មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកផ្នែកកងទ័ពជើងទឹកមួយរូបអះអាងថា ក្នុងនាមកម្ពុជាជាប្រទេសដែលមានដែនសមុទ្រ ប្រទេសនេះមានតួនាទីក្នុងការថែរក្សាសន្តិសុខនៅសមុទ្រចិនខាងត្បូង ដែលប្រទេសចិនកំពុងមានជម្លោះដែនទឹកជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួន។
ថ្លែងនៅពីមុខនាវាចម្បាំង USS SAVANNAH ដែលបានចូលចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី ១៦ ខែធ្នូ ឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកឡើងថា៖ «កម្ពុជាគឺប្រជាជាតិមួយមានសមុទ្រ ហើយកម្ពុជាមានទឹកដីសមុទ្រផ្ទាល់ខ្លួន។ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខ ដែលមានសិទ្ធិឯករាជ្យ។ ដូច្នេះ ផ្តើមចេញពីតថភាពពិតបែបនេះ កម្ពុជាមានតួនាទីមួយនៅក្នុងសន្តិសុខតាមដែនសមុទ្រ ដូចជាក្នុងសមុទ្រចិនខាងត្បូង ដូចគ្នានឹងប្រជាជាតិដែលមានសមុទ្រឯទៀត។ ដូច្នេះ កម្ពុជាពិតជាមានតួនាទីនៅក្នុងការតម្កល់ទុកវិធានទាំងឡាយសម្រាប់អធិបតេយ្យភាពរបស់ខ្លួន»។
លោក Paparo ថ្លែងបន្ថែមថា៖ «ប្រទេសកម្ពុជា គឺសមាជិករបស់អាស៊ាន។ គោលនយោបាយរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺមជ្ឈភាពរបស់អាស៊ានដែលជាការគោរពចំពោះអាស៊ាន ជាអង្គការអន្តរជាតិមួយ។ ដូច្នេះ ជាការពិត រឿងគឺវាអ៊ីចឹង ហើយកន្លែងណាដែលសហរដ្ឋអាមេរិកអាចសហការបាន គឺតាមរយៈអធិបតេយ្យភាពរបស់កម្ពុជា ដែលយើងគិតជារួមទៅឃើញថា បានរួមចំណែកដល់សន្តិសុខសមុទ្រសម្រាប់ផលប្រយោជន៍រួមរបស់សកលលោក ដូចជាសមុទ្រចិនខាងត្បូង»។
អំឡុងពេលមានវត្តមាននៅប្រទេសកម្ពុជា លោកឧត្តមនាវី Samuel J. Paparo បានចូលជួបពិភាក្សាជាមួយក្រុមមេដឹកនាំយោធាកម្ពុជា ក្នុងនោះគឺអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត។
វត្តមានរបស់ឧត្តមនាវី Samuel J. Paparo នៅកម្ពុជា បានកើតមានឡើង ស្របពេលមានការចូលចតរបស់នាវាចម្បាំង USS SAVANNAH នៅក្នុងកំពង់ផែទឹកជ្រៅព្រះសីហនុ រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤។
នៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃពុធ ឧត្តមនាវី Samuel J. Paparo ក៏បានលើកឡើងថា សហរដ្ឋអាមេរិកបន្តរង់ចាំមើលឥរិយាបថរបស់ទំនាក់ទំនងនៃកងទ័ពរំដោះប្រជាជនចិននៅមូលដ្ឋានជើងទឹកសមុទ្ររាមរបស់កម្ពុជា។
ទោះយ៉ាងណា លោកថា សហរដ្ឋអាមេរិកគោរពការសម្រេចចិត្តរបស់កម្ពុជាក្នុងការធ្វើទំនាក់ទំនងជាមួយចិន ហើយនៅពេលវេលាសមស្របមួយ សហរដ្ឋអាមេរិកអាចមានការបំពេញទស្សនកិច្ចនៅរាម ខណៈសហរដ្ឋអាមេរិកបានឈ្វេងយល់កាន់តែច្រើនអំពីសកម្មភាពរបស់ចិននៅទីនោះ។
បើតាមឧត្តមនាវី Samuel J. Paparo រាល់ការបំពេញទស្សនកិច្ច និងសកម្មភាពរបស់យោធាអាមេរិកជាមួយកម្ពុជា គឺមិនបានធ្វើឡើងជាការឆ្លើយតបនឹងភាគីណាមួយទៀតនោះទេ ពោលគឺការទាក់ទងជាមួយមិត្តដែលមានអធិបតេយ្យភាពគឺកម្ពុជា ដែលបានទទួលនាវាចម្បាំងសហរដ្ឋអាមេរិកចំនួន ២៧ គ្រឿងមកហើយ គិតចាប់តាំងពីឆ្នាំ ២០០៧ មក។
