ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ស.រ.អ. ថ្កោលទោស​ការប៉ុនប៉ង​របស់​ក្រុង​ហុងកុង​លុប​បំបាត់​ប្រវត្តិ​នៃ​ការសម្លាប់​រង្គាល​នៅ​ទីលាន Tiananmen


រូបឯកសារ៖ រូប​ដែល​មាន​លក្ខណៈ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ៤ មិថុនា នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ សហ​រដ្ឋ​អាមេរិក ​បាន​ថ្កោលទោស​សកម្មភាព​របស់​អាជ្ញាធរ​ហុងកុងទប់ស្កាត់​ការ​ប្រឆាំង​ដោយ​ប្រកាស​ថា​ មាន​ការ​ព្យាយាម​លុប​បំបាត់​ការ​ចងចាំ​អំពី​ការ​សម្លាប់​រង្គាល​នៅ​ទីលាន​ Tiananmen ​នៅ​ពេល​ជិត​ដល់​ថ្ងៃ​ខួប​ការសម្លាប់​រង្គាល​នេះ។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ហៅ​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ទៅ​លើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទីលាន Tiananmen នៅ​ថ្ងៃទី​៤ ​ខែ​មិថុនា​ ឆ្នាំ១៩៨៩ថា​ ជា​ការ​សម្លាប់​រង្គាល។​

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​លោកស្រី Jalina Porter បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា «សហ​រដ្ឋ​អាមេរិក​ថ្កោលទោស​សកម្មភាព​របស់​អាជ្ញាធរ​ហុងកុង​ដែល​បាន​ជំរុញ​ឱ្យអ្នក​រៀបចំ​បិទសារ​មន្ទីរ​អំពី​ការ​សម្លាប់​រង្គាល​នៅ​ថ្ងៃទី​៤​មិថុនា​ ដែល​រំឭក​ដល់​ការ​សម្លាប់​រង្គាល​នៅ​ទីលាន Tiananmen ឆ្នាំ​១៩៨៩»។

លោកស្រី Porter បាន​បន្ថែម​ថា «អាជ្ញាធរ​ក្រុង​ហុងកុង​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បន្ត​បំបិទ​សំឡេង​ប្រឆាំងដោយ​ព្យាយាម​លុបចោល​រឿង​រ៉ាវ​អំពី​ការ​សម្លាប់​រង្គាល​ដ៏​សាហាវ​ចេញ​ពី​ប្រវត្តិសាស្ត្រ»។ ការ​អត្ថាធិប្បាយ​ខ្លាំងៗ​របស់​ក្រសួង​ការបរទេស​នេះ​ធ្វើឡើង​ នៅពេល​ដែល​សារ​មន្ទីរ​អំពី​ការ​សម្លាប់​រង្គាល​នៅ​ថ្ងៃទី​៤​ មិថុនា​របស់​ទីក្រុង​ហុងកុង​បាន​និយាយ​ថា សារមន្ទីរ​នេះ ​នឹងត្រូវ​បិទ​ជា​បណ្តោះ​អាសន្ន​ដោយសារ​អាជ្ញាធរ​ស៊ើប​អង្កេត​អំពី​អាជ្ញាបណ្ណ។

ប៉ុន្មាន​ថ្ងៃ​មុន​ពិធី​រំឭក​ខួប ក្រសួង​អនាម័យ​ចំណី​អាហារ​និង​បរិស្ថាន​ទីក្រុង​ហុងកុង​បាន​បញ្ជាក់​ថា សារមន្ទីរ​មិន​បាន​ទទួល​អាជ្ញាបណ្ណ​ទេ​ ហើយ​អាច​រំលោភ​បទបញ្ញត្តិ។

សារមន្ទីរ​បាន​បញ្ចាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍ថា​ សារមន្ទីរ​នេះ​ នឹង​បិទ​រហូតដល់​មាន​ការ​ជូន​ដំណឹង​បន្ថែម​ដើម្បី​ការពារ​សុវត្ថិភាព​បុគ្គលិក​និង​ភ្ញៀវ​ ហើយ​ត្រូវ​ការ​ការ​ណែនាំ​ផ្នែក​ច្បាប់​បន្ថែម​ទៀត៕

XS
SM
MD
LG