វ៉ាស៊ីនតោន៖ គណៈកម្មការនីតិបញ្ញត្តិ និងនីតិប្រតិបត្តិស.រ.អ. អំពីប្រទេសចិនអបអរសាទររដ្ឋាភិបាលក្រុងប៉េកាំង ដែលបានធ្វើឱ្យមានការជឿនលឿនក្នុងការទទួលស្គាល់បញ្ហានៃការជួញដូរមនុស្ស ក៏ប៉ុន្តែបានឮថា វិធីខ្លះរបស់រដ្ឋាភិបាលនេះប្រហែលមានកំហុសក្នុងការពិចារណា។ ការពិភាក្សាតុមូលមួយកាលពីថ្ងៃសុក្រទី២០សីហា ក្រុមអ្នកជំនាញការបានព្រមានថា ទម្រង់ផ្សេងៗនៃការជួញដូរ និងការរត់ពន្ធមនុស្សមានការប្រែប្រួលជាមួយពេលវេលា។
លោក Byron Dorgan សមាជិកព្រឹទ្ធសភាស.រ.អ. និងជាប្រធានគណៈកម្មការនេះនិយាយថា មានការជឿនលឿនខ្លះៗក្នុងប្រទេសចិនអំពីការជួញដូរមនុស្សនៅកំរិតជាតិ ទោះណាជាការប្រតិបត្តិរបស់រដ្ឋាភិបាលក្នុងមូលដ្ឋានមិនសូវខ្លាំងក្លាក៏ដោយ។
«យើងយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការលើកទឹកចិត្តប្រទេសចិន ឱ្យបន្តការជឿនលឿនដែលពួកគេបានធ្វើឱ្យមានដើម្បីកែលម្អ និងបង្កើនការប្រតិបត្តិនៃអ្វីដែលរដ្ឋាភិបាលជាតិបានព៌ណនាថាជាបញ្ហាមួយ។ យើងយល់ថាបញ្ហាជួញដូរមនុស្ស ដែលមានយូរយាមកហើយ ហើយដែលយើងដឹងថា មានបញ្ហាច្រើនក្រាស់ក្រែលក្នុងប្រទេសចិន ត្រូវការជាបញ្ហាមួយដែលយើងទាំងអស់គ្នាធ្វើការ ដើម្បីខិតខំព្យាយាមជំរុញប្រទេសចិនឱ្យដោះស្រាយឱ្យបានខ្លាំងក្លាណាស់»។
លោក Earl Brown ជានាយកកម្មវិធីប្រទេសចិននៃអង្គការ Solidarity Center ដែលជាអង្គការមួយមិនមែនរបស់រដ្ឋាភិបាលខាងការងារនិងសិទ្ធិមនុស្ស។ លោកនិយាយថា ប្រទេសចិនបានធ្វើឱ្យមានការជឿនលឿនក្នុងការបង្កើតប្រព័ន្ធច្បាប់ការងារមួយ និងបានទទួលយកភាគច្រើននៃឯកសារពិធីការរបស់អ.ស.ប.អំពីការជួញដូរមនុស្សកាលពីពេលមុននេះក្នុងឆ្នាំនេះ។ ក៏ប៉ុន្តែ លោកនិយាយថា ការជួញដូរមនុស្សសម្រាប់យកទៅឱ្យធ្វើការ ដែលមានទាក់ទិននឹងក្រុមអ្នកលេងចិន នៅតែជាបញ្ហាមួយដដែលហើយមានមូលដ្ឋានក្នុងប្រទេសថៃ។
«ខ្ញុំបានសម្ភាស ជាច្រើនម៉ោង យុវជនថៃវ័យក្មេងម្នាក់ដែលបានធំទ្បើងនៅក្នុងចម្ការម្នាស់មួយ។ ហើយ អ្វីដែលយុវជននេះចង់ធ្វើគឺចេញឱ្យផុតពីម្នាស់។ គាត់មិនចង់ឃើញម្នាស់ទៀតទេ។ ដូច្នេះ យុវជននេះក៏បានទៅក្រុងធំ ហើយបានត្រូវចាប់ពង្រត់ដោយក្រុមអ្នកលេងចិនមួយ ត្រូវជាប់ឃុំឃាំងក្នុងផ្ទះមួយចំនួនបីសប្តាហ៍ ត្រូវបញ្ជូនទៅដាក់ក្នុងនាវាមួយគ្រឿង ហើយបានត្រូវបង្ខំដោយការប្រើប្រាស់កាំភ្លើងឱ្យនេសាទត្រីក្នុងលំហសមុទ្រទល់មុខនឹងប្រទេសឥណ្ឌូនេស៊ី។ ហើយពីទីនោះ យុវជននេះ នឹងមិត្តភ័ក្តិម្នាក់បានលោតចុះពីនាវានោះហើយបានហែលទឹកទៅកាន់ឆ្នេរសមុទ្រនៃប្រទេសឥណ្ឌូណេស៊ី ដើរនៅក្នុងព្រៃ វិលត្រទ្បប់មកប្រទេសថៃវិញ ហើយបានត្រូវចាប់ពង្រត់ទៀត»។
