នាយឆ្មាំឆ្នេរសមុទ្រស.រ.អាម្នាក់នឹងចេញបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីក្រុមរដ្ឋអាជ្ញាសហព័ន្ធបានចោទប្រកាន់ថាគាត់បានប្រមូលទុកអាវុធដើម្បីបើកធ្វើភេរវកម្មក្នុងប្រទេសក្នុងទំហំធំដែលមិនធ្លាប់មានពីពេលមុនមកទេហើយគាត់ក៏មានគម្រោងការសម្លាប់មនុស្សច្រើននាក់ផងដែរ។
ប៉ូលិសបានចាប់ខ្លួនឈ្មោះ Christopher Paul Hasson កាលពីសប្តាហ៍មុនពីបទចោទប្រកាន់ស្តីពីគ្រឿងញៀននិងការមានអាវុធនៅក្រោយពួកគេបានរកឃើញកាំភ្លើង គ្រាប់រំសេវនិងគ្រឿងញៀននៅក្នុងផ្ទះ Appartment របស់គាត់នាតំបន់ជាយក្រុង Washington។
គេរំពឹងថា ក្រុមរដ្ឋអាជ្ញាសហព័ន្ធនឹងនិយាយបង្ហាញហេតុផលនៅក្នុងសវនាការនៅថ្ងៃព្រហសប្បតិ៍នេះថា Hasson ត្រូវឋិតនៅក្នុងគុកតទៅទៀតរហូតដល់មានការកាត់ក្តីគាត់។
ពាក្យបណ្តឹងរបស់រដ្ឋាភិបាលបាននិយាយថា «ចុងចោទមានបំណងសម្លាប់ពួកជនស៊ីវិលស្លូតត្រង់គ្មានទោសពៃរ៍ច្រើននាក់ដែលមិនសូវមានធ្វើបែបនោះនៅក្នុងប្រទេស»។ ពាក្យបណ្តឹងនេះហៅ Hasson ថាជា «ភេរវជនក្នុងប្រទេសម្នាក់ដែលមានបំណងប្រព្រឹត្តសកម្មភាពប្រកបដោយគ្រោះថ្នាក់ដល់ជីវិតមនុស្សដោយមានគោលដៅធ្វើឱ្យមានផលប៉ះពាល់ដល់ដំណើរការរដ្ឋាភិបាលផងដែរ»។
ជាមួយគ្រឿងអាវុធ និងគ្រឿងញៀន ពួករដ្ឋអាជ្ញាក៏បានរកឃើញឯកសារដែលក្នុងនោះ Hasson បានអំពាវនាវឱ្យមាន «អំពើហិង្សាប្រកបដោយការផ្តោតការយកចិត្តទុកដាក់» និងបំណងដើម្បី «បង្កើតមាតុភូមិមួយមានតែប្រជារាស្ត្រស្បែកស»។
ក្រុមអ្នកស៊ើបអង្កេតក៏បានរកឃើញដែរនូវបញ្ជីឈ្មោះពួកអ្នកនយោបាយសេរីនិយមដែល Hasson ប៉ងធ្វើឃាត ដោយមានរួមបញ្ចូលលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំង លោក Chuck Schumer មេដឹកនាំពួកប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាស.រ.អា លោកស្រី Alexandria Ocasio-Cortez សមាជិកាសភាស.រ.អ.ខាងគណបក្សប្រជាធិបតេយ្យនិងបេក្ខជនប្រធានាធិបតីស.រ.អ.មួយចំនួនខាងគណបក្សប្រជាធិបតេយ្យផងដែរ។ពួកអ្នកនិយាយទូរទស្សន៍ CNN និង MSNBC សំខាន់ៗខ្លះក៏មានឈ្មោះក្នុងបញ្ជីនេះដែរ៕