ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កាស្ត្រូ៖ កម្ពុជា​មិន​សម​ទទួល​រង្វាន់​GSP​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស


រូបឯកសារ៖ លោក វ៉ាឃីន កាស្រ្តូ ​អ្នក​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​តិចសាស​ដែល​មក​ពីខាង​គណបក្ស​ប្រជា​ធិប​តេយ្យ ក្នុង​ពេល​សាកសួរ​នាយក​ទីភ្នាក់ងារ​ FBI នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ច័ន្ទ ទី២០ ខែ​មីនា ឆ្នាំ២០១៧។ (រូបថត AP)
រូបឯកសារ៖ លោក វ៉ាឃីន កាស្រ្តូ ​អ្នក​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​តិចសាស​ដែល​មក​ពីខាង​គណបក្ស​ប្រជា​ធិប​តេយ្យ ក្នុង​ពេល​សាកសួរ​នាយក​ទីភ្នាក់ងារ​ FBI នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ច័ន្ទ ទី២០ ខែ​មីនា ឆ្នាំ២០១៧។ (រូបថត AP)

លោក វ៉ាឃីន កាស្រ្តូ ​អ្នក​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​តិចសាស​ដែល​មក​ពីខាង​គណបក្ស​ប្រជា​ធិប​តេយ្យ​​និង​ជា​សហ​ប្រធាន​ក្រុម​ការងារ​ទទួល​បន្ទុក​កិច្ចការ​អាស៊ាន​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរ​ភាសា​​ថា​ ការវិវត្តន៍​នៅ​ប្រទេស​កម្ពុជា​«មាន​បញ្ហា‍»​ដែល​ក្នុង​នោះ​មាន​ការខុសឆ្គង​ក្នុង​ការបោះ​ឆ្នោត​​ជាតិ​ខាង​មុខ​ជាដើម។​

សហរដ្ឋ​អាមេរិក​បាន​សម្រេច​កាលពី​ពេលថ្មីៗ​នេះបន្ត​ផ្តល់​ជូន​ឋានៈ​អនុគ្រោះពន្ធ​ដល់​ប្រទេសកម្ពុជា​បន្ទាប់​ពី​បាន​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ ប៉ុន្តែ​អ្នក​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ម្នាក់​ចាត់​ទុកថា​ ទង្វើ​មិន​ល្អ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រព្រឹត្ត​មក​លើ​ពលរដ្ឋ​ខ្លួន​ឯង​មិន​សម​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ដូច​នេះ​ទេ។​

លោក វ៉ាឃីន កាស្រ្តូ ​អ្នក​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​តិចសាស​ដែល​មក​ពីខាង​គណបក្ស​ប្រជា​ធិប​តេយ្យនិង​ជា​សហ​ប្រធាន​ក្រុម​ការងារ​ទទួល​បន្ទុក​កិច្ចការ​អាស៊ាន​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរ​ភាសាថា​ ការវិវត្តន៍​នៅ​ប្រទេស​កម្ពុជា​«មាន​បញ្ហា‍»​ដែល​ក្នុង​នោះ​មាន​ការខុសឆ្គង​ក្នុង​ការបោះ​ឆ្នោតជាតិ​ខាង​មុខ​ជាដើម។​

លោក​បន្ថែម​ថា៖

«ប្រជាពលរដ្ឋ​កម្ពុជា​គួរតែ​ទទួល​បាន​ការ​គោរព​ពី​រដ្ឋាភិបាល​របស់​ខ្លួន ហើយ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ហ៊ាន​និយាយ​ពី​បញ្ហា​នេះ។ រដ្ឋបាល​លោក​ប្រធានាធិបតីត្រាំ​គួរតែ​ហ៊ាន​និយាយ​ពី​បញ្ហា​នេះ​ហើយ​ការ​ប្រព្រឹត្តិ​អាក្រក់​មិន​សម​ទទួល​បាន​ការ​ផ្តល់​រង្វាន់​ទេ។ ខ្ញុំ​ជឿ​ថា​ យើង​អាច​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជោគជ័យ​និង​ដៃគូ​ពាណិជ្ជកម្ម​ហើយ​នៅ​តែ​ស្នើប្រទេស​និង​អ្នក​ដឹកនាំ​ទាំង​នោះ​ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស។ ខ្ញុំ​គិត​ថា​នេះ​គឺជា​មធ្យោបាយ​តែមួយ​គត់​ដែល​យើង​គួរតែធ្វើ‍»។

