ក្រសួងយុត្តិធម៌ស.រ.អាបានប្រកាសកាលពីថ្ងៃពុធថា អតីតនាយទាហានផ្នែកប្រឆាំងនឹងចារកម្មនៃកងទ័ពអាកាសស.រ.អាម្នាក់ ដែលបានរត់ចោលជួរទៅ កាន់ប្រទេសអ៊ីរ៉ង់កាលពីជិត៦ឆ្នាំមុននេះបានត្រូវចោទប្រកាន់ថា បានលាតត្រដាងព័ត៌មានសម្ងាត់ខាងយោធាប្រាប់រដ្ឋាភិបាលអ៊ីរ៉ង់ និងជួយប្រទេសអ៊ីរ៉ង់ក្នុងការយកអតីតអ្នកធ្វើការជាមួយអ្នកស្រីជាទីដៅនៃការតាមឃ្លាំមើលសកម្មភាព។
អ្នកស្រី Monica Elfriede Witt អាយុ៣៩ឆ្នាំ បានលាតត្រដាងប្រាប់ទីភ្នាក់ងារចារកម្មអ៊ីរ៉ង់អំពីកម្មវិធីប្រមូលការសម្ងាត់ខាងយោធាមួយនិងអត្តសញ្ញាណនាយទាហានខាងស៊ើបការសម្ងាត់ស.រ.អាម្នាក់។
កាលពីថ្ងៃពុធ មហាគណៈវិនិច្ឆ័យមួយក៏បានចោទប្រកាន់អ្នកស្រី Witt ដែរថាបានជួយសេវាស៊ើបការសម្ងាត់អ៊ីរ៉ង់ក្នុងការតាមឃ្លាំមើលសកម្មភាពរបស់អតីតពួកអ្នកធ្វើការជាមួយអ្នកស្រីផងដែរ។
មានការចេញដីកាមួយដើម្បីចាប់ខ្លួនអ្នកស្រី Witt ដែលមិនទាន់បានត្រូវចាប់ខ្លួននៅឡើយទេហើយ ដែលគេមានជំនឿថាអ្នកស្រីកំពុងរស់នៅក្នុងប្រទេសអ៊ីរ៉ង់។
ជនជាតិអ៊ីរ៉ង់បួននាក់ដែលធ្វើការឱ្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ហៅកាត់ថា IRGC ក៏មានឈ្មោះក្នុងដីកាចោទនេះដែរ ហើយប្រឈមនឹងការចោទប្រកាន់អំពីការឃុបឃិតប្រព្រឹត្តអំពើទុច្ចរិត ការជ្រៀតជ្រែកចូលក្នុងកុំព្យូទ័រ និងការលួចអត្តសញ្ញាណ ដែលមានទាក់ទិននឹងការតាមឃ្លាំមើលសកម្មភាពរបស់ពួកអតីតអ្នកធ្វើការជាមួយអ្នកស្រី Witt ក្នុងឆ្នាំ២០១៤និងឆ្នាំ២០១៥។
ដោយបានប្រើប្រាស់គណនីបណ្តាញសង្គមក្លែងក្លាយ ពួកបុរសទាំងនេះស្វះស្វែងប្រើប្រាស់ malware ដែលអាចឱ្យពួកគេជ្រៀតជ្រែកចូលទៅក្នុងកុំព្យូទ័រ នៃក្រុមជនដែលបានត្រូវតាមឃ្លាំមើលសកម្មភាព។ បុរសទាំងនេះមានឈ្មោះថា Mojtaba Masoumpour, Behzad Mesri, Hossein Parvar និងឈ្មោះ Mohamad Paryar៕