ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធាន​រដ្ឋសភា៖ច្បាប់​អង្គការ​មិន​ចាំបាច់​អនុម័ត​ឆាប់ៗ​ទេ


លោក​​ កឹម​ សុខា​ ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ សំពះ​ទៅ​កាន់​អ្នក​គាំ​ទ្រ បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​​ពុធ​ទី​៨​ ខែ​មេសា​ ឆ្នាំ​២០១៥។ (រូបថត៖ នូវ​ ពៅ​លក្ខិណា​/VOA)
លោក​​ កឹម​ សុខា​ ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ សំពះ​ទៅ​កាន់​អ្នក​គាំ​ទ្រ បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​​ពុធ​ទី​៨​ ខែ​មេសា​ ឆ្នាំ​២០១៥។ (រូបថត៖ នូវ​ ពៅ​លក្ខិណា​/VOA)

អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​នៅ​តែ​ទទូច​សុំ​ឲ្យ​រដ្ឋសភាបើក​ឱកាស​ដល់​អង្គការ​សង្គមស៊ីវិល​បាន​ផ្តល់​យោបល់​ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។​ អង្គការ​មិន​មែន​រដ្ឋាភិបាល​សំខាន់ៗ​ចំនួន​១០ ​បាន​ចូល​ជួប​សវនាការ​ជា​មួយ​អនុ​ប្រធាន​ទី១​នៃ​រដ្ឋសភា​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍។​

អនុ​ប្រធាន​ទី១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​ដែល​មាន​សំឡេង​ភាគតិច​ក្នុង​រដ្ឋ​សភា​គឺ​លោក​ កឹម សុខា ​បាន​ថ្លែង​ថា​ សេចក្តី​ព្រាងច្បាប់ដ៏​ចម្រូង​ចម្រាស​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​មាន​ភាព​ចាំបាច់​ក្នុង​ការ​អនុម័ត​នោះ​ទេ​ ហើយ​សភា​ជាតិ​គួរ​តែ​បើក​ឱកាស​ឲ្យ​មាន​កិច្ច​ពិភាក្សា​ផ្តល់​យោបល់​ឲ្យ​បាន​គ្រប់​គ្រាន់។​

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ បន្ទាប់​ពី​ជំនួប​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​ សំខាន់ៗ​ជាង​១០​ ដែល​តំណាង​ឲ្យ​អង្គការ​ជាតិ​ និង​អន្តរ​ជាតិនៅ​ក្នុង​ប្រទេស​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​កឹម សុខា​បាន​អះអាង​ថា​ លោក​នឹង​ធ្វើការ​ផ្តល់​យោបល់​ដល់​សភាជាតិ​ដើម្បី​ឲ្យ​មាន​ការ​ពិភាក្សា​ឲ្យ​បាន​ច្រើន​ចំពោះ​ សេចក្តី​ព្រាងច្បាប់ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ។​

ក៏ប៉ុន្តែ​លោក​យល់​ថា ​សភា​គួរ​តែ​ផ្តោត​លើ​ការ​បង្កើត​ច្បាប់​សំខាន់ៗ​ផ្សេង​ទៀត​ដែល​ទាក់​ទិន​នឹង​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ជា​ដើម។​

«ទី១​ យើង​គិត​ថា​ អា​ហ្នឹង​គឺ​មិន​មាន​ភាព​ចាំ​បាច់​ទេ។​ បើ​អាច​ពន្យារ​ពេល​បាន ​គួរ​តែ​ពន្យារ​សិន​ ហើយយកច្បាប់​ដែល​ចាំបាច់​មក​ធ្វើ​សិន។​ ជំហរ​ទី២​របស់​យើង​ បើ​សិន​ជា​រដ្ឋាភិបាល​យល់​ថា​ ច្បាប់​ហ្នឹង​មាន​ការ​ចាំ​បាច់ ហើយ​បង្ហាញ​ពី​ហេតុផល​ឲ្យ​បាន​ច្បាស់​លាស់​ យើង​គួរ​តែ​មាន​ការ​ពិភាក្សា​ឲ្យ​បាន​ទូលំ​ទូលាយ​ ហើយ​បើក​ឲ្យ​ភាគី​ដែល​មាន​ការ​ពាក់ព័ន្ធ​ហ្នឹង​ចូលរួម​ឲ្យ​មែនទែន​ ចូល​រួម​គំនិត​ មិនមែន​យើង​បើក​សិក្ខាសាលាតែម្តង​ ​មួយ​ថ្ងៃ​ហ្នឹង​ទេ»។​

នៅ​ក្នុង​ជំនួប​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ អង្គការ​សង្គម​ស៊ីវិល​ក៏​បានសម្តែងនូវ​ក្តី​បារម្ភ​ចំពោះ​សេចក្តី​ព្រាងច្បាប់ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​គាត់​យល់​ថា ​នឹង​អាច​ជា​ការ​រឹតត្បិត​សេរីភាព​ និង​ដំណើរការ​របស់​ខ្លួន។​ នៅ​ក្នុង​នោះ​ក៏​មាន​ការ​ស្នើ​ឲ្យ​រដ្ឋ​សភា​បញ្ចេញ​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ជា​សាធារណៈ និង​ស្នើ​ឲ្យរដ្ឋសភាឲ្យ​បើក​កិច្ច​ពិភាក្សា​យោបល់​ឲ្យ​បាន​គ្រប់​គ្រាន់​ មុន​នឹងសភា​ប្រជុំ​អនុម័ត។​ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​រួមមាន​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ហៅ​កាត់ថា​ NGO Forum​ អង្គការ​តម្លាភាព​កម្ពុជា​ TI ​និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជា​ដើម។​

ជំនួប​នេះ​គឺ​ធ្វើ​ឡើងមួយ​ថ្ងៃ​ ក្រោយ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​បាន​បញ្ជូន​ទៅ​កាន់​សភា​ជាតិ​ ដើម្បី​ពិភាក្សា​បន្ត ​និង​អនុម័ត។​

លោក កឹម សុខា​ បាន​អះអាង​ថា ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​យក​មតិ​យោបល់​ពី​អង្គការ​មិនមែន​រដ្ឋា​ភិបាល​នានា បើ​ទោះ​ជា​រដ្ឋ​សភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​កាន់​អំណាចមិន​អនុញ្ញាត​ឲ្យ​មាន​កិច្ច​ពិភាក្សា​ទូលំ​ទូលាយ​នោះ​ក៏​ដោយ។​

លោក​ កឹម សុខា​ បាន​បន្ថែមថា៖​ «ទី៣​បើ​ខាង​រដ្ឋសភា​ ឬ​ខាង​រដ្ឋាភិបាល​ថា​ត្រូវ​ចូល​មក​ហើយ​ ហើយ​បើក​សិក្ខា​សាលា​តែ​មួយ​ថ្ងៃ​ទេ​ នោះ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​សហការ ​ដើម្បី​ស្វែង​យល់​ពី​ទស្សនៈ​ផ្សេងៗ​ដោយ​ខ្លួន​ឯង​តែ​ម្តង​ ដោយ​ប្រមូល​មតិ​ផ្សេងៗ​ ដូច​ជា​អញ្ជើញ​សង្គម​ស៊ីវិល​ និង​អ្នក​ជំនាញ​ការ​ ដើម្បី​ឲ្យ​មក​ពន្យល់​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​ចំណុច​ច្បាប់​នេះ»។​

ក៏​ប៉ុន្តែ​លោក ​ឈាង វុន​ អ្នក​នាំ​ពាក្យ​រដ្ឋសភា​ និង​ជា​តំណាង​រាស្ត្រ​ពី​គណបក្ស​កាន់​អំណាច​ បាន​ថ្លែង​ថា ​លោក ​កឹម សុខា​ មិន​គួរលើក​ឡើង​បែប​នេះ​ជា​សាធារណៈ​នោះ​ទេ។​ លោក​គួរតែ​លើក​ក្នុង​អង្គ​ប្រជុំ​គណៈ​កម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា។​ លោក​ ឈាង វុន ​បាន​ចាត់​ទុក​ថា សម្តី​របស់​លោក​ កឹម សុខា​ គឺ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ជំហរ​របស់​លោក ​វៀលៀម ថដ​ (William Todd)​ ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ដែល​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ទស្សនៈ​របស់​លោក​ក្នុង​ប្រព័ន្ធ​អ៊ីន​ធឺណិត​កាល​ពី​ថ្ងៃអាទិត្យ​កន្លង​ទៅ។​

«ចុះ​គាត់​អនុប្រធាន​ទី១​ គាត់​មិន​លើក​ជា​យោបល់​នៅ​ក្នុង​គណៈ​កម្មការ​អចិន្ត្រៃយ៍​ទៅ? ​ម៉េច​បាន​ជា​និយាយ​តាម​ចិត្ត​គាត់​ធ្វើ​អញ្ចឹង! ​ហើយ​ភាសា​គាត់​នឹង​យក​ទៅ​ប្រៀប​នឹង ​វៀរលៀម ថដ ​ទៅ​គឺ​ដូច​គ្នា​ទេ​តើ!​ លោក​ វៀរលៀម ថដ ​គាត់​និយាយ​ គាត់​លើក​ឡើង​ ហើយ​លោក ​កឹម សុខា ​គាត់​ការពារ​ និង​និយាយ​តាម។​ ខ្ញុំ​អត់​មាន​ឆ្ងល់​ទេ»។​

លោក ​ឈាង វុន ​ក៏​បាន​អះអាងដែរ​ថា​ រដ្ឋសភា​នឹង​នៅតែ​បន្ត​ដំណើរ​អនុម័ត​ច្បាប់​នេះ​ ហើយ​វា​គ្មាន​មូលហេតុ​អ្វី​នឹងបញ្ឈប់​នោះ​ទេ។​ លោក​ ឈាង វ៉ុន​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ គណៈ​កម្មកាអចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នឹង​ធ្វើ​ការ​ប្រជុំ​នា​ថ្ងៃ​ច័ន្ទ​ខាង​មុខ​ ដើម្បី​សម្រេច​បញ្ចូន​សេចក្តី​ព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ទៅ​គណៈកម្មការ​ជំនាញ​ណា​មួយ​ដើម្បី​ធ្វើ​ការ​បន្ត។​

​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​ព្រាងច្បាប់ដ៏​ចម្រូង​ចម្រាស​ស្តីពី​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក។ សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​បានទទួល​រង​ការ​រិះគន់​ជាច្រើន​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ ប្រទេស​ម្ចាស់​ជំនួយ​ និង​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាតិ​ផង​ដែរ​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​និង​គម្រោង​អភិឌ្ឍន៍​ធំៗ​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ៕

XS
SM
MD
LG