ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​​អឺរ៉ុប​​​អនុញ្ញាត​​​​ឲ្យ​​​ចាប់​​ផ្តើម​ធ្វើ​បត្យាប័ន​ទៅកាន់​សហរដ្ឋ​អាមេរិក​


លោកដេវីឌ កាមេរ៉ូន (David Cameron) ​នាយក​រដ្ឋមន្រ្តីអង់គ្លេស
លោកដេវីឌ កាមេរ៉ូន (David Cameron) ​នាយក​រដ្ឋមន្រ្តីអង់គ្លេស

តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប (European Court of Human rights)​ ​បាន​សម្រេចថា ប្រទេស​អង់គ្លេស​អាចធ្វើ​បត្យាប័ន​អ្នកផ្សព្វផ្សាយសាសនា​អ៊ីស្លាមនិយមមូលវិវត្ដ​ ដែល​កំពុង​ជាប់ ឃុំឃាំងក្នុងពន្ធនាគារ​ឈ្មោះ​ អាប៊ូ ហាមហ្សា (Abu Hamza) និង​ពួកភេរវករ​ចំនួន​បួននាក់​ផ្សេង​ទៀតតាម​ការ​ចោទប្រកាន់​ ទៅកាន់​សហរដ្ឋ​អាមេរិក។ ជនសង្ស័យ​អាច​ប្តឹងឧទ្ធរណ៍ទៅ​លើ​សេចក្តី​សម្រេច​នេះ ហើយ​ពួកគេ​មិនអាច​ត្រូវបាន​ធ្វើបត្យាប័ន​ទេ រហូតដល់​សាលក្រម​ត្រូវ​បាន​សម្រេចចុងក្រោយ​ជា​មុន​សិន។

អាប៊ូ ហាមហ្សា ដែលជា​អ្នក​ផ្សព្វផ្សាយ​សាសនាម្នាក់ ដែល​កំពុង​ជាប់ពន្ធនាគាររយៈពេល​៧ឆ្នាំ​នៅ​អង់គ្លេស កំពុង​ត្រូវ​បាន​តាម​រក​ចាប់​ខ្លួននៅ​សហរដ្ឋ​អាមេរិក ក្នុង​បទចោទ​ប្រកាន់​ចំនួន​១១​ករណី ដែលរួមមាន​ការញុះញង់ឱ្យមាន​ការស្អប់ខ្ពើម​ពូជសាសន៍ និង​កាផ្សំគំនិត​ដើម្បី​បង្កើត​ជំរំហ្វឹកហាត់​ ជីហាដ (Jihad) ​នៅសហរដ្ឋ​អាមេរិក។

លោក ក្លៃ អូវៃ (Claire Ovey) ​មន្រ្តី​តុលាការ​អឺរ៉ុប បាន​ថ្លែងទៅកាន់​ក្រុម​អ្នកកាសែត​នៅទីក្រុង ស្រ្តាសប៊ើក (Strasbourg)។

«នេះ​មិនមែន​ជា​សាលក្រម​ស្ថាពរ​នោះទេ។ ដូច្នេះ យើង​ត្រូវ​រង់ចាំមើល​រយៈពេល​បីខែ​ទៀត ​ថា​តើ​រឿងក្តីនេះ​នឹង​ត្រូវបញ្ជូនទៅកាន់​តុលាការ​កំពូល​ដែរឬ​ទេ។ ប្រសិនបើ​សាលក្រម​នេះ​ត្រូវបានសម្រេចចុងក្រោយ ពេលនោះ​នឹង​គ្មាន​ការរារាំង​ចំពោះ​ការ​ធ្វើបត្យាប័ន អាប៊ូ ហាមហ្សា ទៅកាន់​សហរដ្ឋ​អាមេរិក​នោះទេ»។

តុលាការ​អឺរ៉ុប កំពុង​ពិចារណាសំណុំ​រឿងក្តី​របស់​មនុស្ស​៦នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់ពី​បទភេរវកម្ម នៅ​សហរដ្ឋ​អាមេរិក​។

តុលាការ​បានពន្យាពេល​ចេញ​សម្រេច​សេចក្តី​លើ​ជនសង្ស័យ​ម្នាក់ក្នុង​ចំណោម៦នាក់​ ដោយសារ​ជនសង្ស័យ​ម្នាក់​នោះមានបញ្ហា​សុខភាពផ្លូវ​ចិត្ត។ ប៉ុន្តែ តុលាការ​ បានឲ្យ​ដឹងថា ជនសង្ស័យ​៥នាក់​ផ្សេង​ទៀត អាចត្រូវបាន​ធ្វើបត្យាប័ន​ទៅកាន់​សហរដ្ឋ​អាមេរិក។

ចុងចោទបានផ្តល់​ទឡ្ហីករណ៍ថា ស្ថានភាព ដែល​ពួកគេអាចប្រឈម​មុខ​នៅឯពន្ធនាគារ​ប្រកបដោយសន្តិសុខ​ខ្ពស់បំផុត​នៅ​សហរដ្ឋ​អាមេរិក ​អាចធ្វើ​ឲ្យពួកគេ​ទទួល​រង​នូវ​«អំពើ​ទារុណកម្ម​ ឬ​ការប្រព្រឹត្ត​ឬដាក់​ទណ្ឌកម្មបែប​អមនុស្សធម៌​និង​បន្ទាប​បន្ថោក» ដែលរំលោភ​ទៅលើច្បាប់​សិទ្ធិមនុស្ស​របស់​អឺរ៉ុប។ ប៉ុន្តែ តុលាការ​បាន​សម្រេច​កាល​ពី​ថ្ងៃ​អង្គារ​ថា ចុងចោទ​នឹង​មិន​ប្រឈម​ទៅ​នឹង​ការ​កាត់ទោសប្រកប​ដោយ​ភាពអយុត្តិធម៌នោះទេ​នៅសហរដ្ឋ​អាមេរិក។

សមាជិក​គណៈ​រដ្ឋ​មន្រ្តី​របស់​អង់គ្លេស បាន​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេចចិត្ត​នេះ។ លោក​នាយក​រដ្ឋមន្រ្តី ដេវីឌ កាមេរ៉ូន (David Cameron) បាន​និយាយ​ថា លោក​«រីករាយ​ជាមួយ​នឹង​ព័ត៌មាន​នេះ»។

លោកស្រី ធេរេសា មេ (Teresa May) រដ្ឋមន្ត្រីទីស្តី​ការគណៈ​រដ្ឋមន្ត្រី​ បាន​ថ្លែងទៅ​កាន់សារព័ត៌មាន ប៊ីប៊ីស៊ី (BBC)។

«ខ្ញុំ​ស្វាគមន៍​សេចក្តី​សម្រេចចិត្ត​ពី​តុលាការ​អឺរ៉ុប។ ការសម្រេចចិត្ត​នេះ​ពិត​ជាអនុញ្ញាត​ឱ្យ​ធ្វើបត្យាប័ន អាប៊ូ ហាមហ្សា និង​ជន​សង្ស័យ​ក្នុងអំពើ​ភេរវកម្ម​ផ្សេងទៀត​ទៅកាន់​សហរដ្ឋ​អាមេរិក។ វាជា​ការ​ច្បាស់​ណាស់​ថា សេចក្តី​សម្រេចចិត្ត​នេះ​មាន​សារសំខាន់ណាស់ ដោយសារ​វាបាន​និយាយ​ថា ការធ្វើបត្យាប័ន​ជនសង្ស័យក្នុង​អំពើភេរវកម្ម​ទាំងនេះមិនបាន​រារាំងដល់​សិទ្ធិមនុស្ស​របស់​ពួកគេ​ឡើយ»។

លោកស្រី បានថ្លែងថា ប្រទេស​អង់គ្លេស​នឹង​សហការជាមួយ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក ដើម្បី​ប្រគល់​ជនសង្ស័យ​ឱ្យបាន​ឆាប់បំផុត​តាមតែ​អាច​ធ្វើ​ទៅបាន។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ សាលក្រម​មិនទទួលបាន​ការកោត​សរសើរ​ជាសកល​នោះទេ។ លោក អាសហ្វាក អាហ្សម៉ាត់ (Ashfaq Ahmad) គឺជា​ឪពុក​របស់ជនជាប់​ចោទ​ម្នាក់ឈ្មោះ បាបារ៍ អាហ្សម៉ាត់ (Babar Ahmad) ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​គ្មានការកាត់ទោស​អស់រយៈពេល​៨ឆ្នាំ​មកហើយ នៅអង់គ្លេស។

«លោក បាបារ៍ គឺ​ជា​ពលរដ្ឋ​អង់គ្លេស ដែល​ត្រូវបាន​ចោទប្រកាន់​ពី​អំពើឧក្រិដ្ឋកម្ម​មួយ ដែលត្រូវបាននិយាយ​ថាបាន​ប្រព្រឹត្តឡើង​នៅប្រទេស​អង់គ្លេស ហើយ​រាល់​ភស្តុតាង​ទាំងអស់​ប្រឆាំង​នឹង​រូបលោក ត្រូវបាន​ប្រមូល​នៅក្នុង​ប្រទេសនេះ​តែ​ម្តង។ ទោះបី​ជាយ៉ាងក៏ដោយ យុត្តិធម៌​របស់​អង់គ្លេស ​ហាក់ដូចជា​ផ្តល់កិច្ចការ​បន្ត​ទៅឱ្យ​សហរដ្ឋ​អាមេរិក»។

លោក មាន​ប្រសាសន៍ថា កូនប្រុស​របស់​លោក ​គួរ​ទទួល​បាន​កាត់​ទោសនៅក្នុង​ប្រទេស​អង់គ្លេស៕

ប្រែសម្រួលដោយ​ ឌី ខាំបូលី

XS
SM
MD
LG