ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​អាមេរិក​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​បញ្ជូន​ទៅ​សហ​រដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​ការ​រំ​លោភ​កុមារ


រូបភាព​ឯកសារ៖ ក្រសួង​មហាផ្ទៃ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (VOA)
រូបភាព​ឯកសារ៖ ក្រសួង​មហាផ្ទៃ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (VOA)

កាលពី​យប់​ថ្ងៃ​ពុធ​ អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​កម្ពុជា​​ សហការ​ជាមួយ​ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ​នៃ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​បញ្ជូន​ទៅ​សហ​រដ្ឋ​អាមេរិក​វិញ​ ក្រោយ​បុរស​រូប​នោះ​ត្រូវ​បាន​តាម​ចាប់​ខ្លួន​​ពីបទ​​រំលោភ​កុមារ​នៅ​អាមេរិក​ជា​បន្ត​បន្ទាប់​ ​មុន​​រត់​គេច​ខ្លួន​មក​កម្ពុជា។

បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់​ ​ត្រូវ​បាន​ឃាត់​ខ្លួន​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​និង​ត្រៀម​បញ្ជូន​ទៅ​សហ​រដ្ឋ​អាមេរិក​វិញ​ពាក់​ព័ន្ធ​នឹង​ករណី​ចាប់​រំលោភ​កុមារ​នៅ​សហ​រដ្ឋ​អាមេរិក​ ​តបតាម​ការ​ស្នើ​អន្តរាគមន៍​ពី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ។​

លោក​ អ៊ុក ហៃសីលា​ ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ ​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួង​មហាផ្ទៃ​ ​បាន​ប្រាប់​ VOA ​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​ថា ​បុរស​ជនជាតិ​អាមេរិកាំង​ឈ្មោះ​ William David Brenner ​ត្រូវ​បាន​ឃាត់​ខ្លួនក្នុង​ខេត្ត​ព្រះ​សីហនុ ​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញពាក់ព័ន្ធ​នឹង​ការ​រំលោភ​ផ្លូវ​ភេទ​កុមារ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។​ ​លោក​បន្ថែម​ថា​ ​សមត្ថកិច្ច​សហ​រដ្ឋ​អាមេរិក​បាន​ស្នើ​មក​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ដើម្បី​ចាប់បញ្ជូន​ជន​នេះ​ទៅ​ទទួល​ទោស​នៅសហ​រដ្ឋ​អាមេរិក​វិញ។​

លោក​បញ្ជាក់​ថា៖​

«ពាក់ព័ន្ធ​នឹង​បទ​ល្មើស​អាណាចារ​នៅ​អាមេរិក​ ​ហើយ​គាត់​រត់គេច​ខ្លួនមក។​ ​ហើយ​ដោយ​មាន​សំណើ​ពី​ខាង​ស្ថានទូត​អាមេរិក​ ដែល​ខាង​ ​RSO​ ​ខាង​ ​Regional Security Office​ ​ប្រចាំ​ស្ថាន​ទូត​ហ្នឹងបាន​ស្នើ​មក​អគ្គ​នាយកដ្ឋានអន្តោប្រវេសន៍ដើម្បី​ឲ្យ​ស្វែងរក​ ​និង​ឃាត់​ខ្លួន​ជន​ហ្នឹង​ដើម្បីបញ្ជូន​ត្រឡប់​ទៅ​អា​មេរិក​វិញ​ ​ដើម្បី​ទទួល​ទោស​នៅ​ទីនោះ។​ ​ហើយ​ដោយ​បាន​បញ្ជូន​លិខិត​មក​ថា ​ជនជាតិ​អាមេរិកាំង​ហ្នឹងត្រូវ​បាន​ក្រសួង​ការ​បរទេស​អាមេរិក​ហ្នឹងលុប​លិខិត​ឆ្លង​ដែន​គាត់​ចោល​ហើយ។ ​អីចឹង​បាន​ន័យ​ថា​ គាត់​លួច​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់»។​

លិខិត​របស់​ការិយាល័យ​សន្តិ​សុខភូមិ​ភាគ​(RSO)​នៃស្ថានទូត​សហ​រដ្ឋ​អាមេរិកប្រចាំ​កម្ពុជា ​ផ្ញើ​ជូន​លោកស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​កាលពី​ថ្ងៃទី​២៣ខែសីហា​ឆ្នាំ២០១៨​ ​បញ្ជាក់​ថា៖​ «ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ​បាន​ទទួល​ព័ត៌មាន​ថា​ ​ពលរដ្ឋ​អាមេរិកាំងឈ្មោះ​ ​William David​ Brenner​ ​មាន​ដីកា​ចាប់​ខ្លួន​ដែល​មាន​សុពលភាព​ ​ពាក់ព័ន្ធនឹង​បទ​រំលោភ​បំពាន​ផ្លូវភេទ​ជា​បន្ត​បន្ទាប់លើ​កុមារ»។​

អ្នកស្រី​ ​Emily Zeeberg​ ​អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិតពាក់ព័ន្ធ​នឹង​ករណី​នេះ​ ​ដោយ​អ្នកស្រី​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​តាម​រយៈ​សារ​អេឡិច​ត្រូនិច ​ឬ​អ៊ីមែល​ថា៖

«ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជាបាន​សហការ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជាដើម្បី​ចាប់​ខ្លួន​លោក​ ​William David Brenner​ ​ដែល​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​នៅ​សហរដ្ឋ​អាមេរិក»។

លិខិត​របស់​ការិយាល័យ​សន្តិ​សុខ​ភូមិ​ភាគ​ ​(RSO)​ ​នៃស្ថានទូត​សហរដ្ឋ​អាមេរិកប្រចាំ​កម្ពុជានេះបន្ថែមថា ​បុរស​ឈ្មោះ​ William David Brenner មាន​អាយុ​៦៣​ឆ្នាំ ​រស់នៅ​ទីក្រុង​ Houston​ ​រដ្ឋ​តិចសាស ​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG