​អង្គារ​ទី៣១ ខែឧសភា​ឆ្នាំ២០១១​ ​នៅ​អង្គការ​ស្រាវជា្រវ​មួយ​មាន​ឈ្មោះ​ថា​​មជ្ឈមណ្ឌល​​ការសិក្សា​យុទ្ធសាស្រ្ត​និង​កិច្ចការ​អន្តរជាតិ​ដែលមាន​ទីតាំង​ក្នុង​រដ្ឋធានី​វ៉ា

មន្រ្តី​ជាន់ខ្ពស់​ម្នាក់​របស់​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​និយាយ​ថា​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ធ្វើឲ្យ​ទំនាក់​ទំនង​របស់​ខ្លួន​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ឡើង​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​ ការធ្វើ​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​គឺជា​គន្លឹះ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ។

លោក​ ខឺត ខេមបល(Kurt ​Campbell) ​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា​កិច្ចការ​ដ៏​សំខាន់​បំផុត​មួយ​នៃ​កិច្ចការ​សំខាន់​បំផុត​មួយ​ចំនួន​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ស្វះស្វែង​ធ្វើ​នៅ​ឆ្នាំ​នេះ​ទាំងនៅ​ក្នុង​វេទិកា​តំបន់​ អាស៊ាន​និង​សន្និសីទ​កំពូល​អាស៊ី​ខាងកើត​ គឺ​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក​មាន​ការតាំងចិត្ត​ឲ្យ​កាន់ស៊ី​ជម្រៅ​ឡើង​ដើម្បី​ធ្វើការ​ជាមួយ​ចិន។

«យើង​ចង់​បំបាត់​ការព្រួយ​កង្វល់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ថា​យើង​មើល​ឃើញ​តំបន់​នេះ​ថា​ជា​ទីកន្លែង​សម្រាប់​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ឡើង​ដែល​នឹង​ធ្វើ​ឲ្យមាន​អស្ថិរភាព​ឬ​មិន​ជួយ​ដល់​មិត្តភ័ក្រ​តំបន់​អាស៊ី​អាគ្នេយ៍។ ជា​ការណ៍​ពិត​ ក្នុង​ទំនាក់​ទំនង​ណាក៏ដោយ​ក៏មាន​កម្រិត​នៃ​ការប្រកួត​ប្រជែង​ដែរ​ ហើយ​មានការប្រកួត​ប្រជែង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ ក៏ប៉ុន្តែ​ យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ធ្វើការ​ជាមួយ​គ្នា​ក្នុង​លក្ខណៈ​ត្រឹមត្រូវ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍»។

ការពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ជា​ចំណុច​ផ្តោត​ការចាប់អារម្មណ៍​នៅក្នុង​សុន្ទរកថា​របស់​លោក ​ខេមបល​ដែល​បាន​ធ្វើ​កាល​ពីថ្ងៃ​អង្គារ​នៅ​អង្គការ​ស្រាវជា្រវ​មួយ​មាន​ឈ្មោះ​ថា​មជ្ឈមណ្ឌល​ការសិក្សា​យុទ្ធសាស្រ្ត​និង​កិច្ចការ​អន្តរជាតិ​ដែលមាន​ទីតាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​នៅពេល​ដែល​សហរដ្ឋ​អាមេរិក ​ធ្វើការ​ដើម្បី​ស្វែងរក​មូលបទ​រួម​ជាមួយ​ចិន​ ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី២​របស់​ពិភពលោក​និង​ជា​មហា​អំណាច​យោធា​កំពុង​ងើបឡើង​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​លោក ​ខេមបល ​និយាយ​ថា​រដ្ឋាភិបាល​ទីក្រុង​ វ៉ាស៊ីនតោន​នឹង​ស្វះស្វែង​គូស​បញ្ជាក់​វិស័យ​ទិសដៅ​រួម​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ហើយនឹង​ស្វែងរក​គម្រោង​ជាក់លាក់​ដែល​ប្រទេស​ទាំងពីរ​អាច​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្នុង​តំបន់។

ពួក​អ្នកវិភាគ​និយាយ​ថា​សហរដ្ឋ​អាមេរិក​កំពុង​បង្កើន​ការទាក់ទិន​របស់​ខ្លួន​នៅក្នុង​តំបន់​ដើម្បី​ទប់ទល់​សេដ្ឋកិច្ច​ដែល​កំពុង​រីកលូតលាស់​និង​ឥទ្ធិពល​នយោ​បាយ​របស់​ចិន។ ចិន​មាន​ការរកាំចិត្ត​កាល​ពីឆ្នាំ​ទៅ ​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​សម្តែង​នូវ​ការចាប់​អារម្មណ៍​របស់​ខ្លួន​ដើម្បី​ជួយ​ធ្វើ​ឲ្យមាន​សេចក្តី​សម្រេចចិត្តដោយ​សន្តិវិធី​នៃ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។​ ចិន​ វៀតណាម​ ប៊្រុយណេ​ ម៉ាឡេស៊ី​ ហ្វីលីពីន​និង​កោះ​តៃវ៉ាន់ ​បាន​ទាមទារ​យកមួយផ្នែក​ឬក៏​ទាំងអស់​នូវ​សមុទ្រ​ចិន​ភាគខាង​ត្បូង​ ដែល​ជា​ទីកន្លែង​មាន​ធនធាន​ប្រេង​និងធម្មជាតិ​ដែល​គេ​ជឿជាក់​ថា​មាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ចិន​ជជែក​ឲ្យ​ហេតុផល​ថា​បញ្ហា​នេះ​ គួរតែ​ដោះស្រាយ​ដោយ​ទ្វេភាគី។

នៅពេល​គេ​សួរ​អំពី​ឧបទ្ទហេតុ​ថ្មីៗ​នេះ​រវាង​កប៉ាល់​រុករក​ប្រេង​វៀតណាម​និងនាវា​យាម​ល្បាត​ចិន​ លោក​ ខេមបល​មិន​បាន​និយាយ​ត្រង់ៗ​ទេ ​ប៉ុន្តែ ​បាន​សង្កត់​ពី​សារៈ​សំខាន់​នៃ​ការសន្ទនា​ក្នុង​ការដោះស្រាយ​ជម្លោះ​នោះ។

«នយោបាយ​ទូទៅ​របស់​យើង​នៅដដែល​ យើង​រារាំង​មិន​ឲ្យ​ប្រើប្រាស់​អំពើ​ហិង្សា​នៅក្នុង​កាលៈទេសៈ​ទាំងនោះ​ឬ​ក៏​គំរាម​កំហែង​ទេ​ហើយ​យើង​ចង់ឃើញ​ដំណើរការ​នៃ​ការសន្ទនា​គ្នា​កើត​មាន​ឡើង។ យើង​ធ្វើការ​ទាក់ទង​យ៉ាង​ច្រើន​និង​ជា​លក្ខណៈ​ឯកជន​ជាមួយ​រដ្ឋ​ផ្សេងៗដែល​ទាក់ទិន​និង​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ហើយ​យើង​ចង់​បន្ត​ធ្វើ​ការងារ​នេះ​ទៀត​នៅពេល​ខាង​មុខ»។

វៀតណាម​ប្រាប់​ឲ្យដឹង​ថា​កប៉ាល់​របស់​ខ្លួន​ប្រតិបត្តិការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ទំហំ​៣៧០​គីឡូម៉ែត្រ​របស់​វៀតណាម​នៅពេល​ដែល​នាវា​ចិន​៣​គ្រឿង​បើក​មកជិត​កប៉ាល់​ខ្លួន។ វៀតណាម​ប្រាប់​ឲ្យ​ដឹង​ទៀត​ថានាវា​ចិន​មួយគ្រឿង​ បាន​កាត់​ខ្សែកាប​ស្ទង់រក​ប្រេង​ហើយ​បង្ខំ​ឲ្យ​កប៉ាល់​វៀតណាម​ចេញ​ពីតំបន់​នោះ​ដោយ​ការគំរាម​កំហែង​ហិង្សា។

លោក ​ខេមបល​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ចាប់តាំង​ពី​ចូលកាន់​តំណែង​មកលោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា ​និង​លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសហ៊ីលឡារី ក្លីនតុន បាន​ធ្វើការ​ដើម្បី​ពង្រីក​ការទាក់ទិន​របស់​សហរដ្ឋ​អាមេរិក​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍។

ក្នុង​ឆ្នាំ​២០០៩​ ប្រធានាធិបតី​ អូបាម៉ា ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លើក​ដំបូង​ដែល​បាន​ជួប​ជាមួយ​សមាជិក​ប្រទេស​ជាតិ​១០​របស់​សមាគម​ប្រជាជាតិអាស៊ី​អាគ្នេយ៍​ឬ​ អាស៊ាន។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ​ក្លីនតុន​ បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​អាស៊ី​ចំនួន​៧​ដង​ចាប់តាំង​ពីចូល​កាន់តំណែង​មកហើយ​ថា​ដំណើរ​បំពេញ​ទស្សនៈកិច្ច​ទាំងនោះ​គឺ​ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍។

លោកស្រី ​ក្លីនតុន​សង្ឃឹម​ថា​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជាតិ​ទាំងអស់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​អំឡុងពេល​ដែល​លោកស្រី​កាន់តំណែង។

«ខ្ញុំ​គិត​ថា​អ្វី​ដែល​អស់​លោកអ្នក​បាន​ឃើញ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លះ​គឺ​ការចាប់​ផ្តើម​នៃ​ដំណើរការ​នេះ។ ខ្ញុំ​និយាយ​ថា​ជា​ការចាប់ផ្តើម​ពីព្រោះ​ដើម្បី​ឲ្យ​បាន​ទទួល​ជោគជ័យ​ ជាពិសេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ វា​នឹង​ក្លាយ​ជា​ការមាន​សារៈសំខាន់​ដើម្បី​បន្ត​ការខិតខំ​ប្រឹងប្រែង​នេះ»។

មធ្យោបាយ​ដ៏​សំខាន់​មួយ​ដែល​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង​នោះគឺ​ការចូលរួម​សន្និសីទ​កំពូល​តំបន់​អាស៊ី​ខាងកើត​នៅខែ​កញ្ញា​នេះ​នៅ​កោះ​បាលីប្រទេស​ឥណ្ឌូណេស៊ី​ជាលើក​ទី​១។ លោក ​ខេមបល ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ទាំង​លោក​ប្រធានាធិបតី​អូបាម៉ា​និង​លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ក្លីនតុនគិត​ថា​មធ្យោបាយ​ដែល​សហរដ្ឋ​អាមេរិក​ចូលរួម​សន្និសីទ​កំពូល​តំបន់អាស៊ី​ខាងកើត​ជា​ការណ៍​សំខាន់។

«សន្និសីទ​កំពូល​នេះ​មាន​សារៈសំខាន់​បំផុត​សម្រាប់​សហរដ្ឋ​អាមេរិក​ដើម្បី​ឲ្យ​បាន​ជោគជ័យ។​គឺ​មាន​ន័យ​ថា​យើង​ចូលរួម​ យើង​ស្តាប់​ យើង​ចូលរួម​វប្ប​ធម៌​ដែល​បាន​បង្កើត​រួចហើយ​ ហើយ​ថា​យើង​ទទួល​ស្គាល់​តួនាទី​របស់​យើង​ជា​អ្នក​មក​ថ្មី»។

លោក​មានប្រសាសន៍​បន្ត​ទៀត​ថា​សហរដ្ឋ​អាមេរិក​ នឹង​មក​ចូលរួម​សន្និសីទកំពូល​អាស៊ី​ខាងកើត​ដោយ​ត្រៀមខ្លួន​ធ្វើ​ទំនាក់​ទំនង​ជាមួយ​សមាជិក​តាមរបៀប​វារៈ​ដែល​មាន​ស្រាប់​ ហើយនឹង​ស្វែង​រក​តួនាទី​ខ្លះ​ដែល​តាម​សំដី​របស់​លោក​ផ្ទាល់​គឺ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​អាច​ផ្តល់​វិភាគទាន​មាន​ទំហំ​ល្មម។

លោក​និយាយ​ទៀត​ថា​វិស័យ​មួយ​ដែល​សហរដ្ឋ​អាមេរិក ​អាច​រួម​វិភាគទាន​គឺ​ការជួយ​ឧបត្ថម្ភ​ដល់​ការងារ​គ្រោះ​មហន្តរាយ។ ចំណុច​ជា​ច្រើន​ដែល​បាន​ថ្លែង​ក្នុង​សុន្ទរកថា​ លោក​ ខេមបល​បាន​សង្កត់ធ្ងន់​ពីតួនាទី​ដ៏​សំខាន់​របស់​ អាស៊ាន​និង​តួនាទី​ដែល​សហរដ្ឋ​អាមេរិក​ អាច​មាននៅក្នុង​តំបន់។

«តំបន់​នោះ​បានក្លាយ​ជា​ស្ថាប័ន​ប្រកប​ដោយ​សារៈ​សំខាន់ខ្លាំង​ណាស់។ វា​បាន​ទាក់​ទិន​លើ​បញ្ហា​ដ៏​លំបាក​និង​ប្រឈមមុខ​បំផុត​ខ្លះ​ដែល​តំបន់​អាស៊ី​ប្រឈម​មុខ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ចុងក្រោយ​នេះ​ ការរីកសាយ​អាវុធ​ បញ្ហា​ដ៏លំ​បាក​ពាក់ព័ន្ធ​នឹងប្រទេស​ភូមា​ បញ្ហា​នានា​ដែល​ទាក់ទិន​ទៅនឹង​អ្វី​ដែល​ជា​មធ្យោបាយដ៏​ល្អ​បំផុត​ដើម្បី​ធ្វើ​ឲ្យកាន់​តែ​ល្អ​ប្រសើរ​ឡើង​នូវ​ការសន្ទនា​ក្នុង​វិស័យ​នា​នា​ជុំវិញ​បញ្ហា​សន្តិសុខ​នាវាចរណ៍​ហើយនឹង​បញ្ហា​ស្រដៀង​គ្នា​ផ្សេង​ៗ​ទៀត»។

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​វិស័យ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​សម្រេច​ថែម​ទៀត​គឺ​របៀប​ដែល​វេទិកា​ដូចជា ​អាស៊ាន​ដោះស្រាយបញ្ហា​ក្នុង​តំបន់​អាស៊ី​ភាគ​ឥសាន្តនិង​ភាពចាំបាច់​ដើម្បី​ចូលរួម​និង​ការទាក់ទិន​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​លើ​បញ្ហា​បែបនេះ។

លោក ​ខេមបល​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​គោលដៅ​ទាំងមូល​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់​គឺ​ការពារ​ការតាំងចិត្ត​ដ៏​រឹងមាំ​ដល់​តំបន់​ មិនមែន​ត្រឹមតែតំបន់​អាស៊ី​ខាងជើង​ទេ​ ក៏ប៉ុន្តែ​ បង្កើន​វត្តមាន​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​ដែរ។

លោក​ ខេមបល​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​សេចក្តី​លម្អិត​ខ្លះ​នៃ​ការតាំងចិត្ត​នោះ​ នឹង​ត្រូវ​លើក​មកនិយាយ​នៅពេល​ដែល​លោក​រ៉ូប៊ឺត ហ្កេត​ រដ្ឋមន្រ្តីក្រសួង​ការពារប្រទេស​ចូលរួម​សន្និសីទ​ការពារ​ប្រទេស​ក្នុងតំបន់​ដែល​ហៅថាការសន្ទនា​ សង់គ្រី ឡា (Shangri​ – La) ​នៅក្នុង​ប្រទេស​សិង្ហបូរី​នៅចុង​សប្តាហ៍​នេះ។

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG