ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ក្រុម​និស្សិត​នៅ​អាមេរិក​អំពាវនាវ​ឲ្យ​បិទ​វិទ្យាស្ថាន​ខុងជឺ​ដែល​ឧបត្ថម្ភ​ដោយ​ចិន


រូបឯកសារ៖ Moe Lewis បង្ហាញ​ផ្ទាំង​គំនូរ​ដែល​នាង​គូរ​នៅ​ថ្នាក់​គូរ​គំនូរ​មួយ​នៅ​វិទ្យាស្ថាន​ខុងជឺ​នៃ​សាកល​វិទ្យាល័យ George Mason University ក្នុង​ទីក្រុង Fairfax រដ្ឋ Virginia សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៨។

អង្គការ​នយោបាយ​ធំ​បំផុត​ចំនួន​ពីរ​នៅ​សាកលវិទ្យាល័យ​សហរដ្ឋអាមេរិក កំពុង​អំពាវនាវ​ឲ្យ​បិទ​វិទ្យាស្ថាន​ខុងជឺ​ទាំង​អស់​នៅ​ក្នុង​សហរដ្ឋអាមេរិក ដោយ​និយាយ​ថា វិទ្យាស្ថាន​ដែល​ផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ទាំងនេះ ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុនប៉ង​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ដើម្បីត្រួតត្រា​ការនិយាយ​ស្តី​របស់ចិន​នៅ​តាម​សាកលវិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក។

លិខិត​ចំហ​មួយ​ច្បាប់​របស់​អង្គការ​នយោបាយ​ទាំង​ពីរ​នោះ​បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​ចិន​នៅ​តាម​សាកលវិទ្យាល័យ​សហរដ្ឋអាមេរិក ​«បង្ក​ឲ្យ​មាន​ការគំរាមកំហែង​ដល់​សេរីភាព​នៃ​ការ​សិក្សា​ដូចដែល​យើង​បានដឹង​រួច​ទៅ​ហើយ»។

វិទ្យាស្ថាន Athenai ដែល​ជា​អង្គការ​មិន​យក​ប្រាក់​កម្រៃមួយ​ដែល​ទើប​តែ​បង្កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​ដើម្បី​ផ្តោត​យក​ចិត្ត​ទុកដាក់​លើ​ការ​ដាក់​កម្រិត​ឥទ្ធិពល​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​នៅ​តាម​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក គឺ​ជា​អ្នក​ដែល​បាន​បោះពុម្ពផ្សាយ​លិខិត​ចំហ​នោះ។

បណ្ដា​ហត្ថលេខី​លើ​លិខិត​ចំហ​ចុះ​ថ្ងៃទី១៣ ខែឧសភា នោះ​ រួមមាន​បណ្ដា​មេដឹកនាំ​គណៈកម្មាធិការ​ជាតិ​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​តាម​សាកលវិទ្យាល័យ​និងសមាជិក​ណបក្ស​ប្រជាធិបតេយ្យ​នៅ​តាម​សាកលវិទ្យាល័យ​ក្នុងសហរដ្ឋ​អាមេរិក ក៏​ដូច​ជា​ក្រុមអង្គការ​សិទ្ធិមនុស្ស​ដែល​តំណាង​ឲ្យ​ការ​បន្តការតស៊ូ​របស់​ពលរដ្ឋ​ទីក្រុងហុងកុង ម៉ុងហ្គោលី តៃវ៉ាន់ ទីបេ វីហ្គើ និងអង្គការផ្សេងៗ​ទៀត​ដែល​ប្រឆាំងនឹងចិន។

លោក Rory O’Connor នាយក​វិទ្យាស្ថាន Athenai និង​ជា​អនុប្រធាន​ការ​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក បាន​និយាយ​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​អង្គការ​សម្រាប់​និស្សិត​សមាជិក​គណបក្ស​នយោបាយ​ជាច្រើន ដែល​បានរួបរួមគ្នា​អំពាវនាវ​ឲ្យ​បិទ​វិទ្យាស្ថាន​ខុងជឺ​នេះ។លោកបាន​និយាយ​ទៀតថា ការណ៍​នេះ​ឆ្លុះបញ្ចាំង​ពីការ​ព្រួយកង្វល់​កាន់តែច្រើនឡើង​ក្នុងចំណោម​ក្រុម​និស្សិត​ទៅ​លើ​ឥទ្ធិពល​នៅឯនាយសមុទ្រ​របស់គណបក្ស​កុម្មុយនិស្តចិន។

វិទ្យាស្ថាន​ខុងជឺ​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ Hanban ដែល​ជា​ទីភ្នាក់ងារ​រដ្ឋាភិបាល​ចិន ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​និង​ភាសា​ចិន​ទូទាំង​សកលលោក មាន​ភាពចម្រូងចម្រាស​ជា​យូរយារ​ណាស់​មកហើយ​នៅ​ក្នុង​សហរដ្ឋអាមេរិក​និង​ទីកន្លែង​ផ្សេង​ទៀត ដោយសារ​តែ​វិទ្យាស្ថាន​នេះ​មាន​ចំណង​ទាក់ទង​ដ៏​ជ្រាលជ្រៅ​ជាមួយនឹង​គណបក្ស​កុម្មុយនិស្ត​ចិន។

រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក Marco Rubio ខាង​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ Florida ថ្លែង​នៅ​ឯ​វិមាន​សភា​កាពីតូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០។
រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក Marco Rubio ខាង​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ Florida ថ្លែង​នៅ​ឯ​វិមាន​សភា​កាពីតូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០។

នៅឆ្នាំ២០១៨ សមាជិកព្រឹទ្ធសភា​សហរដ្ឋអាមេរិក​លោក Marco Rubio ខាងគណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ Florida បាន​សរសេរ​ថា៖

«មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការប៉ុនប៉ង​កាន់​តែ​គឃ្លើនរបស់​រដ្ឋាភិបាលចិន​ក្នុងការ​ប្រើ​វិទ្យាស្ថាន​ខុងជឺ​ដើម្បី​ជះឥទ្ធិពល​ទៅ​លើ​ស្ថាប័ន​អប់រំ​បរទេស និង​ការវិភាគ​ស៊ីជម្រៅ​ទៅ​លើ​ប្រវត្តិសាស្រ្ត​របស់​ចិន និង​គោលនយោបាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​របស់​ចិន»។

ក្រុម​អ្នករិះគន់​និយាយ​ថា វិទ្យាស្ថាន​ខុងជឺ​ទាំងនោះ ក៏​បាន​ដាក់​ការគាបសង្កត់​លើ​សាកលវិទ្យាល័យ​នានា​ទាក់ទិន​នឹង​ព្រឹត្តិការណ៍​នានា​ ដូចជា​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ដាឡៃ ឡាម៉ា ឬសន្និសីទ​ស្តីពី​កោះតៃវ៉ាន់ និង​តាមដាន​និង​គំរាមកំហែង​ក្រុម​និស្សិត​ចិន​ដែល​កំពុង​សិក្សា​នៅ​បរទេស​ផង​ដែរ​។ ក៏​ប៉ុន្តែ ជាង​១៨​ខែ​កន្លង​មក​នេះ ការ​ជជែកដេញដោល​ពី​វិទ្យាស្ថាន​ខុងជឺ​នៅ​តាម​សាកលវិទ្យាល័យ ដែលបាន​ផ្តោតលើ​សេរីភាព​នៃ​ការសិក្សា បានផ្តោត​ឡើង​វិញ​លើ​សកម្មភាព​នានា ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ចិន និង​ការគំរាមកំហែង​ទាក់ទិននឹង​ចារកម្មនៅ​តាម​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក។ នេះ​បើ​យោង​តាម​អត្ថបទ​មួយ​ស្តីពី​ការ​បិទ​វិទ្យាស្ថាន​ខុងជឺ​ ដែល​បាន​ចុះផ្សាយ​ក្នុង​អត្ថបទ​មួយ​លើ​ Inside Higher Education។