លោក Brown បានមានប្រសាសន៍ថា រឿងបែបនេះមានច្រើននៅពេលដែលវិបត្តិសេដ្ឋកិច្ចសាកល បានធ្វើឱ្យមានការខាតបង់លើក្រុមកម្មករនៅគ្រប់ទីកន្លែង ពីព្រោះកម្មករច្រើនជាងមុន បានចាកចេញពីប្រព័ន្ធច្បាប់ជាផ្លូវការ និងពីព្រោះនយោជកជាច្រើនជាងមុន ចៀសវាងភាពសាំញ៉ាំខាងច្បាប់ការងារដោយពឹងពាក់ទៅលើផ្សារការងារត្រឹមត្រូវតាមច្បាប់ពាក់កណ្តាល និងផ្សារការងារខុសច្បាប់។
អ្នកស្រី Tiantian Zheng ជាសាស្ត្រាចារ្យខាងនរវិទ្យានៅឯសាកលវិទ្យាល័យរដ្ឋNew York។ អ្នកស្រីជាអ្នកនិពន្ធសៀវភៅមួយចំនួនអំពីពេស្យាចារនិងមេរោគ HIV និងជំងឺ AIDS។ អ្នកស្រីនិយាយថា ប្រទេសចិនបានចាប់ផ្តើមការប្រឆាំងនឹងការជួញដូរមនុស្ស និងការបង្ក្រាបប្រឆាំងនឹងពេស្យាចារក្នុងឆ្នាំ១៩៨៩ ដែលជាញឹកញយនាំឱ្យមានការរំលោភរបស់ប៉ូលិសលើស្ត្រី និងមានការបង្ខិតបង្ខំឱ្យប្តូរកន្លែងរស់នៅផងដែរ។
«នៅក្នុងការស្រាវជ្រាវរបស់ខ្ញុំផ្ទាល់ អំពីពួកអ្នករកទទួលទានខាងផ្លូវភេទក្នុងប្រទេសចិនឃើញថា ការឆ្មក់ចាប់របស់ពួកប៉ូលិស ការបង្ក្រាប និង‘ការឆ្មក់ចាប់និងការបង្ក្រាប’ បានជំរុញពួកអ្នករកស៊ីផ្លូវភេទឱ្យប្រកបអាជីពដោយលបលាក់ ហើយពួកអ្នករកទទួលទានខាងផ្លូវភេទជួបប្រទះនឹងគ្រោះថ្នាក់ អំពើហិង្សា ការទាញយកអត្ថប្រយោជន៍ និងការរំលោភច្រើនជាងមុន ដោយមានរួមបញ្ចូលទាំងការប្រកាន់ ការយាយីដោយពួកប៉ូលីស ដែលនៅតែមានតទៅទៀតនិងអំពើឃោរឃៅលើរាងកាយតាមតែអំពើចិត្តដោយពួកអ្នកលេងក្នុងមូលដ្ឋាន ដោយគ្មានការកែខៃខាងផ្លូវច្បាប់ណាមួយទេ»។
អ្នកស្រី Zheng ថ្លែងថាស្ត្រីចិនច្រើននាក់ដែលអ្នកស្រីបានសម្ភាស បានធ្វើការបែបនេះដោយស្ម័គ្រចិត្តនៅខាងក្រៅប្រទេសចិនជាវិធីមួយដើម្បីឱ្យបានប្រាក់កាស ដែលប្រសិនបើពួកគេមិនធ្វើដូច្នេះទេ ពួកគេត្រូវចំណាយពេលវេលា១០ដងច្រើនជាងនេះដើម្បីឱ្យបានទឹកប្រាក់នេះ ប្រសិនបើពួកគេឋិតនៅក្នុងប្រទេសចិន។ អ្នកស្រីបានស្នើឱ្យមានភាពជាដៃគូមួយរវាងសហគមន៍ពួកអ្នករកទទួលទានផ្លូវភេទនិងក្រុមពង្រឹងច្បាប់ ដើម្បីបញ្ចៀសកុំឱ្យមានការងារដោយបង្ខិតបង្ខំ និងឱ្យដឹងអត្តញ្ញាណព្រមទាំងជួយក្រុមជនត្រូវជួញដូរឱ្យបានល្អប្រសើរជាងមុន។ គណៈកម្មការនេះក៏បានឮដែរថា ការរត់ពន្ធមនុស្សពីប្រទេសចិនមកកាន់ស.រ.អ.នៅតែជាបញ្ហាធ្ងន់ធ្ងរមួយ ដោយសារហានិភ័យដែលជួនកាលមានដល់ពួកជនទាំងទ្បាយណា ដែលបានបង់ប្រាក់ជាច្រើនហើយប្រថុយជីវិតពួកគេក្នុងការប៉ុនប៉ងនេះ។
លោក Patrick Keefe ធ្វើការនៅឯមូលនិធិ Century ដែលជាក្រុមស្រាវជ្រាវមួយខាងគោលនយោបាយសាធារណៈ។ លោកនិយាយថា នៅពេលសព្វថ្ងៃនេះ មនុស្សម្នាក់ដែលចង់ចូលមកក្នុងស.រ.អ. ដោយខុសច្បាប់ នឹងត្រូវបង់ប្រាក់រហូតដល់៧ម៉ឺនដុល្លារសម្រាប់ការខិតខំប្រឹងប្រែងនេះ។
“ប្រសិនបើពួកគេបានមកដល់ស.រ.អ. ពាក្យប្រសិននេះសំខាន់ណាស់ ពីព្រោះពួកគេធ្វើដំណើរតាមយន្តហោះដោយដូរយន្តហោះច្រើនគ្រឿង និងឆ្លងកាត់ចំណតយន្តហោះជាច្រើន ដែលពួកគេអាចត្រូវឃាត់ខ្លួន ប្រសិនបើពួកគេមានឯកសារមិនត្រឹមត្រូវ។ ជួនកាលពួកគេជិះកប៉ាល់។ នាវាអាចលិច។ ពួកគេអាចត្រូវហាមឃាត់។ ក៏ប៉ុន្តែ ប្រសិនបើពួកគេបានមកដល់ស.រ.អ. ពួកគេជំពាក់ប្រាក់នេះ»។
លោក Keefe និយាយថា ជួនកាលប្រាក់នេះ បានត្រូវប្រមូលយកក្នុងរយៈពេល៧២ម៉ោងដោយមានការភ្ជង់កាំភ្លើង។ មនុស្សនេះ ត្រូវទាក់ទងពួកមនុស្សដែលគេស្គាល់តាមទូរស័ព្ទដើម្បីសុំខ្ចីឬលួចប្រាក់។ ប្រសិនបើពួកគេបង់ប្រាក់ឱ្យអ្នករត់ពន្ធភ្លាម ពួកគេត្រូវដោះលែង។ លោក Keefe ថ្លែងថា ជួនកាល ពួកគេស្វះស្វែងសុំសិទ្ធិជ្រកកោន ក៏ប៉ុន្តែ ជាញឹកញយ ពួកគេបានចូលរួមក្នុងសេដ្ឋកិច្ចលាក់បាំង ហើយធ្វើការជាកម្មករគ្មានឯកសារត្រឹមត្រូវក្នុងផ្នែកនានានៃឧស្សាហកម្មដោយប្រថុយប្រថាននឹងការចាប់ខ្លួន ការជាប់គុក និងការបញ្ជូនខ្លួនទៅប្រទេសដើមវិញ។
លោក Keefe និយាយថា ជាមួយសេដ្ឋកិច្ចកំពុងលូតលាស់នៃប្រទេសចិន មានការបន្ធូរបន្ថយការផ្លាស់ប្តូរលំនៅដ្ឋានពីផ្នែកខាងក្នុងនៃប្រទេសចិនមកកាន់ឆ្នេរសមុទ្រខាងកើត ដែលនៅទីនោះការរត់ពន្ធមនុស្សបានកើតមាន ពីព្រោះការងារក្នុងរោងចក្រពេញជាងមុន។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកKeefe ថ្លែងថា មានកំណើនចំនួនជនជាតិចិនគ្មានឯកសារត្រឹមត្រូវដែលឆ្លងកាត់ព្រំដែនប្រទេស Mexique ចូលមកក្នុងស.រ.អ.។ លោកពោលថា មាននិន្នាការមួយទៀត គឺមានយុវជនចិនពេញជំទង់ច្រើនទ្បើងៗបានត្រូវជំរុញដោយឳពុកម្តាយពួកគេ ឱ្យមកធ្វើការងារដោយខុសច្បាប់ក្នុងស.រ.អ.៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ។