ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ផ្តល់​ជំនួយ​៤៥​ម៉ឺន​ដុល្លារ​សម្រាប់​អភិរក្ស​ប្រាសាទ​ភ្នំបាខែង


ប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប ស្ថិតក្រោមការជួសជុល និងអភិរក្ស ខែមករា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប ស្ថិតក្រោមការជួសជុល និងអភិរក្ស ខែមករា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ផ្តល់​ប្រាក់​ចំនួន​៤៥​ម៉ឺន​ដុល្លារ ដើម្បី​បន្ត​ការងារ​ក្នុង​ការអភិរក្ស​ប្រាសាទ​ភ្នំបាខែង ក្នុង​ខេត្ត​សៀម​រាប។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។ ជំនួយ​នេះ​ផ្តល់​តាម​រយៈ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភព​លោក (World Monuments Fund ឬWMF)។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ជំនួយ​៤៥​ម៉ឺន​ដុល្លារ​អាមេរិក​នេះ ស្ថិតនៅក្រោម​គម្រោង​កម្មវិធី​ឯក​អគ្គរដ្ឋទូត​សម្រាប់ការអភិរក្សវប្បធម៌​(AFCP) របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ក្នុង​ការ​ថែរក្សា​អភិរក្ស​ប្រាសាទ​ភ្នំបាខែង​ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សត​វត្សរ៍​ទី​១០ ស្ថិត​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ។

លោក​ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំកម្ពុជា W. Patrick Murphy បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «យើង​មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ប្រកាស​នូវ​ជំនួយ​ជា​ថវិកា​នេះ ដែល​ជា​ជំនួយធំ​ជាង​គេ​បង្អស់​របស់​កម្មវិធី AFCP ផ្តល់​ជូន​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ក្នុង​ឆ្នាំ​នេះ ។ សហរដ្ឋ​អាមេរិក​មានមោទនភាព​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាយូរអង្វែង​លើ​ផ្នែក​វប្បធម៌​ជាមួយ​ព្រះរាជាណាចក្រកម្ពុជា»។ លោក​បញ្ជាក់​ថា​ប្រាសាទ​ភ្នំបាខែង ជា​«គោល​ដៅដ៏ធំ​ជាង​គេ​បង្អស់​»មួយនៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គេ​អាច​មើល​ថ្ងៃ​លិច​នៅ​តំបន់​អង្គរ​ដ៏​អស្ចារ្យ»។

គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៤​មក កម្ម​វិធី​AFCP​បាន​ផ្តល់​ជំនួយ​ថវិកា​ចំនួន​៨​ដង​មក​អង្គការ​មូលនិធិ​ប្រាសាទ​ពិភព​លោក​WMF​សម្រាប់​ការងារ​បន្ត​ការ​អភិរក្ស​នៅ​ប្រាសាទ​ភ្នំ​បាខែង ដែល​សរុប​ជា​ទឹក​ប្រាក់​មាន​ចំនួន​៤​លាន​ដុល្លារ​អាមេរិក ។

បើ​តាម​ស្ថានទូត​អាមេរិក ក្នុង​រយៈ​ពេល​២០​ឆ្នាំ​មក​នេះ សហរដ្ឋអាមេរិក​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​នូវ​គម្រោង​នានា​ជា​ច្រើន​នៃ​ប្រាសាទ​ភ្នំបាខែង ដោយ​រួម​មាន​ការ​ជួស​ជុល​គ្រឹះ​ប្រាសាទ ការ​អភិរក្សថ្ម​ប្រាសាទ ការ​ត​បណ្តាញ​ការពារ​ជម្រាប​ទឹក និង​ការ​ផ្គុំ​ឡើងវិញ​នូវ​ជញ្ជាំង​និង​ទីលាន​នៃ​ប្រាសាទ​នេះ ។ ការ​ផ្តល់​នូវ​ថវិកា​ជា​បន្ត​បន្ទាប់​នេះ ក៏​បាន​ជួយ​ដល់​អង្គការ​WMF ផ្តល់​ការងារ​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន ដើម្បី​ឱ្យ​ពួក​គេ​អាច​ចូល​រួម​ចំណែក​ក្នុង​ការងារ​អភិរក្ស​ប្រាសាទ​ភ្នំបាខែង៕

XS
SM
MD
LG