ការព្យាយាម​សុំ​អត្ថាធិប្បាយ​ពី​វិទ្យាស្ថាន​ខុងជឺ​នៅក្នុង​សហរដ្ឋអាមេរិក មិនបាន​ទទួល​ជោគជ័យ​នោះ​ទេ។

លោក Christopher Wray នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI បានផ្តល់​សក្ខីកម្ម កាលពី​ខែកក្កដា ឆ្នាំ២០១៩ ​ថា វិទ្យាស្ថាន​ខុងជឺ ផ្តល់​ជា​មធ្យោបាយ​ដើម្បី​ផ្សព្វផ្សាយ​អំពី​រដ្ឋាភិបាល​ចិន ឬ​ផ្សព្វផ្សាយ​អំពី​ការ​ឃោសនា​របស់​គណបក្ស​កុម្មុយនិស្ត​ចិន ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​រឹតត្បិត​ព័ត៌មាន​និង​ដាក់​កម្រិត​ទៅ​លើសេរីភាព​នៃការសិក្សា។

គ្រូបង្រៀន​ភាសា​ចិន Li Nana ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Associated Press នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅ​វិទ្យាស្ថាន​ខុងជឺ​នៃ​សាកល​វិទ្យាល័យ George Mason University ក្នុង​ទីក្រុង Fairfax រដ្ឋ Virginia ដែល​ជា​កន្លែង​អ្នកនាង​បាន​បង្រៀន។
គ្រូបង្រៀន​ភាសា​ចិន Li Nana ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Associated Press នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅ​វិទ្យាស្ថាន​ខុងជឺ​នៃ​សាកល​វិទ្យាល័យ George Mason University ក្នុង​ទីក្រុង Fairfax រដ្ឋ Virginia ដែល​ជា​កន្លែង​អ្នកនាង​បាន​បង្រៀន។

វិទ្យាស្ថាន​ខុងជឺ​អះអាង​ថា កម្មវិធី​របស់​ខ្លួន​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​កម្មវិធី​វប្បធម៌​និង​ភាសា​របស់​ក្រុមប្រឹក្សា​អង់គ្លេស (British Council) ឬ Alliance Francaise របស់​បារាំង​នៅ​ជុំវិញ​ពិភពលោក​ដែរ ប៉ុន្តែ​ស្ថាប័ន​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ទាំង​នោះ មិន​ពឹងផ្អែកលើ​វិទ្យាស្ថាន​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ផ្គត់ផ្គង់​ថវិកា​លើ​កម្មវិធី​ភាសា​ចិន​និង​កម្មវិធី​ផ្សេងៗ​ទៀត​នោះ​ទេ។

លោក Caleb Max ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ម្នាក់​នៃ​វិទ្យាស្ថាន Athenai បាន​និយាយ​ថា បញ្ហា​ចម្បង​គឺ​ការណ៍​ដែល​គណបក្ស​កុម្មុយនិស្ត​ចិន ផ្តល់​ថវិកា​ដល់​ វិទ្យាស្ថាន​ខុងជឺ។

លោក Max បាន​និយាយ​ទៀត​ថា៖ «នេះ​មិនមែន​ជា​ការ​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ចិន​ទេ ប៉ុន្តែ​នេះ​ជា​ការ​ប្រឆាំង​នឹង​គណបក្ស​កុម្មុយនិស្ត​ចិន។ យើង​គួរតែ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បង្រៀន​ភាសា​ចិន។ យើង​មិន​ចង់​ឲ្យ​គណបក្ស​កុម្មុយនិស្ត​ចិន​នៅ​ពីក្រោយ​រឿង​ទាំងអស់​នេះ​ទេ»។

