សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា ខ្លួនបានហាមឃាត់ការនាំចូលប្រេងដូងពីក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីការស៊ើបអង្កេតមួយបានរកឃើញថា ក្រុមហ៊ុននោះបានរំលោភកម្លាំងពលកម្ម ដូចជាការបង្ខំឲ្យកុមារធ្វើការងារ និងការប្រើអំពើហិង្សាផ្លូវភេទ និងអំពើហិង្សារាងកាយជាដើម។
ការដឹកជញ្ជូនប្រេងដូងនិងផលិតផលធ្វើពីប្រេងដូងមកពីក្រុមហ៊ុន FGV Holdings ត្រូវបានហាមឃាត់ជាបន្ទាន់។ នេះបើតាមការបញ្ជាក់របស់ការិយាល័យគយនិងការពារព្រំដែនរបស់សហរដ្ឋអាមេរិក។ ការិយាល័យនេះបានលើកឡើងថា ការហាមឃាត់នេះ គឺជាលទ្ធផលនៃការស៊ើបអង្កេតរយៈពេលមួយឆ្នាំ ដោយទីភ្នាក់ងារព័ត៌មាន Associated Press។
ក្រុមហ៊ុន FGV ដែលបានប្រឈមការចោទប្រកាន់ជាយូរមកហើយ អំពីការរំលោភកម្លាំងពលកម្ម និងសិទ្ធិមនុស្ស គឺជាក្រុមហ៊ុនផលិតប្រេងដូងឆៅធំជាងគេបង្អស់នៅលើពិភពលោក ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរអភិវឌ្ឍដីធ្លីសហព័ន្ធ (Felda) របស់រដ្ឋាភិបាលម៉ាឡេស៊ី។
ការរំលោភបំពានមួយចំនួនដែលរងការចោទប្រកាន់ បានកើតមានឡើងនៅកសិដ្ឋានរបស់អាជ្ញាធរអភិវឌ្ឍដីធ្លីសហព័ន្ធម៉ាឡេស៊ី ដែលផលិតប្រេងដូងឲ្យក្រុមហ៊ុនម្ហូបអាហារនិងក្រុមហ៊ុនគ្រឿងសម្អាងល្បីៗ ដូចជាក្រុមហ៊ុន L'Oreal ក្រុមហ៊ុន Nestle ក្រុមហ៊ុន Proctor & Gamble និងក្រុមហ៊ុន Unilever ជាដើម។
FGV មិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើរសុំឲ្យធ្វើអត្ថាធិប្បាយនោះទេ ក៏ប៉ុន្តែក្រុមហ៊ុននោះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះថា៖
«ថ្វីបើមានការរិះគន់និងការចោទប្រកាន់បន្តមានឡើងប្រឆាំងនឹងក្រុមហ៊ុន FGV ក៏ដោយ ក៏យើងនឹងនៅតែបន្តការខំប្រឹងប្រែងរបស់យើង ដើម្បីពង្រឹងការអនុវត្តរបស់យើងនៅក្នុងការគោរពសិទ្ធិមនុស្សនិងលើកស្ទួយបទដ្ឋានការងាររបស់យើង»៕