លោក Kurt Tong ឧបការីរងជាន់ខ្ពស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកជំនួញ និងសេដ្ឋកិច្ច មានប្រសាសន៍ចំៗថា អំពើពុករលួយនៅកម្ពុជាបានបង្កជាឧបសគ្គក្នុងការនាំយកវិនិយោគទុនពីសហរដ្ឋអាមេរិកមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។
មានប្រសាសន៍នៅក្នុងពិធីពិភាក្សាតុមូលជាមួយក្រុមអ្នកកាសែតប្រមាណ៥ស្លាប័នផ្សេងៗគ្នានៅស្ថានទូតសហរដ្ឋអាមេរិក លោក Tong បានបញ្ជាក់ថា៖«បញ្ហាកើតចេញពីអំពើពុករលួយ ខ្ញុំបានឮត្រួសៗថា មានក្រុមហ៊ុនមួយចំនួនដែលបានលើកឡើងយ៉ាងច្បាស់ពីបញ្ហាអំពើពុករលួយនេះ ហើយខ្ញុំគិតថា ការតាំងចិត្តពីសំណាក់ក្រុមហ៊ុនវិនិយោគបរទេស ជាពិសេសក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក ខ្ញុំគិតថា ក្រុមហ៊ុនវិនិយោគបរទេសមានតួនាទីក្នុងការបង្កើតជាឧទាហរណ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ»។
លោក Tong បានមកបំពេញទស្សនៈកិច្ចក្នុងប្រទេសកម្ពុជាចំនួន៣ថ្ងៃចាប់ពីថ្ងៃពុធរហូតមកដល់ថ្ងៃសុក្រនេះ។
នៅក្នុងអំឡុងពេលបំពេញទស្សនៈកិច្ចក្នុងប្រទេសកម្ពុជា លោកបានជួបជាមួយលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកជំនួញមួយចំនួន។
លោក Tong មានប្រសាសន៍ថា ក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោករដ្ឋមន្ត្រីបានអះអាងជាមួយលោកថា កម្ពុជាបានទទួលស្គាល់ថា មានអំពើពុករលួយ ក៏ប៉ុន្តែរដ្ឋាភិបាលបច្ចុប្បន្ននេះបានកំពុងកែទម្រង់ឲ្យស៊ីជម្រៅទៅលើបញ្ហានេះដើម្បីឲ្យបរិយាកាសវិនិយោគទុននៅកម្ពុជាមានភាពល្អប្រសើរឡើងវិញ។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តែមិនអាចទាក់ទងបានទេ ដោយសារទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
លោកស៊ុន ចាន់ថុល កាលពីចុងឆ្នាំ២០១៤ បានទៅបំពេញទស្សនៈកិច្ចនៅសហរដ្ឋអាមេរិកដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិកមកកម្ពុជា។ ប៉ុន្តែថ្វីបើមានការលើកទឹកចិត្តយ៉ាងនេះក្តី ក៏ក្រុមហ៊ុនអាមេរិកធំៗនៅតែមិនទាន់ហ៊ានបង្កើនទុនវិនិយោគនៅប្រទេសកម្ពុជានៅឡើយទេ។
លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា អ្នកវិនិយោគទុនមកពីបស្ចឹមប្រទេសបានយកចិត្តទុកដាក់ខ្លាំងបំផុតអំពីបញ្ហាអំពើពុករលួយ ដោយសារវាខុសច្បាប់នៅក្នុងប្រទេសរបស់ពួកគេ។
លោកបានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា យើងទទួលស្គាល់ថា បញ្ហាអំពើពុករលួយនេះអាចបង្កឲ្យរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាការធ្វើឲ្យអ្នកវិនិយោគមានការខ្លាចរអាក្នុងការមកធ្វើវិនិយោគ។
លោកនិយាយថា៖ «យើងឃើញមានបញ្ហាធ្ងន់ធ្ងរ។ គាត់មានភាពស្មុគស្មាញក្នុងការចុះបញ្ជី មានការយកលុយថែម ការបំពេញសេវាកម្មមួយចំនួន ហើយការបង់ពន្ធរៀបចំលិខិតស្នាមធ្វើការបង់ពន្ធក៏មានបញ្ហាស្មុគស្មាញ ហើយអាចមានបញ្ហាអំពើពុករលួយខ្លះទៀត»។
សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី ប្រទេសអង់គ្លេស និងបណ្តាប្រទេសមួយចំនួននៅបែកអឺរ៉ុប ដែលមានច្បាប់ហាមឃាត់ការសូកប៉ាន់មន្ត្រីសារធារណៈពាក់នឹងអំពើពុករលួយមិនទាន់បានមកវិនិយោគទុនលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជានៅឡើយទេ លើកលែងតែប្រទេសចិន និងប្រទេសមួយចំនួននៅជិតខាងកម្ពុជា ដូចជាប្រទេសវៀតណាមជាដើម៕