ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឃោសនា​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​ឈាន​ដល់​ថ្ងៃ​ចុង​ក្រោយ​ហើយ


អ្នក​គាំទ្រ​ស្រែក​ហ៊ោ​នៅ​ពេល​លោក​ប្រធានាធិបតី ដូណាល់ ត្រា ថ្លែង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​យុទ្ធនាការ​មួយ​ នៅ​ព្រលានយន្តហោះ​អន្តរជាតិ Bozeman Yellowstone ក្នុង​ក្រុង Belgrade រដ្ឋ Montana កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កំពុង​ប្រជែង​គ្នា​ដើម្បី​គ្រប់គ្រង​ព្រឹទ្ធសភា និង​រដ្ឋសភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។

នៅ​ថ្ងៃ​ចន្ទ​នេះ បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សភា​អាមេរិកាំង និង​អ្នក​តស៊ូ​មតិ​ល្បី​ឈ្មោះ​នានា​បាន​ប្រើប្រាស់​ថ្ងៃ​ចុង​ក្រោយ​ពេញ​មួយ​ថ្ងៃ​របស់​ពួកគេ​នេះ​ដើម្បី​ឃោសនា​បោះ​ឆ្នោត ដោយ​ព្យាយាម​ទាក់ទាញ​អ្នក​បោះ​ឆ្នោត ស្រប​ពេល​ដែល​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កំពុង​ប្រជែង​គ្នា​ដើម្បី​គ្រប់គ្រង​ព្រឹទ្ធសភា និង​រដ្ឋសភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump ចង់​ឲ្យ​អ្នក​សមាជិក​គណបក្ស​សាធារណរដ្ឋ​របស់​លោក​នៅតែ​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​ទាំង​ពីរ​ថ្នាក់។ ចំណែក​ឯ​គណបក្ស​ប្រជាធិបតេយ្យ​វិញ​កំពុង​ចង់​បំបែក​ភាព​ផ្ដាច់​មុខ​របស់​គណបក្ស​សាធារណរដ្ឋ​នេះ។

អ្នក​វិភាគ​នយោបាយ និង​លទ្ធផល​នៃ​ការ​ស្ទង់​មិត​កន្លង​មក​បង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​មាន​ឱកាស​ល្អ​ជាង​នៅ​ក្នុង​ការ​ឈ្នះ​បាន​អាសនៈ​ភាគ​ច្រើន​ត្រឡប់​មក​វិញ​នៅ​ក្នុង​រដ្ឋសភា​ជាង​នៅ​ក្នុង​ព្រឹទ្ធសភា។

នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ អ្នក​បោះ​ឆ្នោត​នឹង​ជ្រើសរើស​បេក្ខជន​សម្រាប់​បំពេញ​អាសនៈ​ទាំង ៤៣៥ នៃ​រដ្ឋសភា និង​អាសនៈ​ចំនួន ៣៥ ក្នុង​ចំណោម​អាសនៈ​ទាំង ១០០ នៃ​ព្រឹទ្ធសភា។

បន្ថែម​ទៅ​នឹង​ការ​ប្រជែង​អាសនៈ​សភា​ទាំង​ពីរ​ថ្នាក់ រដ្ឋ​ចំនួន ៣៦ ក្នុង​ចំណោម​រដ្ឋ​ទាំង ៥០ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នឹង​បោះ​ឆ្នោត​ជ្រើសរើស​អភិបាល​រដ្ឋ​របស់​ខ្លួន​ផង​ដែរ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។ សព្វថ្ងៃ​នេះ​មាន​អភិបាល​រដ្ឋ​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន ៣៣ នាក់ ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន ១៦ នាក់ និង​អភិបាល​រដ្ឋ​ឯករាជ្យ​ម្នាក់។

ជាង​នេះ​ទៀត អ្នក​បោះ​ឆ្នោត​ក៏​នឹង​ត្រូវ​បោះ​ឆ្នោត​សម្រេច​លើ​គម្រោង​ផ្ដួចផ្ដើម​មួយ​ចំនួន​របស់​រដ្ឋ​នីមួយៗ​ផង​ដែរ ដូចជា​ថា​តើ​គួរ​ត្រូវ​អនុញ្ញាត​ឲ្យ​ការ​ប្រើប្រាស់​កញ្ឆា​ជា​រឿង​ស្រប​ច្បាប់ ឬ​ក៏​ការ​ពង្រីក​បន្ថែម​នូវ​ការ​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​អ្នក​ក្រីក្រ​ជា​ដើម៕

នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក Trump នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​រដ្ឋ Ohio រដ្ឋ Indiana និង​រដ្ឋ Missouri៕

XS
SM
MD
LG