ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ខ្មែរ-អាមេរិកាំង​ខំ​ចង​ជា​កម្លាំង​មុន​ពេល​ការ​បោះឆ្នោត​ប្រធានាធិបតី


រូបឯកសារ៖ ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វញ៉ា។​ (ម៉ែន គឹមសេង/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វញ៉ា។​ (ម៉ែន គឹមសេង/VOA)

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មាន​ចំនួន​៣២ម៉ឺន​នាក់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​តួលេខ​ចេញ​ផ្សាយ​កាលពី​​ខែ​មេសា ឆ្នាំ​២០១៥ របស់​មជ្ឈមណ្ឌល​វឌ្ឍនភាព​អាមេរិកាំង (Center for American Progress)។

សហគមន៍​ខ្មែរមាន​ទំហំ​តូច​បើ​ប្រៀបធៀប​ជាមួយ​នឹង​សហគមន៍​អាស៊ី​ដទៃ​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​ពួកគេ​តែងតែ​ចង​ជា​បណ្តាញ​នៅ​ពេល​ដែល​ចង់​បាន​ការ​ដោះស្រាយ​កិច្ចការក្នុង​សហគមន៍ ​ឬ​ បញ្ហា​ពាក់​ព័ន្ធ​នឹងនយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ ​

​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៨ខែ​វិច្ឆិកា ខាងមុខ​នេះ សកម្ម​ជន​សហគមន៍​នានា​កំពុង​តែ​ជំរុញ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទៅ​បោះឆ្នោត​ឱ្យ​បាន​ច្រើន​ជាង​មុន​ដើម្បី​ដោះស្រាយ​បញ្ហា​ចម្បងៗ​ដែល​ពួកគេ​ជួប​ប្រទះក្នុង​នោះមាន​ដូចជា​ការសិក្សា​អប់រំ ការងារ​ និង​សុខាភិបាល​ជាដើម។

លោក ព្រហ្ម សៅរ៍ណូរ៉ា​ ប្រធាន​កិត្តិយស​នៃ​សមាគម​មិត្ត​ខ្មែរ​អាមេរិកាំង​បាន​បញ្ជាក់​ប្រាប់ ​VOAថា៖

«យើង​កំពុងតែ​ធ្វើ​យុទ្ធនាការ​សុំ​ឱ្យ​បងប្អូន​ចូលរួម​ជាមួយ​យើង​ដើម្បី​នឹង​ទៅ​បោះឆ្នោត​ឱ្យ​បេក្ខជន​ផ្សេងៗ​នៅ​តាម​រដ្ឋ​នីមួយៗ​ហ្នឹង។ អ្នក​ណា​ដែល​គេ​ចង់​ជួយ​យើង​ គឺ​យើង​គាំទ្រ​អ្នក​ហ្នឹង‍»។​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មាន​ចំនួន​៣២ម៉ឺន​នាក់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​តួលេខ​ចេញ​ផ្សាយ​កាលពីខែ​មេសា ឆ្នាំ​២០១៥ របស់​មជ្ឈមណ្ឌល​វឌ្ឍនភាព​អាមេរិកាំង (Center for American Progress)

ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១២​ មាន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​តែ​៦២​ភាគរយ​ប៉ុណ្ណោះ​បាន​ចេញ​មក​បោះឆ្នោត​ ក្នុង​នោះ​ភាគច្រើន​គឺ​រហូត​ដល់​៧៧​ភាគរយ​បោះឆ្នោតជូនលោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា។

លោក ណែម ឈឿង ​ស្ថាបនិក​និង​ជា​ប្រធាន​ក្រុង​ខ្មែរក្នុង​រដ្ឋ​ចចចា (Georgia) ​យល់​ថា ​សហគមន៍​របស់​លោក​មាន​ភាព​រឹងមាំ​និង​មាន​ឥទ្ធិពល​ក្នុង​ការ​សម្រេច​ជ្រើសរើស​តំណាងរាស្ត្រ​ បើ​ទោះបី​ជា​មាន​ទំហំ​តូច​ដោយមាន​សមាជិក​ប្រហែល​ត្រឹម​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ។ ការណ៍​នេះ​ដោយសារ​តែ​ពួកគេរស់នៅ​ប្រមូល​ផ្តុំ​នៅ​ក្បែរៗ​គ្នា៖

«...ហើយ​ការ​ប្រមូល​ផ្តុំ​ដោយ​ទីក្រុង​មួយ​របស់​ខ្ញុំ​នេះ​សឹង​តែ​៧០ភាគរយ​ហើយ​ដែល​ខ្មែរ​យើង​ប្រមូល​ផ្តុំ។ ចឹង​តំណាងរាស្ត្រ​នៅ​ស្រុក​នេះ​នៅ​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​ដែល​គេ​មាន​សង្កាត់​របស់​គេ​នោះ គឺ​គេ​ពឹង​ផ្អែក​ទៅលើ​ភាគច្រើន​នៅ​ក្នុង​តំបន់​ហ្នឹង ​ចឹង​យើង​មាន​កម្លាំង​ក្នុង​ការ​ដាក់​គេ​លើ​កៅអី​ហ្នឹង​ឬ​បញ្ចុះ​គេ‍»។

លោក​ក៏​បាន​ជំរុញ​ឲ្យ​សហគមន៍​ខ្មែរ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​បន្ត​រួបរួម​គ្នា​ដើម្បី​ទាមទារ​សុំ​ឱ្យ​អ្នក​ដឹកនាំ​ដោះស្រាយ​បញ្ហា​ដែល​សហគមន៍​ខ្មែរ​អាមេរិកាំង​ជួបប្រទះ​និង​បញ្ហា​ដែល​ជនរួមជាតិ​របស់​ពួកគេ​ជួបប្រទះ​នៅ​ក្នុង​ប្រទេស​កំណើត។​

«យើង​ត្រូវ​តែ​ពួតដៃគ្នា​បង្កើត​ការ​ផ្តល់​សាច់ដុំ​បង្ហាញ​គេ​ថា​ មិន​ត្រឹម​តែ​មាន​តែ​វត្ត​ឬ​សមាគម​ទេ​ គឺ​អ្វី​ដែល​យើង​ចង់​បង្ហាញ​គឺ យើង​មាន​ក្រុមហ៊ុនជាច្រើន​នៅ​ក្រោយ​យើង​ដែល​ក្រុមហ៊ុន​ទាំង​នោះបាន​ផ្តល់​នូវ​ផល​ប្រយោជន៍​ជាច្រើន​ក្នុង​ការ​បង់​ពន្ធ​ក្នុង​ការ​ជួល​មនុស្ស​ជា​កម្មករ​ឱ្យ​បម្រើ​ក្រុមហ៊ុន​យើង​គឺ​ទាំងអស់​ហ្នឹង​ហើយ​ជា​ការ​ចូលរួម​ដែល​មិន​អាច​ប្រកែក​បាន​ចំពោះ​ការ​ផ្តល់​ផល​ប្រយោជន៍​ទៅ​សហរដ្ឋអាមេរិក‍»។​

ភាគច្រើន​នៃ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ក្រោយ​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩​ក្នុង​នាម​ជា​ជន​ភៀសខ្លួន។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ទទួលយក​ជន​ភៀស​ខ្លួន​១៥០.០០០​(១៥​ម៉ឺន)​នាក់​ហើយ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​តាម​រដ្ឋ​នានា​នៅ​ទូទាំង​ប្រទេស។ ពេល​បច្ចុប្បន្ន​នេះ​ ភាគច្រើន​នៃ​ពលរដ្ឋទាំងនេះរស់​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) ម៉ាស្សាឈូសិត (Massachusetts) រដ្ឋ​វ៉ាស៊ីនតោន (Washington) ​ផេនស៊ីលវេនៀ​ (Pennsylvania) និងរដ្ឋ​តិចសាស (Texas)។

មុន​ពេល​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ពួកគេ​មិន​សូវ​បាន​យល់​ដឹង​ពី​វប្បធម៌​លោក​ខាង​លិច​ទេ ​ដែល​នេះ​ជា​ហេតុ​ប៉ះពាល់​ដល់​ការ​រក​ចំណូល​របស់​ពួកគេ​និង​ការ​ទទួល​យក​ការ​អប់រំ​បែប​អាមេរិកាំង។ បើ​ប្រៀបធៀប​ជាមួយ​នឹង​សហគមន៍​អាស៊ី​ធំៗ​ដទៃ​ទៀត​ដូច​ជា​ចិន ​កូរ៉េ ​ឥណ្ឌា ​និង​វៀតណាម សហគមន៍​ខ្មែរ​មាន​កម្រិត​នៃ​ភាព​ក្រីក្រ​ច្រើន​ជាង​គេ​បំផុត ​ដែល​ស្ថិតនៅ​ក្នុង​រង្វង់​១៨,៨ភាគរយ​បើ​ប្រៀបធៀប​នឹង​សហគមន៍​វៀតណាម​ដែល​មាន​តែ​១៣,៩ភាគរយ។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំងខ្លះ​មិន​សូវ​មាន​ទម្លាប់​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​ច្រើន​ទេ។

លោក​ គុជ ចាន់លី ​អ្នកវិភាគ​មួយ​រូប​នៅ​រដ្ឋ​ម៉ារីឡែន (Maryland) ​យល់​ថា ​ពលរដ្ឋ​ខ្មែរ​គួរ​តែ​បំបែក​ចោល​ទម្លាប់ស្ងប់ស្ងៀម​មិន​បញ្ចេញ​ឱ្យ​អ្នក​នយោបាយ​ដឹង​ពី​តម្រូវការ​របស់​ខ្លួន។

«អ្នក​នយោបាយ​អាមេរិកាំងគេ​ចង់​ជួយ​ពលរដ្ឋ​ខ្មែរ​យើង​ណាស់‍​ ក៏ប៉ុន្តែ​បើ​គេ​អត់​ដឹង​ថា​ខ្មែរ​យើង​ត្រូវ​ការ​អ្វី​ឈឺចាប់​រឿង​អ្វី​ ក៏​គេ​មិន​អាច​ជួយ​កើត​ដែរ។ ចឹង​ហើយ​បាន​ជា​ខ្ញុំ​ថា ​បើ​សិន​ជា​មាន​សកម្មភាព​អ្វី​ មួយ​កើត​មាន​នៅ​ទីក្រុង​ផ្សេងៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ ​ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​ប្តូរ​ទម្លាប់​របស់​យើង​ដែល​នៅ​ស្ងប់​ស្ងៀម​ហ្នឹង ​ទៅ​ជា​ទម្លាប់​អាមេរិកាំង​ដែល​គេ​ចូលចិត្ត​បញ្ចេញ​ ការ​សុំ​ការ​ស្នើ​ឬ​មួយ​ក៏​សម្តែង​នូវ​ការកើត​ទុក្ខ​មិន​សុខចិត្ត​រឿង​អ្វី​មួយ ​ដើម្បី​ឱ្យ​អ្នក​នយោបាយ​ដឹង​ដើម្បី​គេ​យក​ទៅ​ធ្វើការ​បម្រើ​យើង​វិញ»។​

យ៉ាង​ណា​ក៏ដោយ​មាន​ពលរដ្ឋ​ខ្លះ​មាន​ភាព​ជោគជ័យ​និង​អ្នក​ខ្លះ​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អាមេរិកាំង​យ៉ាង​សកម្ម។

លោក សែម មាស​ ដែល​ធ្លាប់​បាន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ជា​បេក្ខជន​អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​សង្កាត់​លេខ​បី​រដ្ឋ​ម៉ាស្សាឈូសិត បាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ផ្តោត​លើ​បញ្ហា​បី​ធំៗ​ក្នុង​ការ​ផ្តល់​សន្លឹកឆ្នោត​របស់​គេ​នៅ​ឆ្នាំ​នេះ។ បញ្ហា​ទាំង​នោះ​មាន​ សន្តិសុខ ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ការងារ​ ព្រោះ​បញ្ហា​ទាំង​នេះប៉ះពាល់​ដល់​សហគមន៍​ខ្មែរ​ខ្លាំង។​

លោក សែម មាស ថ្លែង​ប្រាប់ VOA ថា៖

«ខ្ញុំ​ជឿ​ថា​បច្ចុប្បន្ន​សព្វថ្ងៃ​ហ្នឹង​គឺ​ថា ​មាន​ប្រជាពលរដ្ឋ​អាមេរិកាំង​ជាទូទៅ​ហើយ​ជាពិសេស​ទៀត​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​រដ្ឋ​ម៉ាស្សាឈូសិត​យើង​ហ្នឹង​គាត់​អត់​មាន​ការងារ​ធ្វើ​ឬ​ពិបាក​រក​ការងារ​ធ្វើ។ គាត់​ពិបាក​រក​ការងារ​ធ្វើ​ដោយ​សារ ​ទីមួយ​ ពន្ធដារ​វា​ថ្លៃ​ ទីពីរ ​ការងារ​ដែល​បងប្អូន​គាត់​ធ្លាប់​ធ្វើ​ដូច​ជា​ការងារ​តាម​រោងចក្រ ​ភាគច្រើន​ក្រុមហ៊ុន​ហ្នឹង​យក​ការងារ​ហ្នឹង​ទៅ​ធ្វើ​នៅ​ប្រទេស​ដទៃៗ​ទៀត​ដូច​ជា​ទៅ​ប្រទេស​វៀតណាម ប្រទេស​ស្រីលង្កា​ឬមួយ​ក៏​ប្រទេស​ម៉ិកស៊ិក ជាដើម។ ដូច្នេះ​ការងារ​ខាង​រោងចក្រ​បាត់​ច្រើន‍»។​

លោក សែម មាស ​បន្ថែម​ថា​ ​ការ​ចុះ​ឈ្មោះ​និង​ទៅ​បោះឆ្នោត​ជា​កត្តា​សំខាន់​ក្នុង​ការ​សម្រេច​តាម​អ្វី​ដែល​ពលរដ្ឋ​ចង់​បាន។ ដូចជា​ក្រៅ​ពី​បញ្ហា​ប្រឈម​រួមនា​ពេល​បច្ចុប្បន្ន សមាជិក​សហគមន៍​ខ្មែរ​មួយ​ចំនួនក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​ព្រាត់ប្រាស់​បែកបាក់ក្រុម​គ្រួសារ​ដោយ​សារ​ អាជ្ញាធរ​សហរដ្ឋអាមេរិកបញ្ជូន​សមាជិកខ្លួន​ខ្លះ​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។ លោក​ថា​បញ្ហា​នេះ​អាច​នឹង​ត្រូវ​អ្នក​តំណាងរាស្រ្ត​របស់​ខ្លួន​ជួយ​ដោះស្រាយ​បើ​ពួកគេ​រួម​គ្នា​ជា​កម្លាំង​តែមួយ៖

«ព្រោះ​ថា​អ្នក​ណា​មួយ​ដែល​ស្រែក​ខ្លាំង​ជាងគេ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ អ្នក​ហ្នឹង​ សង្គម​ហ្នឹង​នឹង​មាន​គេ​គាំទ្រ​ ដូច្នេះ​ខ្ញុំ​សូម​អំពាវ​នាវ​និង​អង្វរ​ក​បងប្អូន​ដែល​ចង់​ជួយ​សង្គម​ខ្មែរអាមេរិកាំង​ជា​ពិសេស​បញ្ហា​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ត្រឡប់​ទៅ​ប្រទេស​ខ្មែរ​វិញ​សូម​ឱ្យ​គាត់​បោះឆ្នោត ចូល​សញ្ជាតិហើយ​បោះឆ្នោត​ហើយ​យើង​នឹង​សរសេរ​លិខិត​ទៅ​អ្នក​តំណាងរាស្រ្ត‍»។

លោក សែម មាស សង្កេត​ឃើញ​ថា​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​ទៅចុះ​ឈ្មោះ​និងបោះឆ្នោត​ច្រើន​ជាង​មុន​ដូច្នេះ​ហើយ​បាន​ជា​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​គឺ​លោក​ មុំ​ រ៉ាឌី ​បាន​ជាប់​ឆ្នោត​ជា​អ្នក​តំណាងរាស្រ្ត​ប្រចាំ​តំបន់ទី​១៨ របស់​សភា​ប្រចាំ​រដ្ឋ​ក្នុងរដ្ឋ​ម៉ាស្សាឈូសិត។

លោក ​មុំ​ រ៉ាឌី​ ទទួលស្គាល់ថា​ ការ​រួបរួម​គ្នា​របស់​សមាជិក​នៃ​សហគមន៍​ខ្មែរ​នឹង​អាច​ជួយ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​រាល់​បញ្ហា​ធំៗ​ដែល​សហគមន៍​នេះ​ជួបប្រទះ។

លោក ​មុំ​ រ៉ាឌី​ ពន្យល់​ប្រាប់ VOA ថា៖

«អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដោយសារ​បងប្អូន​ប្រជាជន​ទាំងអស់​មាន​ការ​រួម​សាមគ្គី​គ្នា​ ខំ​ជំរុញ​ខ្ញុំ​បាន​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ កើត​ហើយ​បើ​មិន​បាន​សំឡេង​បងប្អូន​ក៏​ខ្ញុំ​ធ្វើ​ការ​មិន​កើត។ នេះ​ខ្ញុំ​សូម​ជម្រាប​តាម​ត្រង់​ពីព្រោះ​ខ្ញុំ​បម្រើ​ប្រជាជន។ នេះ​ជា​មុខ​តួនាទី​របស់​ខ្ញុំ។ ហើយ​បងប្អូន​យើង​មាន​យោបល់​អ្វី​ខ្ញុំ​យក​មក​ខ្ញុំ​វិភាគ ខ្ញុំ​ស្តាប់​គ្រប់​ជ្រុង​ទាំងអស់​ហើយ​ខ្ញុំ​ខិតខំ​រក​ចម្លើយ​ណា​ដែល​ល្អ​បំផុត​ឬ​ក៏​ច្បាប់​មួយ​ណា​ដែល​យើង​អាច​យក​មក​ដោះស្រាយ​សង្គម​យើង‍»។​

កម្លាំង​រួម​ដែល​សហគមន៍​ដ៏​តូច​នេះ​ចេះ​ប្រើ​ប្រាស់​ដ៏​មាន​ប្រសិទ្ធភាព​បាន​កើត​មាន​ជាច្រើន​ករណី​មក​ហើយ​ក្នុង​ពេល​អតីតកាលហើយក្នុង​ពេល​ថ្មីៗ​នេះ​ពួកគេ​បាន​ជំរុញ​សមាជិក​សភាជាតិ​អាមេរិកាំង​ដែល​មក​ពី​គណបក្ស​ទាំង​ពីរ​ឱ្យ​បាន​បង្កើត​ក្រុម​សមាជិកសភា​ទទួលបន្ទុក​កិច្ចការ​កម្ពុជា​ (Bipartisan Congressional Cambodia Caucus)។

ក្រុម​សមាជិក​សភា​នេះ​នឹង​ជួយ​ផ្តល់​ឱកាស​ឱ្យ​សមាជិកសភា​ដទៃ​ទៀត​និង​សាធារណមតិ​ពិភាក្សាបាន​ពេញ​លេញ​លើ​បញ្ហា​ដែល​ពួកគេ​យល់​ថា​មាន​សារៈសំខាន់​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​និង​ជួយ​ជំរុញ​ទំនាក់ទំនង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Alan Lowenthal សមាជិក​សភា​និង​ជា​សហ​ប្រធាន​ក្រុម​សមាជិកសភា​នេះ។ ​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​សង្ឃឹម​ថា​ ក្រោយ​ពី​ការបោះឆ្នោត​ឆ្នាំ​នេះ​គេ​នឹង​ទទួល​បាន​ប្រធានាធិបតី​មួយ​ដែល​អាច​បម្រើ​ដល់​សហគមន៍​គេ​កាន់​តែ​ខ្លាំង។

រហូត​មក​ដល់​ពេល​នេះ​ ខាង​គណបក្ស​សាធារណរដ្ឋ​មាន​លោក​មហាសេដ្ឋី​អចលនទ្រព្យ​ ដូណាល់ ត្រាំ (Donald Trump) ​ជា​បេក្ខជន​ប្រធានាធិបតី ​ហើយ​គណបក្ស​ប្រជាធិបតេយ្យ ​មាន​លោកស្រី​ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ​កំពុង​នាំមុខ​គេ​ក្នុង​ការ​ប្រកួតប្រជែង​ដើម្បី​ទទួល​បាន​ការ​តែងតាំង៕

XS
SM
MD
LG