សេតវិមានរួមជាមួយនឹងមន្ត្រីអាមេរិកកំពូលៗដទៃទៀតកំពុងខ្នះខ្នែងធានាដល់សាធារណជនអាមេរិកាំង ក្រោយពីសមាជិកសំខាន់ម្នាក់នៃរដ្ឋសភាអាមេរិកបានប្រកូកប្រកាសឱ្យប្រុងប្រយ័ត្នអំពី «ការគំរាមធ្ងន់ធ្ងរចំពោះសន្តិសុខជាតិ» ដែលសហរដ្ឋអាមេរិកកំពុងប្រឈម។
នៅក្នុងការប្រកូកប្រកាសមិនធម្មតាមួយដែលធ្វើឱ្យសមាជិករដ្ឋសភាមួយចំនួនមានការភ្ញាក់ផ្អើល ប្រធានគណៈកម្មាធិការរដ្ឋសភាទទួលបន្ទុកកិច្ចការស៊ើបការណ៍សម្ងាត់លោក Mike Turner បានអំពាវនាវជាសាធារណៈដល់លោកប្រធានាធិបតី Joe Biden ឱ្យបញ្ចេញព័ត៌មានសម្ងាត់ជាសាធារណៈអំពីការគំរាមមួយដែលគេមិនប្រាប់ឈ្មោះ ដើម្បីឱ្យសាធារណជនអាមេរិកាំងនិងសម្ព័ន្ធមិត្តរបស់អាមេរិកអាចបង្កើតការឆ្លើយតបបាន។
លោក Turner ដែលជាសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋនេះ បានបដិសេធបកស្រាយបន្ថែម។ ប៉ុន្តែនៅក្នុងសារអ៊ីមែលមួយដែលលោកបានផ្ញើទៅកាន់សហការីរបស់លោកនិងដែលត្រូវបានចែកផ្សាយបន្តលើបណ្តាញសង្គមអនឡាញដោយស្ថាប័នសារព័ត៌មាននានា លោកបានហៅគ្រោះថ្នាក់នោះថាជា «សមត្ថភាពធ្វើឱ្យមានអស្ថិរភាពដោយយោធាបរទេស»។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលបានស្រង់សម្តីមន្ត្រីអាមេរិក បានរាយការណ៍កាលពីយប់ថ្ងៃពុធថា ការគំរាមនោះពាក់ព័ន្ធនឹងសមត្ថភាពលើដែនអវកាសថ្មីមួយរបស់រុស្ស៊ី។
ប៉ុន្តែ មន្ត្រីអាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារភាពរសើបនៃព័ត៌មានសម្ងាត់នេះ បានថ្លែងថា គ្រោះថ្នាក់នេះគឺសំខាន់ តែវាមិនបន្ទាន់នោះទេ៕
វេទិកាបញ្ចេញមតិ