ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការបើកការិយាល័យរបស់តាលីបាននៅកាតា

  • Ayaz Gul

បុរស​អាហ្វហ្គានីស្ថាន​ឈរជិត​ភ្នក់ភ្លើង​នៅពេលព្រឹកដ៏ត្រជាក់មួយក្នុង​ទីផ្សារ​ជិតបាឡា ហ៊ីសសារ នៅរដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១០ មករា ២០១២។

ការ​សម្រេច​ចិត្ត​របស់​ក្រុម​តាលីបាន​នៃ​ប្រទេសអាហ្វហ្កានីស្ថានក្នុង​ការបើក​ការិយាល័យ​នៅ​ប្រទេស​កាតា(Qatar) ​បាន​បង្កឲ្យមាន​ការ​ប៉ាន់ស្មានជាច្រើន អំពីលទ្ធភាព​នៃ​ការ​ចចារ​សន្តិភាព​ជាមួយក្រុមនេះ បន្ទាប់​សង្គ្រាម​រយៈពេល១០​ឆ្នាំរួច​មក។​ ក្រុម​មន្រ្តី​ប៉ាគីស្ថាន​និង​សហរដ្ឋ​អាមេរិក​ នៅ​ទី​នោះ​ មានភាព​ប្រយ័ត្ន​ប្រយែង នៅ​ពេលដែលពួក​គេពិភាក្សា​អំពីសារសំខាន់​នៃ​ការ​បើក​ការិយាល័យ​របស់​ក្រុម​តាលីបាន ​នៅក្នុង​ប្រទេស​ឈូង​សមុទ្រ​មួយ​នេះ​។

ឆ្នាំ​ថ្មីនៅប្រទេស​អាហ្វហ្កានីស្ថាន​ដែលខ្ទេចខ្ទាំ​ដោយសារសង្រ្គាម​ បាន​ចាប់​ផ្តើម​ក្នុង​ក្តីសង្ឃឹមថា នៅ​ទីបំផុត ​ប្រទេសនេះអាចឈាន​ទៅ​រក​ដំណើរ​ការ​សន្តិភាព​ ដែល​អាច​បញ្ចប់​ជម្លោះប្រកប​ដោយ​ការបង្ហូរ​ឈាមនៅទីនោះ​។

ចាប់តាំងពី​កង​កម្លាំង​ចម្រុះដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក បាន​វាយ​លុក​ចូលក្នុង​ប្រទេស​នេះ កាល​ពី​១០​ឆ្នាំ​មុន​ ​ នេះជាលើក​ដំបូង​បង្អស់​ក្នុង​សប្តាហ៍​នេះ ដែល​ក្រុមតាលីបាន បាន​លាត​ត្រដាង​ថា ​ពួកគេបាន​ចូលចរចា​ជាមួយ​ក្រុមមន្រ្តី​សហរដ្ឋ​អាមេរិក ​ហើយបាន​ឈាន​ដល់​ការ​យល់ព្រម​ជំហាន​ដំបូង​ក្នុង​ការបង្កើតការិយាល័យ​នយោបាយ​នៅ​ប្រទេសកាតា។ លើស​ពីនេះ​ទៀត ​ក្រុម​បះបោរ​ថ្លែងថា ខ្លួនក៏​ធ្លាប់​បាន​ស្នើ​សុំ​ឲ្យ​ដោះ​លែង​អ្នក​ទោស​ ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំឃាំងនៅ​មជ្ឈមណ្ឌលពន្ធធនាគារ​របស់សហរដ្ឋ​អាមេរិក​ នៅ​ហ្កាន់តាណាម៉ូបេ (Guantanamo Bay) ក្នុង​ប្រទេស​គុយបា​ (Cuba) ផងដែរ។​

លោក ​ហាមីដ កាហ្សាយ (Hamid Karzai) ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ បាន​ប្រកាស​ថា ​ប្រទេស​របស់​លោក ​បាន​យល់​ស្របទៅ​លើគម្រោងបើក​ការិយាល័យ​របស់ក្រុម​តាលីបាន​ នៅកាតា​ និងយល់ស្របជាមួយ​កិច្ច​ប្រឹង​ប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការ​ចរចា​ជាមួយ​ក្រុម​បះបោរ ​ដែល​ជាមធ្យោបាយ​មួយ ដើម្បីទប់ស្កាត់​ជម្លោះ និង​ការ​ស្លាប់​ជន​ស៊ីវិល​អាហ្វហ្កានីស្ថាន​បន្ត​ទៀត​។

ប្រទេស​ប៉ាគីស្ថាន​ដែលនៅក្បែរ​ខាង​ បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ប្រុង​ប្រយ័ត្ន​ ដោយ​បដិសេធ​មិន​និយាយ ​ថាតើ​ខ្លួន​បានចូលរូម​ក្នុង​ដំណើរការសន្តិភាពនៅអាហ្វហ្កានីស្ថានដែរ​ឬ​ទេ។​ ប៉ុន្តែ​ ដោយ​បាន​និយាយ​ទៅ​កាន់​វីអូអេ លោកស្រី ហ៊ីណា រ៉ាបានី ខារ (Hina Rabbani Khar) រដ្ឋមន្ត្រី​ការបរទេស បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា​ ប្រទេសរបស់​លោកស្រី​ នឹង​គាំទ្រ​កិច្ច​ប្រឹង​ប្រែង​ ​ដែល​សំដៅ​ជំរុញ​ឲ្យ​មាន​ការផ្សះផ្សា​ផ្នែក​នយោបាយ​ នៅ​ក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​។

លោកស្រី ថ្លែងថា៖ «​ស្ថិរភាព​ក្នុង​តំបន់ ជាផលប្រយោជន៍​ជាតិ​ដ៏​មានសារសំខាន់របស់​ប្រទេស​ប៉ាគីស្ថាន​ ពីព្រោះ​ប៉ាគីស្ថានបាន​រង​គ្រោះ​ជា​យូរ​មក​ហើយ​ដោយ​សារ​តែភាព​គ្មានស្ថិរភាព​ក្នុង​តំបន់​នេះ​។ ​ដូច្នេះ​រាល់​កិច្ច​ប្រឹង​ប្រែងឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ ឬ​ស្ថិរភាព​ជាតិ​នៅអាហ្វហ្កានីស្ថាន​ អាច​ជះឥទ្ធិពលវិជ្ជមានមក​លើ​ប៉ាគីស្ថាន​ ដូច្នេះ ប៉ាគីស្ថាន ពិតជា​គាំទ្រកិច្ច​ប្រឹង​ប្រែង​នោះ​ជាក់​ជា​ពុំ​ខាន។»

លោក អូម៉ារ ស្ហារីហ្វ៊ី (Omar Sharifi) អ្នក​វិភាគ​ឯករាជ្យ​ជាតិអាហ្វាហ្កានីស្ថាន​មាន​មូលដ្ឋាន​នៅទី​ក្រុង​កាប៊ុល (Kabul)​ មាន​ប្រសាសន៍ថា​ វា​ជា​ការឆាប់រហ័សក្នុងការភ្ជាប់​សេចក្តី​សង្ឃឹម​ខ្លាំង​ពេក​ទៅលើ​ការ​ប្រកាស​របស់​ពួកតាលីបាន ​ដែលថា​ ក្រុម​នេះ​យល់​ព្រម​បើក​ការិយាល័យ​នយោបាយ​។ ប៉ុន្តែ​ លោក​និយាយ​ថា ​មាន​ហេតុផល​មួយ​ចំនួន​ នៅពីខាងក្រោយការ​គាំទ្រ​ជាសាធារណៈរបស់​លោកប្រធានាធិបតី កាហ្សាយ​ ចំពោះ​វិធានការ​នេះ។​

លោក ស្ហារីហ្វ៊ី ថ្លែងថា៖ «​ពួក​គេ បាន​ស្វាគមន៍​ការ​បើក​ការិយាល័យ​របស់ពួក​តាលីបាននៅកាតា ​ប៉ុន្តែ​តាម​ពិត ​ហេតុ​ផល​នៅពី​ក្រោយ​នោះគឺ​ថា ពួក​គេ​ចង់បានអាសយដ្ឋាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុមតាលីបាន​ជា​មុន​សិន ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​ ពួកគេ​ចង់​ឃើញ​យ៉ាង​ខ្លាំង​នូវទំនាក់​ទំនង​ផ្តាច់​មុខពិសេស​របស់​ប៉ាគីស្ថានជាមួយក្រុម​តាលីបាន ត្រូវ​មានភាពថមថយ​និង​ធូរ​រលុងបន្តិច​។​»

កងទ័ព​ប៉ាគីស្ថាន​ក៏​ត្រូវ​បានចោទ​ប្រកាន់ពីបទ​រក្សា​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធិ​ជាមួយ​ក្រុម​ប្រឆាំង​សហរដ្ឋ​អាមេរិក គឺ​បណ្តាញហាកានី​(Haqqani) នៃ​ពួកបះ​បោរ​នៅ​អាហ្វហ្កានីស្ថាន​ ដែល​មាន​ទីតាំង​នៅ​ក្នុងតំបន់កុលសម្ព័ន្ធ​ វ៉ាហ្ស៊ីរីស្ថាន(Waziristan) ដែលស្ថិត​នៅតាម​ព្រំដែន​ប្រទេស​នេះ​។

ប៉ុន្តែ ​ក្រុម​សង្កេតការណ៍ប៉ាគីស្ថាន មានដូចជា​ លោក រូស្តាម​ ស្ហា ម៉ូម៉ាន(Rustam Shah Mohmand) អតីតឯក​អគ្គរដ្ឋទូត​ប្រចាំនៅអាហ្វហ្កានីស្ថាន​ បានទទូច​ថា ​រាល់ការ​សម្រុះ​សម្រួល​សន្តិភាព​នៅអាហ្វហ្កានីស្ថានដោយ​គ្មាន​ទី​ក្រុង​អ៊ីស្លាម៉ាបាត​ នឹង​មាន​ការ​ពិបាក​ក្នុង​ការអនុវត្ត​ជាពុំខាន​។

លោកស្រី ម៉ូម៉ាន មានប្រសាសន៍ថា៖ «​ដោយ​សារ​តែមាន​ជនភៀស​ខ្លួនអាហ្វហ្កានីស្ថានជាច្រើន​នៅប៉ាគីស្ថាន​ ហើយ​មេដឹកនាំរបស់​ក្រុម​តាលីបាន​ជាច្រើន ធ្វើ​ដំណើរទៅ​មក ដូច្នេះ​ តួនាទី​របស់​ប៉ាគីស្ថាន​ មាន​សារ​សំខាន់​ខ្លាំង​ណាស់​ហើយ​ខ្ញុំជឿ​ជាក់ថា​ ក្នុង​ពេល​ណា​មួយ ជនជាតិ​ប៉ាគីស្ថាន ត្រូវ​តែចូលរួមក្នុងក្រុមប្រឹក្សានោះ។​»

ក្រុមមន្រ្តី​អាមេរិក ​បាន​បដិសេធមិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់ទៅ​លើ​ទំនាក់​ទំនង​តាម​សេចក្តី​រាយការណ៍ជាមួយ​ក្រុមតាលីបានទេ ប៉ុន្តែបាន​ស្នើ​ថា ការទាក់ទងគ្នា​ ​អាចជួយជំរុញ​ឲ្យមាន​ដោះស្រាយជម្លោះតាមផ្លូវចរចា។ លោក កាមើរុន មុនធ័រ(Cameron Munter) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំទីក្រុង​អ៊ីស្លាម៉ាបាត​ ​បាន​ច្រានចោល​ការលើកឡើងថា ប៉ាគីស្ថាន​ ​ត្រូវទុក​ឲ្យ​ក្រៅ​ដំណើរ​ការ​នេះ។

លោក មុនធ័រ និយាយថា៖ «យើងទាំង​ពីរ​ប្រទេស គឺ​ប៉ាគីស្ថាន​និង​សហរដ្ឋ​អាមេរិក ​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​ប្រទេស​អាហ្វហ្កានីស្ថានប្រកប​ដោយសន្តិភាព ជោគជ័យ​និងវិបុលភាព។​ យើង​ប្តេជ្ញា​ចិត្តថា​នឹង​សហការ​គ្នាព្យាយាមសម្រេចគោល​ដៅទាំងនោះ​ ដោយ​មិន​ត្រឹម​តែ​កិច្ច​សហការរបស់​យើងប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងមានកិច្ចសហការ​ជាមួយ​ប្រទេស​ដៃ​គូ​ក្នុង​តំបន់ទៀតផង​ ដើម្បីធានា​ឲ្យ​ប្រាកដ​ថា ​ដំណោះស្រាយ​ ដែលអាចសម្រេចបានសម្រាប់​ប្រទេស​អាហ្វហ្កានីស្ថាន​ គឺជាអ្វីដែល​មាន​ការពេញ​ចិត្តសម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​តំបន់។»

ដោយ​ឡែក អ្នក​តំណាង​នៃក្រុម​បះបោរនៅអាហ្វហ្កានីស្ថាន​ដែល​ដឹក​នាំ​ដោយ លោក ហ្គុលប៊ូឌីន ហេកម៉ាតយ៉ា (Gulbuddin Hekmatyar) មេដឹកនាំសង្គ្រាម​រត់​គេចខ្លួន​ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​កាប៊ុល​ ក្នុងសប្តាហ៍​នេះ ដើម្បីជួបជាមួយលោកប្រធានាធិបតី កាហ្សាយ ឧត្តមសេនីយ៍ ចន ម៉ូលែន (John Allen) និងមេបញ្ជាកាសហរដ្ឋអាមេរិកនៃកងកម្លាំងណាតូ​ នៅអាហ្វហ្កានីស្ថាន និងលោក រ៉ាយអាន ក្រកគ័រ(Ryan Crocker) ដែល​ជា​បេសកជនរបស់ទី​ក្រុង​វ៉ាស៊ីនតោន​ប្រចាំ​ទី​ក្រុង​កាប៊ុល។

​លោក ហ្ការ៉ាត់ បាហៀរ ( Ghairat Baheer) កូន​ប្រសារ​ដែលមានមូលដ្ឋាននៅ​ប៉ាគីស្ថាន​របស់​លោក​ហេក​ម៉ាតយ៉ា (Hekmatyar) បាន​ដឹកនាំ​គណៈប្រតិភូ​ដែល​មាន​សមាជិក​បី​រូប​ទៅ​កាន់​រដ្ឋធានីរបស់អាហ្វហ្កានីស្ថាន​។ បន្ទាប់​ពី​និយាយ​ទៅ​កាន់​វីអូអេ នៅឯលំនៅដ្ឋានរបស់លោក​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត លោក​បាហៀរ បានពណ៌នា​កិច្ច​ចរចារបស់​លោក ​ជាមួយ​ជនជាតិអាមេរិក​ថា​«មានលក្ខណៈ​ស្មោះ​ត្រង់​ ពិស្តារ ត្រង់​ទៅ​ត្រង់​មក​ និង​មាន​អត្ថប្រយោជន៍​។»​

​លោក បាហៀរ បញ្ជាក់ថា៖ «ខ្ញុំ​គិត​ថា​ ជនជាតិ​អាមេរិកាំង​ ហាក់​ដូចជាមាន​ភាព​សុភវិនិច្ឆ័យនិង​ប្រាកដ​និយម​ជាង​ពេល​មុន​ៗ។ ​យើងជឿជាក់​ ​ប្រសិនបើជន​ជាតិ​អាមេរិក​ និយាយ​ពិតប្រាកដ​អំពី​ការ​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន(​នៅ​ចុង​ឆ្នាំ​២០១៤)​។ ប្រសិន​បើ​នេះ​ជា​ជំហរផ្លូវ​ការ​និង​ចុង​ក្រោយ​ អីចឹង​រាល់​បញ្ហា​ទាំងឡាយ អាច​ចរចា​បាន​។»

​សហរដ្ឋ​អាមេរិក​មាន​គម្រោង​ដកកង​ទ័ព​ប្រយុទ្ធ​ទាំង​អស់របស់ខ្លួន​ពីអាហ្វហ្កានីស្ថាន​នៅ​ចុង​ឆ្នាំ​២០១៤​។ ​ប៉ុន្តែ​អ្នក​សង្កេតការណ៍​ភាគច្រើន​ជឿជាក់​ថា​ បើគ្មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ប្រកប​ដោយ​និរន្តភាព​ទេនោះ​ ការ​បែកបាក់យ៉ាង​ជ្រាលជ្រៅ ក្នុងចំណោមក្រុមជនជាតិអាហ្វហ្កានីស្ថាននានា មាន​ដូច​ជា ក្រុមតាលីបាន​ជាដើម ​អាច​នាំប្រទេសនេះ​ចូល​ក្នុង​ស្ថានភាព​ដូចសង្រ្គាម​ស៊ីវិល​ ដែល​ដូចទៅ​នឹង​សង្គ្រាមមួយ​ដែល​ប្រទេសអាហ្វហ្កានីស្ថាន​ធ្លាប់​ឆ្លង​កាត់កន្លង​មក ​បន្ទាប់​ពី​ការ​ដកកង​ទ័ព​សូវៀត​នៅ​ទសវត្សន៍​ឆ្នាំ​១៩៩០ដែរ។

ប្រែសម្រួលដោយ គឹង ភិរុណ

XS
SM
MD
LG