ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាងរាស្ត្រអាមេរិកថ្កោលទោសការចាប់ខ្លួនក្រុមសកម្មជនយុវជននិងអ្នករិះគន់នៅកម្ពុជា


រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយ​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅរដ្ឋធានីវ៉ាស៊ីនតោន ​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧។
រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយ​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅរដ្ឋធានីវ៉ាស៊ីនតោន ​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧។

តំណាង​រាស្ត្រ​សហ​រដ្ឋ​អាមេរិក​ លោក ​Alan Lowenthal ​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ចាប់​ខ្លួន​សកម្ម​ជន​វ័យ​ក្មេង​និង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​ នៅ​ប្រទេស​កម្ពុជា។ ​ការ​ចាប់​ខ្លួន​នេះ​បាន​រង​ការ​រិះគន់​ជា​បន្តបន្ទាប់​ពី​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​បណ្តា​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ ​ក្នុង​នោះ​មាន​សហភាព​អឺរ៉ុប​ជាដើម។​

កាលពី​សប្តាហ៍​មុន​ សហភាព​អឺរ៉ុប​បាន​ឱ្យ​ដឹង​ថា ​ខ្លួន​មាន​ «ក្តី​បារម្ភ​កម្រិត​ធ្ងន់ធ្ងរ» ​បន្ថែម​ទៀត​ចំពោះ​ការ​បង្ក្រាប​នយោបាយ​លើ​អ្នក​រិះគន់​ និង​អ្នក​ជំទាស់​នៅ​កម្ពុជា​ នា​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ក៏​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ Twitter​ ថា ការ​ចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន​វ័យ​ក្មេង​ និង​បុគ្គល​វ័យ​ក្មេង​មួយ​ចំនួន​ទៀត​ ចំពោះ​ការ​ប្រើ​សិទ្ធិ​បញ្ចេញ​មតិ​នោះបាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។​

បើ​តាម​សេចក្តី​ប្រកាស​ចេញ​ផ្សាយ ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ​លោក ​Alan Lowenthal​ ដែល​តែងតែ​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​ថា​ លោក​មិន​បាន​ព្រងើយ​កន្តើយ​នឹង​ការ​ចាប់​ខ្លួន​សកម្ម​ជន​និង​អ្នក​រិះគន់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ពេល​ក្រុម​អ្នក​ទាំង​នោះ​ដែល​មាន​ទស្សនៈ​ផ្ទុយ​នឹង​រដ្ឋាភិបាល បាន​អនុវត្ត​សិទ្ធិ​ដូច​ដែល​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​របស់​ពួក​គេ​នោះទេ។​

លោក​ Alan Lowenthal ​ថ្លែង​ថា៖​ «ខ្ញុំ​ចាំបាច់​ ហើយ​នឹង​បន្ត​ថ្កោល​ទោស​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​រិះគន់​និង​សកម្ម​ជន ​តាម​តែ​អំពើ​ចិត្ត​នោះ​ទេ។​ ជុំចុង​ក្រោយ​បំផុត​នៃ​ការ​ចាប់​ខ្លួន​នោះ ​គឺ​ជា​ការ​វាយ​ប្រហារ​មួយ​ផ្សេង​ទៀត​មក​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​ត្រូវ​បាន​សន្យា​ជាមួយ​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ពួកគេ។​ រដ្ឋ​ធម្មនុញ្ញ​នោះលោក ​ហ៊ុន សែន​ មិន​ត្រឹម​តែចុះ​ហត្ថលេខា​ទទួល​ស្គាល់​ទេ ​ប៉ុន្តែ​ថែម​ទាំង​បាន​ស្បថ​ទទួល​យក​ផង​ដែរ»។​

តំណាង​រាស្ត្រ​រូប​នេះ​បន្ថែម​ថា៖​ «ប៉ុន្តែ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ​គឺ​នេះ​ជា​ការ​វាយ​លុក​មួយ​ផ្សេង​ទៀត​ទៅ​លើ​មនុស្ស​វ័យក្មេង​របស់​កម្ពុជា​ ដែល​កំពុង​អនុវត្ត​ការ​ចូលរួម​ក្នុង​នយោបាយ​និង​កំពុង​មាន​ភាព​សកម្ម​ខាង​កិច្ចការ​ស៊ីវិល ​ដោយ​សារ​សេចក្តី​ស្រឡាញ់​ចំពោះ​ប្រទេស​របស់​ពួក​គេ។​ ជា​ជាង​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ចូល​រួម​ និង​កសាង​អនាគត​កម្ពុជា​នោះ លោក​ ហ៊ុន សែន ​និង​របប​របស់​គាត់​បែរជា​បាន​បន្ត​ការ​បង្រ្កាប​យ៉ាង​ចាស់​ដៃ​ទៅ​លើ​សំឡេង​ណា​មួយ ​ដែល​ផ្តល់​តម្រុយ​ថា ​មាន​លក្ខណៈ​ប្រឆាំង។ ​ការ​បង្ក្រាប​នេះ ​គឺ​ដើម្បី​ឲ្យ​ពួក​លោក​បាន​ក្រាញ​អំណាច ​ដែល​ពួក​លោក​មាន​រួច​ទៅ​ហើយ​នោះ»។​

លោក​ Alan Lowenthal ​កត់​សម្គាល់​ទៀត​ថា​ ការ​រិះគន់​រដ្ឋាភិបាល​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ គឺ​ជា​ធាតុ​សំខាន់ៗ​នៃ​ប្រជា​ធិបតេយ្យ​ដែល​មាន​ភាព​រឹងមាំ។​

លោក​បាន​អធិប្បាយ​បន្ថែម​ថា៖​ «សកម្មជន​ទាំង​នេះ​គួរតែ​ត្រូវ​បាន​អបអរ​ជំនួស​ឲ្យ​ការ​យក​ទៅ​ឃុំ​ខ្លួន។​ពួក​គេ​ជា​អនាគត​របស់​កម្ពុជា។​ ល្បិច​កល​បំពារ​បំពាន​របស់​លោក ​ហ៊ុន សែន ​និង​របប​របស់​គាត់​ ដើម្បី​គាប​សង្កត់​សំឡេង​ទាំងនេះ​ គឺ​សាមញ្ញ​ពោល ​គឺ​ដោយសារ​ពួក​លោក​ភ័យ​ខ្លាច​ក្នុង​ការ​ស្តាប់​សំឡេង​ពិត​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ហើយ​ថែម​ទាំង​ខ្លាច​នូវ​អ្វី​ដែល​ពួក​លោក​ប្រហែល​ជា​បាន​ឮ​ផង​ ក៏​មិន​ដឹង»។​

ការ​អធិប្បាយ​របស់​លោក​ Alan Lowenthal​ កើត​មាន​ឡើង​ បន្ទាប់​ពី​សកម្ម​ជន​ក្រៅ​ប្រទេស​ដែល​ជា​សមាជិក​នៃ ​«ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ» ​បាន​ស្នើ​សុំ​ឲ្យ​មាន​តួនាទី​សម្រប​សម្រួល​ពី​សហ​រដ្ឋ​អាមរិក​ ដើម្បី​ឲ្យ​មានការ​ដោះលែង​សកម្មជន​ជាច្រើន​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ថ្មីៗ​នេះ ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម។​ ការ​ចាប់​ខ្លួន​ក្រុម​សកម្ម​ជន​ទាំង​នោះ​ធ្វើ​ឡើង​ នៅ​ពេល​ពួក​គេ​ចេញ​មុខ​តវ៉ា​ទាមទារ​ជា​សាធារណៈ​ ឲ្យ​មាន​ការ​ដោះលែង​មេដឹក​នាំ​សហភាព​សហជីព​កម្ពុជា​លោក ​រ៉ុង ឈុន​ ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​ ដោយ​សារ​លោក​និយាយ​រិះគន់​រឿង​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។​

បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​ នា​ដំណាច់​ខែ​កក្កដា​មក​នោះ​ ​ការ​ចាប់​ខ្លួន​មនុស្ស​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​កម្ពុជា​បាន​កើន​ឡើង​ដល់​ ២៤ ​នាក់ ​ដែល​ក្នុង​នោះ​មាន​ ១២​ នាក់ ​ត្រូវ​បាន​ចោទ​ប្រកាន់​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​រង់​ចាំការ​ជំនុំ​ជម្រះ​ ក្រោម​បទ​ចោទ ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្ដិសុខ​សង្គម»។​ នេះ​បើ​យោង​តាម​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ។​

កាល​ពីថ្ងៃ​សុក្រ​ លោក​ស្រី​ Ravina Shamdasani ​អ្នក​នាំ​ពាក្យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ទីក្រុង​ហ្សឺណែវ​ ក៏​បាន​ថ្លែង​បរិហារ​ការ​បង្ក្រាប​នៅ​កម្ពុជា​ផង​ដែរ។

​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​ កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ លោកស្រី​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​តវ៉ា​ដែល​ជាប់ឃុំ​ចំនួន​ ១២ ​នាក់​ ដោយ​«គ្មាន​លក្ខខណ្ឌ»។​ លោកស្រី​បាន​អធិប្បាយ​ថា៖​ «ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នេះ​បង្ហាញ​ឲ្យ​យើង​កាន់​តែ​ឃើញ​នូវ​ការ​មិន​អត់​ឱន​របស់​រដ្ឋាភិបាល ​ចំពោះ​គំនិត​ផ្ទុយ​ពី​ខ្លួន​ និង​ការ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ការ​ជួបជុំ​ដោយ​សន្តិវិធី​ និង​ការ​ចងក្រង​សមាគម»។​

លោក ​ជិន ម៉ាលីន​ រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុតិ្តធម៌​ ប្រាប់​វីអូអេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​មិន​បាន​ដឹង​ពី​ចេតនា​របស់​តំណាង​រាស្ត្រ​អាមេរិក​លោក​ Alan Lowenthal ​ទាក់ទង​នឹង​ការ​រិះគន់​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ចំហ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដោយការ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ក្រុម​សកម្ម​ជន​ និង​អ្នក​រិះគន់​ឯទៀត​ដាក់​ក្នុង​ពន្ធនាគារ​នោះ។​ លោក​ក៏​មិន​បាន​ដឹង​ថា​តំណាង​រាស្ត្រ​រូប​នោះ​មាន​ទំនាក់​ទំនង​យ៉ាង​ដូចម្តេច​ជា​មួយ​ក្រុម​អ្នក​ជំទាស់​ផង​ដែរ។​

«ក៏​ប៉ុន្តែ​គ្រាន់​តែ​ជា​គោល​ការណ៍​ច្បាប់​មតិ​យោបល់ ​និង​ការ​ថ្លែង​ការណ៍​ផ្ទាល់​ខ្លួន​របស់​គាត់​នេះ​ មិន​មាន​ឥទ្ធិ​ពល​អី​ទៅ​លើ​ស្ថាប័ន​តុលាការ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​នោះ​ទេ​ណ៎ា!​ ហើយ​ប្រសិន​បើ​គាត់​ចង់​ជួយ​ក្រុម​ទាំង​អស់​ហ្នឹង​គឺ​ថា​ មាន​តែ​ការ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​ទេ ហើយ​បង្ហាញ​មូលដ្ឋាន​ឲ្យ​បាន​រឹង​មាំ​ណ៎ា!​ មូលដ្ឋាន​ច្បាប់​ឲ្យ​បាន​រឹងមាំ​ដើម្បី​ធ្វើ​ការ​ការពារ​ដោះ​បន្ទុក​តាម​ផ្លូវ​ច្បាប់​ និង​នីតិវិធី​តុលាការ​របស់​កម្ពុជា ​ដែល​ជា​រដ្ឋ​អធិប​តេយ្យ​បាទ»។​

លោក​ ជិន ម៉ាលីន​ ដែល​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ផង​នោះ ​មាន​ប្រសាសន៍​ថា​ ការ​ចាប់​ខ្លួន​ក្រុម​សកម្ម​ជន​កន្លង​មក​នោះ​ មិនមែន​ជា​ទម្រង់​នៃ​ការ​វាយ​ប្រហារ​ទៅ​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​កម្ពុជា​ទេ ​ប៉ុន្តែ​វា​ជា​វិធាន​ការ​ច្បាប់។​

«បាទ​ ការ​ចាប់​ខ្លួន​អ្នក​ដែល​ប្រព្រឹត្ត​លើ្មស​ច្បាប់​នេះ​ មិន​មែន​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​ទេ ​ក៏​ប៉ុន្តែ​ជា​គឺ​ជា​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ តាម​រយៈ​យន្តការ​នៃ​ការ​អនុវត្ត​ច្បាប់​បាន​ន័យ​ថា​ អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់»។​

នៅ​មុន​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផ្ទួនៗ​គ្នា​ពី​អង្គការ​សហ​ប្រជាជាតិ​ និង​បណ្តា​ប្រទេស​លោក​សេរី​មួយ​ចំនួន ​ដែល​ធ្វើការ​រិះគន់​សកម្ម​ភាព​បង្ក្រាប​នៅ​កម្ពុជា​នោះ លោក​ឧត្តម​សេនីយ៍​ឯក ​ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កងទ័ព​ជើងគោក​និង​ជា​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​ថ្លែង​ពី​ការ​ប្តេជ្ញា​របស់​កងទ័ព​ក្នុង​ការ​ការពារ​សុខ​សន្តិភាព​ នៅ​ក្នុង​ពិធី​រំឭក​ខួប​គម្រប់ ១១ ​ឆ្នាំ​ នៃ​ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស ​នា​ខេត្ត​កណ្តាល ​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន។​

ប៉ុន្តែ​ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​រូប​នេះ​បាន​ស្តី​បន្ទោស​ដល់​ក្រុម​ជំទាស់​ខ្លះ​និង​សកម្ម​ភាព​សង្គម​ស៊ីវិល​ខ្លះ​ ដែល​លោក​ថា​ កំពុង​ព្យាយាម​ធ្វើ​ហួស​កម្រិត​ព្រំដែន​នៃ​ប្រជា​ធិបតេយ្យ​ ហើយ​ក្លាយ​ជា​រឿង​អាណាធិបតយ្យ​ និង​បំផ្លាញ​ប្រជា​ធិបតេយ្យ។

«ពាក្យ​ថា​ប្រជា​ធិបតេយ្យ​មួយ ​វា​ធំ​ទូលំ​ទូលាយ​ណាស់​ ប៉ុន្តែ​ជា​គោល​មួយ​នៅ​គ្រប់​ប្រទេស​ទាំង​អស់​វា​ត្រូវ​ផ្អែក​ទៅ​លើ​ច្បាប់​ ផ្អែក​ទៅ​លើ​នីតិរដ្ឋ។​ បើ​ប្រជា​ធិបតេយ្យ​គ្មាន​ច្បាប់​ បាន​ន័យ​ថា​ វា​អាណាធិប​តេយ្យ»។​

លោក​ ហ៊ុន ម៉ាណែត​ ក៏​បាន​ក្រើន​រំឭក​កងទ័ព​ឲ្យ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ចំពោះ​ «ល្បិច​កល​ចិត្ត​សាស្ត្រ»​រ បស់​ក្រុម​អ្នក​រិះគន់​ដែល​លោក​ថាមាន​ចេតនា​បំផ្លាញ​សាមគ្គី​ផ្ទៃ​ក្នុង​កងទ័ព។​ លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ មិន​ឲ្យ​ជន​ណា​ប្រើ​សិទ្ធិ​ហួស​ដែន​កំណត់​ក្នុង​ច្បាប់​មក​បំផ្លាញ​សន្តិភាព​នោះ​ទេ៕​

XS
SM
MD
LG