ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បញ្ជាក់​ថា រុស្ស៊ី​កំពុង​ប្រឹងប្រែង​បង្កើត​ប្រព័ន្ធ​ក្នុង​អវកាស​ប្រឆាំង​ផ្កាយ​រណប


រូបឯកសារ៖ រ៉ុក្កែត Soyuz របស់រុស្ស៊ីបានចេញហោះហើរ​ចេញពី​មូលដ្ឋាន​​ស្ថានអវកាស​របស់​រុស្ស៊ី​ នៅតំបន់ Baikonur ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ (Roscosmos Space Agency Press Service photo via AP)
រូបឯកសារ៖ រ៉ុក្កែត Soyuz របស់រុស្ស៊ីបានចេញហោះហើរ​ចេញពី​មូលដ្ឋាន​​ស្ថានអវកាស​របស់​រុស្ស៊ី​ នៅតំបន់ Baikonur ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ (Roscosmos Space Agency Press Service photo via AP)

ការ​គំរាម​សន្តិសុខជាតិ​ថ្មី​មួយបាន​ធ្វើ​ឱ្យ​មន្ត្រី​អាមេរិកមួយ​ចំនួន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ មាន​ការ​ខ្វាយខ្វស់​បារម្ភ​ក្នុង​ចិត្ត ​និងធ្វើ​ឱ្យ​មាន​ការ​អំពាវនាវដោយ​ជំរុញ​ដល់​ពលរដ្ឋ​អាមេរិកាំង​ កុំ​ឱ្យ​ភ័យ​ស្លន់ស្លោ​ ​ជុំវិញ​សមត្ថភាព​ថ្មី​មួយ​របស់​រុស្ស៊ី ​ក្នុង​ការ​ប្រឆាំង​ផ្កាយរណប​លើ​លំហអាកាស។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា​ រឿង​នេះ​មិន​មែន​ជា​ការ​គំរាមកំហែងបន្ទាន់​ភ្លាមៗ​ដល់​អាយុ​ជីវិត​ឬ​បង្ក​គ្រោះថ្នាក់​នោះ​ឡើយ។​

ទី​ប្រឹក្សា​ទំនាក់ទំនងសន្តិសុខ​ជាតិ​អាមេរិក​ លោក John Kirby បដិសេធ​មិន​និយាយ​លម្អិត​ពី​សមត្ថភាព​ដែល​កំពុង​លេច​ឡើង​របស់​រុស្ស៊ី​ជុំវិញ​បញ្ហា​នេះ​ទេ ប៉ុន្តែថា ​ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិកនានា​ បាន​និង​កំពុង​តាមដាន​ត្រួតពិនិត្យនូវការ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រព័ន្ធ​ឧបករណ៍​របស់​រុស្ស៊ី​ និង​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​ទាក់ទងប្រាប់ទៅ​សម្ព័ន្ធមិត្ត​របស់​ខ្លួនរូច​ហើយ​ ពីជំហាន​បន្ទាប់​ដែលត្រូវ​ធ្វើ។​ ​

លោក Kirby បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ នេះ​មិនមែន​ជា​សមត្ថភាព​ដ៏​សកម្មដែល​ត្រូវ​បានដាក់​ឱ្យ​ប្រើរួច​ហើយ​នោះ​ទេ។​ លោក​បន្ថែម​ទៀត​ថា​៖ «ទោះ​បី​ជា​រុស្ស៊ី​កំពុង​ប្រឹងប្រែង​បង្កើត​ឱ្យមាន​សមត្ថភាព​ជា​ពិសេស​នេះ​ជា​ការបារម្ភ​ក៏​ដោយ ក៏ពុំ​មាន​ការ​គំរាមកំហែងបន្ទាន់​ណា​មួយ​ ដល់​សុវត្ថិភាពរបស់​នរណា​ម្នាក់​ឡើយ»។ ​

ការ​ពន្យល់​បកស្រាយ​និង​ការ​ប្រឹងប្រែង​ដើម្បី​ធានា​ដល់​សាធារណជននេះ​ កើត​មាន​ឡើងតែ​ជាង​២៤​ម៉ោង​ប៉ុណ្ណោះ​ ​ក្រោយពីសមាជិក​សភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម ដោយ​ទាមទារ​ឱ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Joe Biden​ ​ ត្រូវ​ចាត់​ចំណាត់​ថា្នក់ព័ត៌មាន​ស៊ើបការណ៍​នោះ​ថាមិន​មែន​ជា​រឿង​សម្ងាត់​ទេ ដោយ​ត្រូវ​បា្រប់​ដល់​សាធារណជន​អាមេរិកាំង និង​សម្ពន្ធមិត្ត​របស់​ខ្លួន ដើម្បី​អាច​ត្រៀម​លក្ខណៈ​ធ្វើការ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ។​

សមាជិក​រដ្ឋសភា​អាមេរិក​នៃ​បក្ស​សាធារណរដ្ឋ​ លោក Mike Turner ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​នៃ​រដ្ឋសភា​អាមេរិក​ ​បានផ្សព្វផ្សាយ​នូវ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​ព្រមាន​ពី​ការ​គំរាមកំហែង​សន្តិសុខ​ជាតិ​ដ៏​ធ្ងន់ធ្ងរ​មួយ។ ​

ទាំង​សេតវិមាន​និង​ក្រសួង​ការពារ​ជាតិ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ មិនបាន​និយាយ​បន្ធូរបន្ថយ​ពីភាព​ចំាបាច់លើរឿង​នេះ​ថា មិនមែន​ជាបញ្ហា​បន្ទាន់​នោះ​ឡើយ​ ខណៈ​ទទួល​ស្គាល់​ថា ការ​វិវត្តទៅ​មុខ​របស់​រុស្ស៊ី​ក្នុង​រឿង​នេះធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​នោះ។​ ​

ចំណែក​រុស្ស៊ី​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អាមេរិក ស្តី​ពី​សមត្ថភាព​វាយប្រហារ​ផ្កាយរណបដោយ​រុស្ស៊ី​នោះ ថា​ជា​«ការ​កុហក​ព្យាបាទ»។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក​ Dmitry Peskov បាន​ចោទ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា បង្កើត​ល្បិចកល​ដើម្បី​ឱ្យ​សមាជិក​សភា​អាមេរិក​ផ្តល់​ថវិកា​ចំណាយបន្ថែម​ទៀត។

បើ​ទោះ​បីជា​រឿង​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើលស្រឡាំងកាំងក្នុង​ចំណោម​មន្ត្រីសេតវិមាន​និង​សមាជិក​សភា​មួយ​ចំនួន ពី​របៀប​ដែលមហាជន​ត្រូវ​បាន​គេប្រាប់​ឱ្យ​ដឹង​ពី​ការ​គំរាមកំហែង​នោះ​ក៏​ដោយ​ ក៏​មាន​ការ​ឯកភាព​ជា​ទូទៅក្នុង​សហរដ្ឋ​អាមេរិកផង​ដែរ​ថា​ ការ​គំរាម​ពី​គ្រោះថ្នាក់នេះគឺ​មាន​ពិត​ប្រាកដ។​ ​

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់អាមេរិក​នានា​ បានធ្វើ​ការ​ព្រមានជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​ រុស្ស៊ី​និង​ប្រទេស​ចិន​ កំពុង​ប្រឹងប្រែងបង្កើត​អាវុធ​«ប្រឆាំង​នឹងផ្កាយរណប​ក្នុង​កម្រិត​ពេញលេញ​មួយ» និង​បាន​កត់​សម្គាល់​ថា​ ការ​អភិវឌ្ឍនិង​ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​អាវុធ​នេះ​ ​«អាច​ប៉ះពាល់​ដល់​សមត្ថភាព​ប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក» ផង​ដែរ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG