សភាស.រ.អា.បានអនុម័តសេចក្តីសម្រេចចិត្តរួមគ្នាមួយសុំដល់ប្រធានាធិបតី Donald Trump ឱ្យគាត់និយាយប្រឆាំងនឹងក្រុមស្អប់ខ្ពើមមួយដែលគាំទ្រការរើសអើងខាងពូជសាសន៍ ភាពជ្រុលនិយម ការប្រឆាំងនឹងពួកជនអំបូរជ្វីព និងពួកជនស្បែកសដែលយល់ថាខ្លួនឯងប្រសើរជាងគេ។
សភាតំណាងរាស្ត្រអាមេរិកាំងបានអនុម័តសេចក្តីសម្រេចចិត្តនេះកាលពីថ្ងៃអង្គារ មួយថ្ងៃក្រោយពីព្រឹទ្ធសភាស.រ.អា.បានផ្តល់ការយល់ព្រមរបស់ពួកគេ។
នៅពេលនេះវិធានការនេះបានត្រូវបញ្ជូនទៅឱ្យ Trump ដែលបានត្រូវរិះគន់ដោយសារការឆ្លើយតបរបស់គាត់ដល់អំពើហិង្សានៅក្នុងការប្រមូលផ្តុំរបស់ពួកជនស្បែកសជាតិនិយមកាលពីខែមុននៅក្នុងក្រុង Charlotteville រដ្ឋ Virginia។ លោក Mark Warner សមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យបានដាក់ស្នើសេចក្តីសម្រេចចិត្តនេះជាមួយក្រុមមួយនៃពួកអ្នកឧបត្ថម្ភរួមមកពីគណបក្សទាំងពីរគឺលោក Tim Kaine និងលោក Richard Blumenthal ខាងគណបក្សប្រជាធិបតេយ្យ និងលោក Cory Gardner លោកJohnny Isakson និងលោកស្រី Lisa Murkowski ខាងគណបក្ស
សាធារណរដ្ឋ។ សេចក្តីសម្រេចចិត្តនេះនិយាយយោងដល់ការប្រមូលផ្តុំមួយកាលពីថ្ងៃទី១១ខែសីហាដោយ «ពួកជាតិនិយមស្បែកស ពួកជនស្បែកសដែលយល់ថាខ្លួនឯងល្អប្រសើរជាងគេ ពួក Ku Klux Klan និងពួក Nazi ថ្មីរាប់រយនាក់កាន់ចន្លុះ» ដែលបានស្រែកបន្ទរពាក្យស្លោកបែបប្រកាន់ពូជសាសន៍ និងប្រឆាំងនឹងពួកជនអំបូរជ្វីព និង «បានវាយប្រហារយ៉ាងឃោរឃៅទៅលើពួកអ្នកប្រឆាំងនឹងបាតុកម្មរបស់ពួកគេ៕