លោក Paparo បញ្ជាក់ឲ្យដឹងទៀតថា ក្នុងពេលជួបពិភាក្សាជាមួយភាគីកម្ពុជា មានការជជែកគ្នាលើការពង្រីកកិច្ចសហការលើការយល់ដឹងអំពីតំបន់នានាក្នុងសមុទ្រ ការពង្រឹងសមត្ថភាពដើម្បីឆ្លើយតបការជួញដូរខុសច្បាប់ ហើយក៏បានព្រមព្រៀងលើការស្វែងរកវិធីផ្លាស់ប្តូរព័ត៌មានអំពីការយល់ដឹងនៃតំបន់សមុទ្រ និងការពង្រីកកម្មវិធីលំហាត់យោធា ហើយក៏អាចនឹងមានការចាប់ផ្តើមឡើងវិញនូវសមយុទ្ធយោធាដែលធ្លាប់ធ្វើកន្លងមក ជាពិសេសលំហាត់យោធាផ្លូវអាកាស និងសមយុទ្ធយោធា «ឆ្មាំអង្គរ»។
ជាមួយគ្នានោះ នៅក្នុងជំនួបរវាងឧត្តមនាវី Samuel J. Paparo និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ភាគីកម្ពុជាបានស្នើដល់ភាគីសហរដ្ឋអាមេរិកពិនិត្យពិភាក្សាលទ្ធភាពធ្វើលំហាត់ហ្វឹកហ្វឺនរួមឡើងវិញ ដូចជាសមយុទ្ធឆ្មាំអង្គរ (Angkor Sentinels) និងសមយុទ្ធទេវតា ប៉ាស៊ីហ្វិក (Pacific Angel) ក៏ដូចជាកិច្ចការផ្សេងទៀត គឺការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងការបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិកដែលបានបាត់ខ្លួនក្នុងទឹកដីកម្ពុជាអំឡុងសង្គ្រាម។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការពារជាតិនាយឧត្តម ឈុំ សុជាត បានទេ តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម។
ដោយឡែក អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ឃើញថា សហរដ្ឋអាមេរិកកំពុងព្យាយាមការពារតួនាទីដែលមានស្រាប់របស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅចំពោះមុខការលេចឡើងនៃមហាអំណាចចិន ហើយកម្ពុជាក៏បានក្លាយជាទីតាំងភូមសាស្ត្រសំខាន់មួយ នៅក្នុងការបន្ថយការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់នេះ ជាពិសេសនៅក្នុងភាពតានតឹងនៅសមុទ្រចិនខាងត្បូង។លោកថ្លែងថា៖ «ស្របពេលដែលកម្ពុជាគឺជាប្រទេសដែលស្ថិតនៅក្នុងតំបន់ជម្លោះ ដូចជាសមុទ្រចិនខាងត្បូងផង អ៊ីចឹងហើយ កម្ពុជាគឺជាដូចជាតំបន់ផ្អែម សម្រាប់ចិនក្នុងការចូលមកដើម្បីពង្រីកឥទ្ធិពលផ្នែកយោធា។ ដូច្នេះ អាមេរិកមើលឃើញថា កម្ពុជាមានតួនាទីសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់បាន បើសិនកម្ពុជាអាចធ្វើតុល្យភាព ទំនាក់ទំនងក្នុងវិស័យសន្តិសុខនិងយោធា ដោយកុំពឹងផ្អែកទៅលើវិស័យសន្តិសុខយោធាទៅលើចិនខ្លាំងពេក។ បើសិនជាពឹងផ្អែកទៅលើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនិងយោធា ឬក៏អាចឈានទៅដល់ការផ្តល់មូលដ្ឋានទ័ពចិននោះ វានឹងធ្វើឲ្យស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់មានភាពរង្គោះរង្គើ»។
បើតាមលោក សេង វណ្ណលី មជ្ឈភាពរបស់អាស៊ានក៏អាចរងផលប៉ះពាល់ក្នុងករណីដែលកម្ពុជាមិនអាចធ្វើឲ្យមានតុល្យភាពនៃទំនាក់ទំនងយោធារបស់ខ្លួនរវាងចិននិងសហរដ្ឋអាមេរិក។ លោកថា សហរដ្ឋអាមេរិកជាញឹកញាប់រំឭកដល់បណ្តាប្រទេសសមាជិកអាស៊ានថា ខ្លួនមានតួនាទីក្នុងការរក្សាវិបុលភាពក្នុងប្លុករបស់ខ្លួន ដោយឈរលើគោលការណ៍មជ្ឈភាពនេះ ហើយបើសិនជាប្រទេសណាមួយងាកចេញពីគោលការណ៍នេះ នោះស្ថិរភាពនិងសន្តិសុខក្នុងតំបន់អាស៊ានអាចសិ្ថតក្នុងហានិភ័យ។
គួរបញ្ជាក់ថា ជម្លោះនៅសមុទ្រចិនខាងត្បូងបានក្លាយជាបញ្ហាចម្រូងចម្រាសរាប់ទសវត្សរ៍មកហើយរវាងប្រទេសចិន និងប្រទេសជាសមាជិកមួយចំនួនរបស់អាស៊ាន រួមមានប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ៕
វេទិកាបញ្ចេញមតិ