ប្រជាពលរដ្ឋអាមេរិកាំងបានធ្វើការគោរពខួបលើកទី១៣នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញាកាលពីថ្ងៃព្រហស្បតិ៍។
នៅទីកន្លែងអតីតអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (World Trade Center) ក្រុមគ្រួសារនិងមិត្តភក្តិបានអានឈ្មោះរបស់មនុស្សជិត៣.០០០នាក់ ដែលបានត្រូវសម្លាប់ក្នុងទីក្រុងញូវយ៉ក មន្ទីរបញ្ចកោណ (ក្រសួងការពារជាតិ) និងនៅជិតទីក្រុង Shanksville រដ្ឋ Pennsylvania។
លោកប្រធានាធិបតីអូបាម៉ានិងលោកជំទាវ បានរក្សាការស្ងៀមស្ងាត់នៅសួនច្បារខាងត្បូងសេតវិមានស្របពេលដែលយន្តហោះគេប្លន់ទីមួយ បានបុកក្នុងទីក្រុងញូវយ៉ក។
លោកប្រធានាធិបតីអូបាម៉ានិងលោកជំទាវ ក៏បានចូលរួមក្នុងពិធីនៅមន្ទីរបច្ចកោណ ជាទីបញ្ជាការសហរដ្ឋអាមេរិក ដែលនៅទីនោះមនុស្សរាប់រយនាក់ បានត្រូវសម្លាប់បន្ទាប់ពីយន្តហោះដែលគេប្លន់ទី៣ បានបុកអគារក្រសួងការពារប្រទេសសហរដ្ឋអាមេរិកនោះ៕