អ្នកស្រី Erica Kelly ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តាម​សាកលវិទ្យាល័យ ក្នុង​រដ្ឋ Vigirnia គឺ​ជា​សមាជិក​ម្នាក់​ដែល​បានចុះ​ហត្ថលេខា​លើ​លិខិត​ចំហ​នោះ។ អ្នកស្រី​បាន​និយាយ​ថា នៅ​ឯ​សាកលវិទ្យាល័យ​របស់​អ្នកស្រី​គឺ​សាកលវិទ្យាល័យ George Mason វិទ្យាស្ថាន​ខុងជឺ បាន​រារាំង​សាស្រ្តាចារ្យ​ចិន​មិន​ឲ្យ​បង្រៀន​កម្មវិធី​សិក្សា​មួយ​ចំនួន និង​បាន​ហាម​ប្រាម​ក្រុម​ខ្លះ​នៅ​តាម​សាកលវិទ្យាល័យមិន​ឲ្យ​រៀបចំ​ការ​ពិភាក្សា​ស្តីពី​បញ្ហា​នានា​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់​ទុក​ថា​ជា​រឿង​រសើប ដូចជា​បញ្ហា​ទីបេ និង​តំបន់​ស្វ័យភាព​វីហ្គើ ក្នុង​ខេត្ត​ស៊ីនជាំង​ជាដើម។

អ្នកស្រី Kelly បាន​និយាយ​ទៀត​ថា៖ «ជាច្រើនលើក​ច្រើន​សារ​មក​ហើយ​ដែល​និស្សិតនៅ​សាកលវិទ្យាល័យ​របស់​យើង​ដែល​ជា​និស្សិត​មកពី​សហគមន៍​ទីបេ ឬ​សហគមន៍​ជនជាតិ​វីហ្គើ មាន​អារម្មណ៍​ថា មិន​មាន​សុវត្ថិភាព និង​មិន​ទទួល​បាន​ការ​ស្វាគមន៍ ពីព្រោះ​តែ​វត្តមាន​របស់​វិទ្យាស្ថាន​ខុងជឺ​នេះ។ នេះ​គឺ​ដោយសារ​តែ សមាជិក​របស់​សហគមន៍​វីហ្គើ​គិត​ថា នៅ​ពេល​ដែល​ពួកគេ​និយាយ​រិះគន់ចិន​សមាជិកគ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ចិន​អាច​មាន​គ្រោះថ្នាក់។ ដូច្នេះ​រឿង​នេះ​ប៉ះពាល់​ដល់​ខ្ញុំ និង​ចំពោះសាកលវិទ្យាល័យ​របស់​ខ្ញុំ​ ដែល​ខ្ញុំ​មាន​មោទនភាព។ ដោយ​ហេតុនេះ​ហើយ ការណ៍​នេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ខ្ញុំ ដែល​ខ្ញុំ​ត្រូវ​និយាយ​ចេញ​មក»។

លោក Ian Waite ដែល​ជា​ប្រធាន​សហព័ន្ធ​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​សាកលវិទ្យាល័យ​ក្នុង​រដ្ឋ Virginia បាន​និយាយ​ថា មុន​នឹង​លោក​ចុះហត្ថលេខា​លើ​លិខិត​ចំហ​នោះ លោក​បាន​ធ្វើឲ្យ​ប្រាកដ​ថា ពាក្យ​ពេចន៍​ក្នុង​លិខិត​នោះ បាន​ញែក​ឲ្យ​ដាច់​ពីគ្នា​រវាង​និស្សិត​ជនជាតិ​ចិន​និង​គណបក្ស​កុម្មុយនិស្ត​ចិន ហើយ​លិខិត​នោះ​មិន​មាន​ការ​ស្អប់ខ្ពើម​ជនបរទេស​ ឬ​ប្រកាន់​ពូជសាសន៍​ទេ។

លោក​ជឿថា ក្រុម​និស្សិត​មកពី​ប្រទេសចិន​និង​ជនជាតិ​វីហ្គើ ដែល​កំពុងស្វះស្វែង​សុំសិទ្ធិជ្រកកោន​នៅក្នុង​សហរដ្ឋអាមេរិក គឺ​ជា​ជនរងគ្រោះ​ដ៏​ធំ​បំផុត​នៃ​វិទ្យាស្ថាន​ខុងជឺ​នោះ។

លោក Waite បាននិយាយ​ទៀតថា៖ «ដូច្នេះ​ចំពោះខ្ញុំ លោកអ្នក​ដឹងច្បាស់​ហើយ​ថា មាន​ការបែងចែក​ដាច់​គ្នា​យ៉ាងច្បាស់​រវាងនិស្សិត​ចិន និង​ស្ថាប័ន​ដែល​ទាក់ទិន​នឹង​គណបក្ស​កុម្មុយនិស្ត​ចិន។ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បែងចែក​ឲ្យ​ដាច់​ពី​គ្នា​ដូច្នេះ ព្រោះ​ថា​បើ​យើង​នឹង​ធ្វើការ​ថ្កោលទោស​អំពី​បញ្ហានេះ យើង​ចាំបាច់​ត្រូវ​ច្បាស់​ថា គណបក្ស​កុម្មុយនិស្ត​ចិន​និង​វិទ្យាស្ថាន​ខុងជឺ​គឺ​ជា​បញ្ហា​ឬ​ក៏​អត់។ ឥទ្ធិពល​កាន់​តែ​ទូលំទូលាយ​ពី​ក្រុម​និស្សិត​ចិន​នៅ​តាម​សាកលវិទ្យាល័យ​ជាទូទៅ​ជះ​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​របស់​យើង»។

លិខិត​ចំហ​នោះ​បាន​ថ្កោលទោស​អ្នក​ដែល​ស្អប់​ជនបរទេស ដែល​មាន​ខ្លឹមសារ​ថា៖ «សកម្មភាព​របស់​គណបក្ស​កុម្មុយនិស្ត​ចិន បណ្តាល​ឲ្យ​មាន​ការ​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​សេរីភាព​នៃ​ការ​សិក្សា និង​ដល់​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ។ វា​ជា​ការចាំបាច់​ណាស់​ដែល​យើង​បែងចែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​របប​ផ្តាច់ការ​នេះ​ពី​ប្រជាពលរដ្ឋ​ចិន ដែល​យើង​ត្រូវតែ​ការពារ​ពួកគេ​យ៉ាង​ខ្ជាប់ខ្ជួន​ពី​សកម្មភាព​ស្អប់ខ្ពើម​ជន​បរទេស ការ​ប្រកាន់​ពូជសាសន៍ និង​ការ​ស្អប់ខ្ពើម។ យើង​ត្រូវតែ​ធ្វើ​សកម្មភាព​ដើម្បី​ផ្តល់​អំណាច​បញ្ចេញមតិ​ដល់​អ្នក​ដែល​ត្រូវ​បាន​គេ​ជិះជាន់​សង្កត់សង្កិន​ជា​យូរយារ​ណាស់​មក​ហើយ គឺ​ជនជាតិ​ចិន អ្នក​ទីក្រុង​ហុងកុង ម៉ុងហ្គោលី តៃវ៉ាន់ ទីបេ និង​វីហ្គើ។ យើង​ត្រូវតែ​ថ្កោលទោស​រាល់​ពាក្យពេចន៍​និង​មនោសញ្ចេតនា​ប្រឆាំង​នឹង​ជនជាតិ​អាស៊ី​ទាំងអស់​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា ដែល​រឿង​នេះកើតមានឡើង។

ក្រុម​មេដឹកនាំ​និស្សិត​ជាច្រើន​បានប្រាប់ VOA ថា និស្សិត​អាមេរិកាំង​ជាច្រើន មិន​យល់​ពីឥទ្ធិពល​របស់​វិទ្យាស្ថាន​ខុងជឺ​និងគណបក្ស​កុម្មុយនិស្ត​ចិន​ទៅលើ​សាកលវិទ្យាល័យ​របស់ពួកគេ​ទេ។ ពួកគេ​ក៏​បាននិយាយថា ការអនុវត្ត​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​លើ​ទីក្រុង​ហុងកុង និង​តំបន់​ស៊ីនជាំង និង​ការផ្ទុះឡើង​នូវជំងឺកូវីដ១៩ ក៏បាន​ធ្វើឲ្យនិស្សិត​អាមេរិកាំង ទំនង​ជា​មិនសូវ​មាន​ការពាក់ព័ន្ធ​ជាមួយ​នឹង​គណបក្ស​កុម្មុយនិស្ត​ចិន​ដែរ។

លោក John Metz ប្រធាន​ក្រុមប្រឹក្សាជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សាកលវិទ្យាល័យ​អាមេរិក បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ការណ៍​នេះ​ឆ្លុះបញ្ចាំង​ពីការ​មូលមតិ​គ្នា​កាន់​តែ​ខ្លាំង​ក្នុង​ចំណោម​យុវជន​របស់​គណបក្ស​នយោបាយ​ទាំង២ ហើយ​ខ្ញុំ​គិតថា ព្រឹត្តិការណ៍​ក្នុង​រយៈពេល​បី​បួន​ថ្ងៃ​ចុង​ក្រោយនេះ ជាពិសេស​ក្នុង​ទីក្រុង​ហុងកុង បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ»។ កាលពី​ពេល​ថ្មីៗ​នេះ សមាជជាតិ​របស់​ប្រជាជន​ចិន បាន​អនុម័ត​ច្បាប់​សន្តិសុខជាតិ​ទៅ​លើ​ទីក្រុង​ហុងកុង ដែល​ធ្វើ​ឲ្យ​ប្រជាជន​ហុងកុង​ជាច្រើន​មាន​ការភ័យខ្លាចថា ច្បាប់​នេះ​នឹងធ្វើឲ្យ​ប៉ះពាល់​ដល់​នីតិរដ្ឋ សិទ្ធិមនុស្ស និងសេរីភាព​របស់​ពលរដ្ឋ​ហុងកុង។

គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​បាននិយាយ​ថា នេះ​គ្រាន់​តែ​ជាជំហាន​ដំបូង​តែប៉ុណ្ណោះ ហើយ​ថា ពួកគេ​ នឹង​បន្ត​ជំរុញ​យុទ្ធនាការ​ថ្នាក់មូលដ្ឋាន​នៅ​តាម​សាកលវិទ្យាល័យ ជំរុញ​ឲ្យ​សាកលវិទ្យាល័យ​នានា​ចាត់វិធាន​ការ​ម៉ឺងម៉ាត់​ដើម្បី​អនុវត្ត​តាម​ការអំពាវនាវ​របស់​លិខិត​បើកចំហ​នោះ ហើយនិង​ជំរុញ​ក្រុម​និស្សិតឲ្យ​កាន់តែច្រើនឡើង​ឲ្យ​ទាក់ទង​សមាជិកសភា​របស់ពួកគេ ​ដើម្បី​ជំរុញ​ឲ្យ​មាន​គោលនយោបាយ​នៅ​កម្រិត​នីតិបញ្ញត្តិ។

គិតត្រឹម​ថ្ងៃទី១៥ ខែឧសភា​នេះ យោងតាម​សមាគម​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ជាតិ មាន​វិទ្យាស្ថាន​ខុងជឺ​ចំនួន៨១​នៅ​ក្នុង​សហរដ្ឋអាមេរិក​និង​មាន​ចំនួន៤៨០​នៅ​ទូទាំង​ពិភពលោក៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG