ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​និង​អាមេរិក​បន្ត​កតិកាសញ្ញា​កិច្ចសហប្រតិបត្តិ​ការ​ការពារ


រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​លោក​ Ashton​ Carter​ ដើរ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា​លោក​ Manohar Parrika បន្ទាប់​ពី​ទទួល​ការស្វាគមន៍​នៅ​ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា​ ឆ្នាំ​២០១៥។​
រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​លោក​ Ashton​ Carter​ ដើរ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា​លោក​ Manohar Parrika បន្ទាប់​ពី​ទទួល​ការស្វាគមន៍​នៅ​ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា​ ឆ្នាំ​២០១៥។​

ទស្សនៈ​វិស័យ​សំខាន់​ជាង​គេ​នៃ​គោលការណ៍​កិច្ច​ព្រមព្រៀង​ការពារ​ប្រទេស​ថ្មី រវាង​សហរដ្ឋអាមេរិក​និង ឥណ្ឌា​ដែល​មាន​រយៈ​ពេល​១០ឆ្នាំ​នោះ​គឺ​ជា​វិធានការ​ដើម្បី​បង្កើន​សក្តានុពល​ក្នុង​ការ​ការពារ​ប្រទេស​ឥណ្ឌា​ រួមមាន​ផលិតផល​រួម​សរុប​ ការ​អភិវឌ្ឍ​រួម​នៃ​បច្ចេកវិទ្យា​យោធា។​

កតិកា​សញ្ញា​ត្រូវ​បាន​ចុះ​ហត្ថាលេខា​ដោយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​លោក​ Ashton​ Carter​ និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា​លោក​ Manohar Parrika។​

គម្រោង​ពីរ​ដែល​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​នោះ​គឺ គម្រោង​ដែល​សហរដ្ឋអាមេរិក​នឹង​ជួយ​ឥណ្ឌា​ក្នុង​ការ​សាងសង់​និង​រចនា​នាវា​ផ្ទុក​យន្តហោះ​និង​ម៉ាស៊ីន​យន្តហោះ។​

លោក Carter បាន​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ និយាយ​ថា​ប្រទេស​ទាំងពីរ​កំពុង​បង្កើន​ការពិភាក្សា​លើ​គម្រោង​ទាំងនេះ។​

លោក​ Jayadeva Ranade​ ជា​អ្នក​ជំនាញ​ខាង​គោល​នយោបាយ​ការបរទេស​នៅ​ទី​ក្រុង​ New Delhi។​

ជាពិសេស ខ្ញុំ​មាន​អារម្មណ៍​ថា​ ផលិតផល​រួម​សរុប​ ការអភិវឌ្ឍ​រួម​នៃ​បច្ចេកវិទ្យា​យោធា​របស់​បច្ចេកវិទ្យា​នាវា​ផ្ទុក​យន្តហោះ​និង​បច្ចេកវិទ្យា​ម៉ាស៊ីន​យន្តហោះ​គឺ​ជា​ចំណាត់ការ​យុទ្ធសាស្រ្ត​និង​មាន​ឥទ្ធិពល​ធំធេង​ ប្រសិន​បើ​អនុវត្តន៍​ទៅ​បាន​នោះ ខ្ញុំ​គិតថា​ពួកគេ​នឹង​មាន​ទំនាក់​ទំនង​សំខាន់។​

ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក Carter ទៅកាន់ប្រទេសឥណ្ឌារួមមាន​ការ​ឈប់​នៅ​ទី​បញ្ជាការ​កងទ័ព ជើងទឹក​ភាគ​ខាងកើត​ទីក្រុង Visakhapatnam របស់​ឥណ្ឌា​ នេះ​ជា​ដំណើរ​បំពេញ​ទស្សនកិច្ច​លើក​ទី​មួយ​ដោយ ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​បាន​ទៅ​កាន់​បន្ទាយ​កងទ័ព​ជើងទឹក​ឥណ្ឌា​នោះ។​

មន្រ្តី​អាមេរិក​និយាយ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​កំពង់ផែ​នោះ គឺ​បាន​បង្ហាញ​ពី​ការ​បេ្តជ្ញា​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​រក្សា​សន្តិសុខ​នាវាចរណ៍ដែល​ប្រទេស​ទាំងពីរ​នេះ​ចង់​ពង្រឹង។

លោក Rahul Bedi នៃ​ទស្សនាវដ្តី​ការពារ​ប្រទេស​ IHS Jane's Defense ប្រចាំ​សប្តាហ៍​នៅ​ទីក្រុង​ New Delhi និយាយថា​កតិកាសញ្ញា​ថ្មី​ដែល​ផ្តល់​សន្ទុះ​កាន់​តែ​កើនឡើង​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ខាង​នាវាចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ លោក​និយាយ​ថា ​ករណី​នេះ​បណ្តាល​មក​ពីកើនឡើង​នៃ​ភាព​តានតឹង​ទាក់ទិន​នឹង​ការ​ខំ​ប្រឹងប្រែង​របស់​ចិន​ដែល​បាន​ជំរុញ​ចូល​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ តាម​រយៈ​ការ​ផ្គត់ផ្គង់​ប្រេង​កាន់​តែច្រើន​ឡើង​កាត់​តាមឥណ្ឌា​នោះ។​

ប្រសិន​បើ​អ្នក​ក្រឡេក​មើល​ជុំវិញ​តំបន់​នោះ​ កងទ័ព​ជើងទឹក​របស់ឥណ្ឌា​ គឺ​កំពុង​តែ​មាន​ការ​អភិវឌ្ឍ​ទៅ​ជា​កង​កម្លាំង​មាន​សមត្ថភាព​កាន់​តែ​ខ្លាំងឡើង។​ ហើយ​អ្វី​ដែល​ជា​បញ្ហា​សម្រាប់​អាមេរិក​និង​ឥណ្ឌា​នោះ​គឺ​ការ​ពង្រីក​ កងទ័ព​ជើងទឹក​របស់​ចិន​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា។​

ហើយ​នេះ​ជា​អ្វី​ដែល​ប្រទេស​និមួយៗ​ក្នុង​តំបន់​រួមមាន​ប្រទេស​ជប៉ុន​ អូស្ត្រាលី ប្រទេស​ក្នុង​សមាគម​អាស៊ាន​ ឥណ្ឌា​និង​សហរដ្ឋអាមេរិក មាន​ការ​ព្រួយ​បារម្ភ។​ ការពិត​អាមេរិក​មាន​គម្រោង​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ជាច្រើន​មក​អាស៊ី​ ក្នុង​ពេល​បួន​ ឬ​ប្រាំ​ឆ្នាំ​ខាង​មុខ​នេះ​ ហើយ​អាមេរិក​ចង់​ឲ្យ​ឥណ្ឌា​ចូលរួម​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​កងទ័ព​នេះ​ឡើងវិញ។​

ទាក់ទិន​នឹង​គម្រោង​នាវា​ផ្ទុក​យន្តហោះ លោក Bedi និយាយ​ថា​កិច្ច​សហប្រតិបត្តិការ​កងទ័ព​ជើងទឹក​រវាង រដ្ឋាភិបាល​ក្រុងNew Delhi និង​រដ្ឋាភិបាល​វ៉ាស៊ីនតោន​ គឺ​មាន​ការ​រីក​ចម្រើន​គ្រប់​វិស័យ​ មិន​ត្រឹម​តែ​ការ​ហ្វឹកហាត់​ ប៉ុន្តែ​រួម​មាន​ផ្នែក​ឧបករណ៍​ គ្រឿង​ធន់ធ្ងន់​ ក៏​ដូចជា​កិច្ច​ប្រតិបត្តិការ​រួមគ្នា​ផង​ដែរ។​

ប្រព័ន្ធ​ផ្សព្ធផ្សាយ​ឥណ្ឌា​បាន​និយាយ​ថា មន្រ្តី​សហរដ្ឋអាមេរិក​បាន​អះអាង​ជា​ថ្មី​ម្តង​ទៀត ទាក់ទិន​នឹង​សំណើរ​របស់​ពួកគេ​ឲ្យ​ឥណ្ឌា​អញ្ជើញ​ជប៉ុន​ឲ្យ​ចូលរួម​សមយុទ្ធ​ប្រយុទ្ធ​កង​នាវា​ទ្វេ​ភាគី​ដែល​ពួកគេ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នោះ។​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​New Delhi​ មាន​ការ​ស្ទាក់ស្ទើរ​ព្រោះ​ថា​ឥណ្ឌា​មិន​ចង់​ឲ្យ​មើល​ឃើញ​ថា​ខ្លួន​មាន​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​ណា​ទេ។​

ក្រោម​កតិកា​សញ្ញា​ស្តីពី​ការ​ការពារ​ថ្មី​នេះ គម្រោង​តូច​ពីរ​នេះ​បាន​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​នោះ​មាន​ ការ​បង្កើត​ឧបករណ៍​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ និង​ប្រដាប់​ការពារ​សម្រាប់​ទាហាន​ដើម្បី​ប្រឆាំង​នឹង​សង្គ្រាម​ជីវសាស្រ្ត​និង​សង្គ្រាម​គីមី។​ នៅពេល​ដែល​អាមេរិក​បាន​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​កំពូល​ដល់​ឥណ្ឌា​ រដ្ឋាភិបាល​ក្រុងNew Delhi បាន​សង្កត់​ធ្ងន់​ថា​ ខ្លួន​ចង់​ចូលរួម​ផលិត​អាវុធ​ជាជាង​ទិញ​អាវុធ​ពី​អាមេរិក។

ចាប់តាំង​ពី​លោក​នាយករដ្ឋមន្ត្រី Narendra Modi បាន​ចូល​កាន់​តំណែង​កាលពី​សប្តាហ៍​មុន​នោះ​ ទំនាក់​ទំនង​ដ៏​រង្គោះ​រង្គើ​រវាង​អាមេរិក​និង​ឥណ្ឌា​ត្រូវ​បាន​ជំនួស​ដោយ​ថាមពល​ថ្មី​ ដោយ​ភាគី​ទាំងពីរ​បាន​ឃើញ​ថា​ពួកគេ​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​ដ៏​សំខាន់។​

លោក Carter បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ឥណ្ឌា​បន្ទាប់​ពី​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី​ និង​វៀតណាម ដែល​នៅ​ទី​នោះ​លោក​បាន​និយាយ​ថា​យោធា​អាមេរិក​នឹង​ជា​ដៃគូ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ហើយ​មាន​វត្តមាន​ដ៏​សំខាន់​ក្នុង​តំបន់៕​

ប្រែ​សម្រួល​ដោយ ស្រេង​ លក្ខិណា

XS
SM
MD
LG