សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសរុស្ស៊ីកំពុងប្រុងប្រៀបឲ្យពលរដ្ឋរបស់ខ្លួនវិលត្រឡប់ទៅធ្វើការ ថ្វីបើការរាតត្បាតជំងឺកូវីដ១៩បន្តកើតមានឡើងក៏ដោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ និយាយកាលពីថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិក កំពុងធ្វើតេស្តប្រហែល៣សែននាក់ក្នុងមួយថ្ងៃហើយនៅពេលឆាប់ៗនេះ នឹងមានមនុស្សដែលធ្វើតេស្តទាំងអស់ចំនួន១០លាននាក់ ដែលលោកប្រធានាធិបតី និយាយថា មានច្រើនជាងប្រទេសណាៗទាំងអស់។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ បានប្រាប់អ្នកយកព័ត៌មានថា ប្រដាប់ធ្វើតេស្តថ្មី ដែលត្រូវបានយល់ព្រមឲ្យប្រើប្រាស់ដោយក្រុមហ៊ុនមួយហៅថា Quidel នឹងបង្កើនដំណើរការធ្វើតេស្ត ពីព្រោះតែ ប្រដាប់ធ្វើតេស្តនេះ ស្វែងរកវត្តមានវីរុសនៅក្នុងច្រមុះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក រំពឹងថា ការធ្វើតេស្តថ្មីប្រហែល៩លាននាក់ នឹងធ្វើជារៀងរាល់ខែ។
សេតវិមានបានផ្លាស់ប្តូរផ្តោតការយកចិត្តទុកដាក់ពីការបើកប្រទេសឡើងវិញទៅកាន់ការធ្វើតេស្ត បន្ទាប់ពីអ្នកជំនួយការ២នាក់របស់សេតវិមានបានធ្វើតេស្តមានមេរោគកូរ៉ូណាវិជ្ជមាន។ លោកប្រធានាធិបតីត្រាំ ចង់បើកប្រទេសឡើងវិញឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបានដើម្បីបញ្ឈប់ការគ្មានការងារធ្វើកាន់តែកើនឡើងដែលបានឡើងទៅដល់ចំនួនដ៏ខ្ពស់បំផុតមួយដោយមានមនុស្សជាង៣០លាននាក់បានបាត់បង់ការងារចាប់តាំងពីពាក់កណ្តាលខែមីនាមក។ អភិបាលរដ្ឋខ្លះបានធ្វើតេស្តតែមនុស្សដែលត្រឡប់ទៅធ្វើការវិញតែប៉ុណ្ណោះ។
សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេបង្អស់ដោយមាន១លាន៣សែន៥ម៉ឺនករណី និងមនុស្សស្លាប់ជាង៨ម៉ឺននាក់។ ក៏ប៉ុន្តែរដ្ឋជាច្រើន កំពុងបើកឡើងវិញ ឬមានគម្រោងបើកឡើងវិញ រួមទាំងរដ្ឋញូវយ៉ក និងរដ្ឋ New Jersey ដែលមានការឆ្លងមេរោគកូរ៉ូណាដ៏ច្រើនបំផុត៕