មន្ត្រីយោធាស.រ.អា.ម្នាក់បាននិយាយប្រាប់ VOAកាលពីថ្ងៃសុក្រថាផែនការថ្មីមួយដោយស.រ.អា.ដើម្បីទប់ទល់នឹងពួករដ្ឋឥស្លាម នៅក្នុងប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់មានទាក់ទិននឹងការដាក់ពង្រាយទាហាន១ពាន់នាក់ក្នុងប្រទេស Kuwait។
ផែនការនេះកំពុងរង់ចាំការយល់ព្រមចុងក្រោយបង្អស់ដោយរដ្ឋបាលអាមេរិកាំងក៏ប៉ុន្តែពួកទាហានស.រ.អា.មកពីក្រុមប្រយុទ្ធនៃកងពលតូចទី២នៃកងពលធំទី ៨២សម្រាប់ដឹកតាមយន្តហោះមានមូលដ្ឋាននៅក្នុងបន្ទាយFort Bragg រដ្ឋ North Carolina បានទទួលការអនុញ្ញាតពីពួកមេដឹកនាំយោធាហើយសម្រាប់ការដាក់ពង្រាយនេះ នៅពេលណាដែលផែនការនេះបានត្រូវចុះហត្ថលេខាហើយនោះ។
មន្ត្រីម្នាក់បាននិយាយថាក្រុមទាហានទាំងនេះនឹងមានសម្រាប់លោកឧត្តមសេនីយនៃកងទ័ពជើងគោក Stephen Townsend មេបញ្ជាការនៅលើដីនៅក្នុងការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋ Islam។ លោកឧត្តមសេនិយរូបនេះនឹងដាក់ពង្រាយទាហានទាំងនេះនៅកន្លែងនានាតាមសេចក្តីត្រូវការ។ មន្ត្រីរូបនេះមិនបានផ្តល់សេចក្តីលម្អិតថែមទៀតទេពីព្រោះលោកមិនចង់និយាយដោយជាក់លាក់អំពីបេសកកម្មនេះទេ។
ផែនការនេះមានឡើងនៅពេលដែលពួកមន្ត្រីបាននិយាយប្រាប់ VOAថាពួកទាហានជើងទឹកប្រមាណ៣រយនាក់បានទៅដល់ប្រទេសស៊ីរីហើយដើម្បីផ្តល់កម្លាំងបន្ថែមដល់កងកម្លាំងសម្ព័ន្ធមិត្តក្នុងការវាយបណ្តេញកងកម្លាំងរដ្ឋឥស្លាម ចេញពីក្រុង Raqqa ដែលជារដ្ឋធានីតាមព្រឹត្តន័យរបស់ពូករដ្ឋឥស្លាម នៅក្នុងប្រទេសស៊ីរី៕