កងទ័ពប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានកាន់កាប់តំបន់ដែលនៅសេសសល់នានានៃទីក្រុង Raqqa នៃប្រទេសស៊ីរីពីពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមហើយក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលកំពុងប្រយុទ្ធក្រុមរដ្ឋឥស្លាមបាននិយាយថា ទីក្រុងនោះជិតបានរំដោះហើយ។
អ្នកនាំពាក្យកងទ័ពប្រជាធិបតេយ្យស៊ីរីដែលត្រូវបានបង្កើតឡើងដោយក្រុមកងជីវពល Kurds និងអារ៉ាប់បានប្រាប់ពួកអ្នកយកព័ត៌មានថា ការប្រយុទ្ធគ្នានៅក្នុងទីក្រុង Raqqa បានចប់ហើយ។ ពួកអ្នកប្រយុទ្ធកងទ័ពប្រជាធិបតេយ្យស៊ីរីបានវាយសង្គ្រប់ពហុកីឡាដ្ឋានដែលជាទីតាំងរបស់ក្រុមរដ្ឋឥស្លាមចុងក្រោយនៅក្នុងទីក្រុងបន្ទាប់ពីបានកាន់កាប់មន្ទីរពេទ្យមួយកន្លែងដែលបានចាត់ទុកជាទីបញ្ជាការដែរ។
ការវាយប្រហារដើម្បីបណ្តេញពួកជនសកម្មប្រយុទ្ធចេញពីទីក្រុង Raqqa បានចាប់ផ្តើមកាលពីខែមិថុនា ហើយបានត្រូវគាំទ្រដោយការវាយប្រហារតាមអាកាស ហើយនិងការគាំទ្រផ្សេងទៀតពីក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក។
លោកវរសេនីយ៍ឯក Ryan Dillon អ្នកនាំពាក្យកងទ័ពចម្រុះបាននិយាយនៅឯសន្និសីទមន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារថា ទីក្រុង Raqqa ចំនួន៩០ភាគរយបានស្ថិតនៅក្រោមការត្រួតត្រារបស់កងទ័ពប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក។
លោកនិយាយបន្តទៀតថា «យើងបានដឹងពីរបាយការណ៍ថា ក្រុមរដ្ឋឥស្លាមបានទទួលបរាជ័យនៅក្រុង Raqqa។ ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រតិបត្តិការបោសសម្អាតបានបន្តធ្វើឡើងហើយយើងរំពឹងថា ដៃគូកងទ័ពប្រជាធិបតេយ្យស៊ីរីរបស់យើងបានវាយប្រហារការតស៊ូរបស់ក្រុមតូចៗដែលជាផ្នែកចុងក្រោយរបស់ក្រុងនោះដែលត្រូវបោសសម្អាត»៕