ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើ​បណ្តាញនានា​ដែល​គាំទ្រ​ដោយ​ប្រទេសអ៊ីរ៉ង់


លោក Steven Mnuchin​ រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុ​អាមេរិក

សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ពួកសកម្មប្រយុទ្ធ​ពីរក្រុម​ដែល​គាំទ្រ​ដោយ​ប្រទេសអ៊ីរ៉ង់​នៅ​ប្រទេសស៊ីរី​ និង​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ជួយ​ដឹកជញ្ជូន​អាវុធ​ទៅ​ប្រទេសស៊ីរី។ ការដាក់​ទណ្ឌកម្ម​ថ្មី​នេះ​ត្រូវ​បានធ្វើ​ឡើង​នៅ​ស្របពេល​ដែល​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​រៀបចំ​ដកកងទ័ព​ចេញ​ពី​ប្រទេសស៊ីរី​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម។

លោក Steven Mnuchin​ រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​បាន​ថ្លែង​ថា៖ «របប​ឃោរឃៅ​អ៊ីរ៉ង់​បាន​កេងប្រវ័ញ្ច​សហគមន៍​ជនភៀសខ្លួន​នានា​នៅ​ប្រទេសអ៊ីរ៉ង់ ហាមឃាត់មិន​ឲ្យ​ពួកគេ​ទទួល​សេវាកម្ម​ជា​មូលដ្ឋាន​ផ្សេងៗ​ដូចជា​សិទ្ធិ​ទទួល​បាន​ការអប់រំ​ជាដើម​ និង​យក​ពួកគេ​ធ្វើ​ជា​ឃែល​ការពារ​ក្នុង​ជម្លោះ​នៅ​ប្រទេសស៊ីរី​ថែម​ទៀតផង»។

លោកMnuchin បាន​ថ្លែង​តាម​រយៈ​សេចក្តីថ្លែងការ​មួយ​ថា«ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួងហរិញ្ញវត្ថុ​ទៅលើ​ពួកសកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ​និង​បណ្តាញ​នានានៅ​បរទេស​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដាក់សម្ពាធ​របស់​យើង​ដើម្បី​លុប​បំបាត់​បណ្តាញ​ខុស​ច្បាប់ទាំងនេះ​ ដែល​របប​នេះ​ប្រើប្រាស់​ដើម្បី​បង្ក​សកម្មភាព​ភេរវកម្ម​ និង​បង្ក​ភាពចលាចល​នៅ​ទូទាំង​សកលលោក»។

ពួកសកម្ម​ប្រយុទ្ធ​ពីរក្រុម​ដែល​គាំទ្រ​ដោយ​ប្រទេសអ៊ីរ៉ង់​ ក្រុមហ៊ុន​អាកាសចរណ៍ Qeshm Fars Air ដែល​មាន​មូលដ្ឋាន​នៅ​អ៊ីរ៉ង់​ និង​ក្រុមហ៊ុន Flight Travel LLCដែល​មាន​មូលដ្ឋាន​នៅ​ប្រទេសអាមេនី ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុនអាកាសចរណ៍ Mahan Air និង​អង្គភាព​កងទ័ព​របស់អ៊ីរ៉ង់៕

XS
SM
MD
LG