សហរដ្ឋអាមេរិកបានថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងកុងនៅក្នុងការពន្យារពេលមួយឆ្នាំសម្រាប់ការបោះឆ្នោតរដ្ឋសភាដែលបានគ្រោងធ្វើឡើងនៅថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ម្សិលមិញថា៖ «គ្មានហេតុផលយកជាការបានណាមួយសម្រាប់ការពន្យារពេលដ៏យូរដូច្នេះទេ»។ លោកបានបន្ថែមថា៖ «ការបោះឆ្នោតគួរតែធ្វើឡើងកៀកនឹងថ្ងែទី ៦ ខែកញ្ញា តាមតែអាចធ្វើទៅបាន»។
លោក Pompeo បានបន្តថា ប្រសិនបើការបោះឆ្នោតមិនធ្វើឡើងតាម «របៀបដែលឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទៈ និងបំណងប្រាថ្នារបស់ពលរដ្ឋហុងកុង» នោះទេ នោះទីក្រុងហុងកុង «នឹងបន្តដំណើររបស់ខ្លួនឆ្ពោះទៅកាន់ការក្លាយជាទីក្រុងមួយទៀតដែលគ្រប់គ្រងតាមបែបកុម្មុយនិស្តនៅប្រទេសចិន»។
លោក Pompeo បានហៅការពន្យារពេលបោះឆ្នោតនេះថាជា «ទង្វើដ៏គួរឲ្យសោកស្ដាយ» មួយ ដែលសរបញ្ជាក់ឲ្យឃើញពីគោលបំណងរបស់រដ្ឋាភិបាលចិននៅក្នុងការមិនគោរពតាមសេចក្ដីប្រកាសរួមគ្នារវាងចិននិងចក្រភពអង់គ្លេស ដែលជាសន្ធិសញ្ញាមួយរបស់អង្គការសហប្រជាជាតិ និងជាច្បាប់មូលដ្ឋាន នៅពេលដែលចក្រភពអង់គ្លេសប្រគល់ទីក្រុងហុងកុងជូនប្រទេសចិនវិញកាលពីឆ្នាំ ១៩៩៧។
មេដឹកនាំទីក្រុងហុងកុងអ្នកស្រី Carrie Lam បានប្រកាសកាលពីថ្ងៃសុក្រថា ការបោះឆ្នោតរដ្ឋសភាទីក្រុងហុងកុងនឹងត្រូវពន្យារពេលមួយឆ្នាំ ដោយសារតែបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ការពន្យារពេលនេះត្រូវបានគេមើលឃើញថាជាការប៉ះពាល់ដល់ក្រុមខាងគាំទ្រប្រជាធិបតេយ្យ ដែលក្រុមនេះត្រូវគេរំពឹងយ៉ាងខ្លាំងថានឹងទទួលបានលទ្ធផលល្អនៅក្នុងការបោះឆ្នោត៕