អាជ្ញាធររដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិកបានបញ្ជាឲ្យមានការផ្អាកជាបន្ទាន់នូវការហោះហើរយន្តហោះប្រភេទ Max របស់ក្រុមហ៊ុន Boeing ទាំងអស់ បន្ទាប់ពីប្រទេសចំនួនជាង ៣០ ផ្សេងទៀតបានធ្វើដូច្នេះ។
វីធានការផ្អាកការហោះហើរយន្តហោះថ្មីប្រភេទ Max ទាំងអស់នេះ នៅលើដែនអាកាសសហរដ្ឋអាមេរិក គឺជាការកែប្រែបន្ទាន់មួយនូវគោលជំហររបស់ក្រុមហ៊ុនផលិតយន្តហោះនេះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកាំងដែលហោះហើរយន្តហោះទាំងនេះ និងរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលធ្លាប់អះអាងថា គ្មានហេតុផលណាមួយដែលត្រូវផ្អាកការហោះហើរយន្តហោះទាំងនេះទេ ទោះបីជាមានការធ្លាក់យន្តហោះប្រភេទ Max នេះដ៏ប្រល័យនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសអេត្យូពីកន្លងមកក៏ដោយ។
បន្ទាប់ពីបានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា យន្តហោះប្រភេទ Boeing 737 ថ្មី នឹងត្រូវផ្អាកការហោះហើរបណ្ដោះអាសន្ន លោក Trump បានឆ្លើយនឹងសំណួររបស់អ្នកកាសែតក្នុងសេតវិមានថា៖ «ខ្ញុំមិនចង់ប្រថុយនោះទេ។ យើងគ្រាន់តែគិតថា ការធ្វើនេះគឺជារឿងត្រឹមត្រូវ»។
ភ្លាមៗបន្ទាប់ពីលោក Trump បានលើកឡើងដូច្នេះមក ក្រុមហ៊ុន Boeing បានចេញសេចក្ដីប្រកាសមួយ ដោយបញ្ជាក់ថា ទោះបីជាខ្លួននៅតែជឿជាក់យ៉ាងមុតមាំថា យន្តហោះប្រភេទ 737 Max នេះ មានសុវត្ថិភាពក៏ដោយ ក៏បន្ទាប់ពីមានការប្រឹក្សាជាមួយនឹងអាជ្ញាធររដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិក ជាមួយនឹងក្រុមប្រឹក្សាសុវត្ថិភាពការធ្វើដំណើរជាតិរបស់សហរដ្ឋអាមេរិក និងអាជ្ញាធរអាកាសចរណ៍ផ្សេងៗ ក៏ដូចជាជាមួយនឹងអតិថិជននៅជុំវិញពិភពលោក ខ្លួនបានសម្រេចថា «ដើម្បីធានាចំពោះសាធារណជននូវសុវត្ថិភាពរបស់យន្តហោះប្រភេទនេះ» ខ្លួនស្នើឲ្យមានការផ្អាកជាបណ្ដោះអាសន្ននូវការហោះហើរយន្តហោះប្រភេទនេះនៅទូទាំងពិភពលោក ដែលសរុបមានយន្តហោះជិត ៤រយគ្រឿង៕