ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អាមេរិក​កាត់​ទោស​បុរស​នៅ​រដ្ឋ​ Kentucky​ ម្នាក់​ឲ្យ​ជាប់​គុក​២១​ឆ្នាំ​ពី​បទ​បំពាន​ផ្លូវ​ភេទ​ក្មេង​ស្រី​នៅ​កម្ពុជា


លោក Micky Rife បុរស​អាមេរិកាំង​​ម្នាក់​ក្នុង​រដ្ឋ​ Kentucky ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០១៩ ពី​បទ​ប្រព្រឹត្ត​ និង​ប៉ុនប៉ង​ប្រព្រឹត្ត​ការ​បំពាន​ផ្លូវ​ភេទ​ក្មេង​ស្រី​ពីរ​នាក់នៅប្រទេសកម្ពុជា។ (រូបថតដោយ Franklin County Regional Jail)
លោក Micky Rife បុរស​អាមេរិកាំង​​ម្នាក់​ក្នុង​រដ្ឋ​ Kentucky ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០១៩ ពី​បទ​ប្រព្រឹត្ត​ និង​ប៉ុនប៉ង​ប្រព្រឹត្ត​ការ​បំពាន​ផ្លូវ​ភេទ​ក្មេង​ស្រី​ពីរ​នាក់នៅប្រទេសកម្ពុជា។ (រូបថតដោយ Franklin County Regional Jail)

តុលាការ​មួយ​ក្នុង​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍ បាន​កាត់​ទោស​បុរស​អាមេរិកាំងម្នាក់ ​ក្នុង​រដ្ឋ​Kentucky ឲ្យ​ជាប់​ពន្ធ​នាគារ​ ២១ ​ឆ្នាំ ​ពី​បទ​ប្រព្រឹត្ត​និង​ប៉ុនប៉ង​ប្រព្រឹត្ត​ការ​បំពាន​ផ្លូវ​ភេទ​ក្មេង​ស្រី​ពីរ​នាក់​ ក្នុង​ពេល​ដែល​បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរ​ និង​ស្នាក់នៅ​ក្នុង​ប្រទេសកម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​អាមេរិក ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​នេះ។​

លោក ​Gregory F. Van Tatenhove ចៅ​ក្រមនៃ​តុលាការ​តំបន់​សហរដ្ឋ​អាមេរិក​ទទួល​ខុសត្រូវ​លើ​រដ្ឋ​ Kentucky ​បាន​សម្រេច​កាត់​ទោស​លោក ​Micky Rife ​វ័យ​៣៦​ឆ្នាំ​ ជាប់​ពន្ធនាគារ ​២១​ឆ្នាំ​ និង​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​របស់​តុលាការ​ រយៈពេល​២០​ឆ្នាំ​ថែម​ទៀត។​

លោក Rife​ បាន​សារភាព​ថា ​នៅ​ចន្លោះ​ឆ្នាំ​ ២០១២​ និង​ ២០១៨​ ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ដំណើរ​ និង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​លោក​ពិត​ជា​បាន​លូក​លាន់​ ឬ​ប៉ះពាល់​ប្រដាប់​ភេទ​ក្មេង​ស្រី​ពីរ​នាក់​ អាយុ​ក្រោម​១២​ឆ្នាំ ហើយ​ការ​ប្រព្រឹត្ត​បែប​នេះ កើត​ឡើង​ច្រើន​ជាង​ម្តង។​

បើ​តាម​ព័ត៌មាន​ក្នុង​ស្រុក លោក Micky Rife គឺ​ជា​អតីត​គ្រូ​បង្រៀន​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ ក្រោយ​ពី​មាន​ការ​រាយ​ការណ៍​ និងការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​លោក។​

លោក​ Micky Rife ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៩។​ នេះបើ​តាម​បណ្តាញ​ព័ត៌មាន​ Khmer Times។

សំណុំ​រឿង​នេះ​ គឺ​ជា​លទ្ធផល​ការងារ​របស់គម្រោង​សុវត្ថិភាព​កុមារភាព ​(Project Safe Childhood)​ របស់​ក្រសួង​យុត្តិធម៌ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រំលោភបំពាន​និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ៕

XS
SM
MD
LG