ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកំពុងបង្ក្រាបឧក្រិដ្ឋកម្មក្រុមហ៊ុនសាជីវកម្មដែលធ្វើការគំរាមកំហែងសន្តិសុខជាតិ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីម្នាក់ដែលមានតួនាទីទី២នៅក្នុងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ។
អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោកស្រី Lisa Monaco បានប្រាប់ប្រធានប្រតិបត្តិមួយក្រុមថាក្រសួងយុត្តិធម៌បានចាត់វិធានការមួយចំនួនប្រឆាំងនឹង«ឧក្រិដ្ឋកម្មក្រុមហ៊ុនសាជីវកម្មដែលទាក់ទិននឹងសន្តិសុខជាតិ»ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។
លោកស្រី Monaco បាននិយាយថាឧក្រិដ្ឋកម្មទាំងនេះដែលរួមមានការរំលោភការដាក់ទណ្ឌកម្ម ការផ្តល់ហិរញ្ញវត្ថុដល់ភេរវកម្មនិងសកម្មភាពខុសច្បាប់ផ្សេងៗទៀត បានរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបាន«គំរាមកំហែងសន្តិសុខរួមរបស់យើង»។ លោកស្រី Monacoបានកាន់តំណែងសន្តិសុខជាតិជាន់ខ្ពស់ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
ក្រសួងយុត្តិធម៌បានប្រកាសពីករណីធំៗជាច្រើនក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។
ក្នុងកិច្ចព្រមព្រៀងទទួលសារភាពជាប្រវត្តិសាស្ត្រមួយកាលពីខែតុលា ឆ្នាំមុន មហាក្រុមហ៊ុនឧស្សាហកម្មបារាំងមួយដែលមានឈ្មោះថា Lafarge បានសារភាពចំពោះការផ្តល់ប្រាក់ដល់ក្រុមរដ្ឋឥស្លាមនិងសាខាក្រុម al-Qaida នៅក្នុងប្រទេសស៊ីរី។ ក្រុមហ៊ុននោះបានបង់ប្រាក់ដើម្បីការពារផលចំណេញរបស់ខ្លួននិងទទួលបានចំណែកនៃទីផ្សារក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមនេះ។ វាជាលើកទី១ដែលក្រុមហ៊ុនមួយនេះបានសារភាពទទួលកំហុសដើម្បីផ្តល់ការគាំទ្រផ្នែកសម្ភារៈដល់អំពើភេរវកម្មនោះ។
កាលពីខែមេសា ក្រុមហ៊ុនថ្នាំជក់អង់គ្លេស អាមេរិកាំង British American Tobacco ឬ BATក៏សម្រេចកិច្ចព្រមព្រៀងមួយជាមួយក្រសួងយុត្តិធម៌ដែលបានសារភាពពីការលក់ថ្នាំជក់ទៅឱ្យប្រទេសកូរ៉េខាងជើងដែរ។
ហើយកាលពីចុងខែមុននោះដែរ ក្រសួងយុត្តិធម៌បានប្រកាសពីរឿងក្តីដែលមិនធ្លាប់មានកាលពីពេលមុននៃការរំលោភការដាក់ទណ្ឌកម្មដែលទាក់ទិននឹងប្រេងរបស់អ៊ីរ៉ង់។
ក្រុមហ៊ុន Suez Rajan Ltd.ដែលជាក្រុមហ៊ុនដឹកជញ្ជូនបានសារភាពទទួលទោសហើយបានប្រគល់ប្រេងអ៊ីរ៉ង់ដែលរត់ពន្ធជិត១លានធុងដល់សហរដ្ឋអាមេរិក៕