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រកាស​កាលពី​ខែមេសា​នូវ​ដំណឹង​នៃ​ការ​ផ្តល់​ឋានៈ​អនុគ្រោះ​ពន្ធ​ដែល​ហៅថា​GSP ដល់​ប្រទេស​កម្ពុជា​ដែល​អាច​នាំទំនិញ​ចូល​សហរដ្ឋ​អាមេរិក​ដល់​ដំណាច់​ឆ្នាំ​២០២០។

ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​តម្រូវ​ឱ្យ​បណ្តា​ប្រទេស​ដែល​ទទួលត្រូវ​គោរព​គោល​ការណ៍​មួយ​ចំនួន​ក្នុងនោះ​មាន​ការ​ទទួល​ស្គាល់​សិទ្ធិ​កម្មករ​ លុប​បំបាត់​ពលកម្ម​កុមារ ​ការពារ​កម្មសិទ្ធិ​បញ្ញា​និង​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​អាមេរិកាំង​លក់​ទំនិញ​នៅ​ទីផ្សារ​ប្រទេស​ទាំងនោះ​ជាដើម។

តាំងពី​ចុង​ឆ្នាំ​២០១៧​មក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ប្រទេស​ទាំងអស់​ដែល​ទទួល​បាន​ឋានៈ​អនុគ្រោះ​នេះ​ពី​សហរដ្ឋ​អាមេរិក​ហើយ​អ្នកវិភាគ​នានា​យល់​ថា​ វា​ជាច្រក​មួយ​ដែល​សហរដ្ឋ​អាមេរិក​អាច​ប្រើប្រាស់​ដើម្បី​គាប​សង្កត់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​កែប្រែ​ស្ថានការណ៍​នយោបាយឱ្យ​វិល​ដូច​ដើម​វិញ​បន្ទាប់​ពី​ការ​ធ្វើ​បាប​គណបក្ស​ប្រឆាំង​ សង្គម​ស៊ីវិល​និងសារព័ត៌មាន​ឯករាជ្យ។​

រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​លោក​ កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីដើម​ខែ​កញ្ញា​ហើយ​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​ចោល​នៅ​ខែ​វិច្ឆិកា​ពាក់​ព័ន្ធនឹង​ការ​ឃុបឃិត​ជាមួយ​នឹង​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​

ក្រុមបស្ចិម​ប្រទេស​រួមទាំង​សហរដ្ឋ​អាមេរិក​ផង​បាន​បញ្ចេញ​ប្រតិកម្ម​តវ៉ា​ជំទាស់​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ប៉ុន្តែ​ក្រុម​ប្រទេស​នៅ​ក្នុង​តំបន់​ជាពិសេស​អាស៊ាន​មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វីចំពោះ​ការដើរថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ។

លោក​ វ៉ាគីន កាស្ត្រូ ​បាន​បន្ថែម​ថា​ប្រទេស​ក្នុង​តំបន់​អាស៊ានគួរតែ​បញ្ចេញ​ប្រតិកម្ម​ឱ្យ​បាន​ខ្លាំង​លើ​បញ្ហា​នេះ៖

«ខ្ញុំ​ចង់​ស្នើ​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​ថា​ពួកគេ​មិន​អាចនៅស្ងៀម​ស្ងាត់​ទេ។ ​នៅ​ពេល​ដែល​ប្រទេស​ជិតខាង​របស់​ខ្លួន​រំលោភសិទ្ធិ​មនុស្សពួកគេ​ត្រូវតែ​ហ៊ាន​និយាយជំទាស់‍»។​

លោក​ កាស្ត្រូ​ បាន​បន្ថែម​ថា​លោក​បាន​ប្រាប់​ដល់​ឯកអគ្គរដ្ឋ​ទូត​ប្រទេស​អាស៊ាន​ដោយផ្ទាល់​ថា​កុំ​ឱ្យ​នៅ​ស្ងៀម​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​នានា​នៅក្នុង​តំបន់​ដែល​មាន​ដូច​ជា​នៅក្នុងប្រទេស​កម្ពុជា ហ្វីលីពីន​និង​ភូមា​ជាដើម។

លោក​បញ្ជាក់​ថា៖

«ជាការពិត​ សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ដែល​មាន​អំណាច​លើសគេ​លើ​ពិភពលោក​ មាន​តួនាទី​ក្នុង​ការធានា​ថា​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​សេរីភាព​ត្រូវ​បាន​គេ​គោរព​ប៉ុន្តែ​ប្រទេស​ដែល​នៅ​ជាប់​ជិតខាង​ទាំងនេះ​ក៏​មាន​ភារៈកិច្ច​ដែរ។ ដូច្នេះ​ខ្ញុំ​រង់ចាំ​ការសន្ទនា​ជាមួយ​នឹង​ប្រទេស​ទាំងនោះ​ផងដែរ‍»។

លោក ជុំ ប៊ុនរ៉ុង​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បញ្ជាក់​ថា​ស្ថានការណ៍​នយោបាយកម្ពុជា​មិន​មាន​ផលប៉ះពាល់អ្វី​ដល់​ចំណាប់​អារម្មណ៍​របស់​វិនិយោគិន​ទៅ​ប្រទេស​កម្ពុជាទេបើទោះ​បី​ក្នុង​ពេល​កន្លងមក​មាន​អ្នកខ្លះ​ស្ទាក់ស្ទើរ​ក៏​ដោយ៖

«គេ​ចាំ​មើល​សភាពការណ៍​ក្នុង​ប្រទេស​យើង​ដែរ​ប៉ុន្តែ​ដោយសារ​ឃើញ​សភាពការណ៍​រឹងមាំ​ ស្ថិរភាព​និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​គឺ​មាន​សន្ទុះ​ខ្លាំង​ព្រោះ​យើង​ដឹង​ហើយ​ថា​ឥឡូវ​នេះ​មានការរីកចម្រើន​ខាង​កំណើន​ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាជនយើង​ ពី ​៧​ភាគរយ​ទៅ​៨​ភាគរយ​គេឃើញ​ថា​យើង​ជា​ខ្លាមួយ​នៅ​អាស៊ី​គេ​មិន​អាចមើល​រំលង​បាន​ទេ‍»។

ប្រទេស​កម្ពុជា​បាន​ទទួល​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​តាំងពីឆ្នាំ​១៩៩៧​មក​ហើយ​ក្នុង​ឆ្នាំ​២០១៦​បាន​នាំ​ទំនិញ​ដែល​រួចពន្ធ​ជិត​១៧៩លានដុល្លារ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។ នេះ​បើតាម​ការ​ប្រកាស​ឱ្យ​ដឹង​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។

លោក ជុំ ប៊ុនរ៉ុង ​យល់​ថា​ការអនុគ្រោះ​នេះ​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​ផងដែរនៅ​ពេល​ណា​ដែល​អ្នក​វិនិយោគ​ទុន​ទទួល​ផល​ពី​ប្រព័ន្ធ​អនុគ្រោះ​នេះ​ហើយ​បន្ត​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា។​

លោក​បន្ថែម​ថា៖

«រឿង​ការផ្តល់​ការ​អនុគ្រោះពន្ធ​គឺ​មិនមែន​តែ​ចំពោះ​អាមេរិក​ទេ​គឺ​ចំពោះ​សហគមន៍​អឺរ៉ុប​អីចឹង​ដែរ​គឺ​យើង​បាន​ចាត់​ទុកការ​អនុគ្រោះ​ពន្ធ​នេះ​ជា​ជំនួយ​មួយ​រួម​ចំណែក​ដើម្បី​ពង្រឹង​នូវ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​យើង។ កាលណា​យើង​មាន​រោងចក្រ​ មាន​អ្នក​វិនិយោគ​ទុនដែល​គេ​បាន​ចំណេញ​ពី​វិនិយោគ​របស់​គេ​ក្រោម​ឆ័ត្រ​នៃ​ការ​អនុគ្រោះពន្ធ​នេះ​គឺថា​គេ​រីករាយ​ហើយ​ប្រជាជន​យើង​ដែល​បាន​ការងារ​ធ្វើ​ពី​វិនិយោគ​របស់​គេ​នៅ​ប្រទេស​យើង​ដោយ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ជា​កម្មករ​ជា​អ្នក​ប្រកប​សេវាកម្ម​គឺ​ចំណេញ​ទាំងអស់​គ្នា​។ ដូច្នេះ​គ្មាន​អ្នក​ណាមួយ​គេ​មិន​សប្បាយ​ទេ​។ សប្បាយ​រីករាយ​ទាំងអស់​គ្នា​ទាំង​អ្នកវិនិយោគ​ក៏​ដូច​ជា​អ្នក​ទទួលផល​ពីការ​វិនិយោគ​នេះ​ដែរ‍»។​

ប្រទេសកម្ពុជា​នាំ​ទំនិញ​ចូល​មក​សហរដ្ឋ​អាមេរិក​មាន​តម្លៃ​ទឹកប្រាក់​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧។ នេះ​បើតាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​សហរដ្ឋ​អាមេរិក។ ទំនិញ​ដែល​នាំ​ចូលទីផ្សារ​សហរដ្ឋ​អាមេរិក​ភាគច្រើន​ជា​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ ​និង​ស្បែកជើង ​ព្រមទាំង​ប្រភេទ​ទំនិញ​កាបូបយួរ​សម្រាប់​អ្នកដំណើរ៕

XS
SM
MD
LG