ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ឆ្នាំ២០២៤


អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​ថា​ លោក​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​នៅ​ឆ្នាំ ២០២៤ នៅ​រមណីយដ្ឋាន​ Mar-a-Lago របស់​លោក នៅ​ក្រុង Palm Beach រដ្ឋ Florida សហរដ្ឋ​អាមេរិក ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​ថា​ លោក​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​នៅ​ឆ្នាំ ២០២៤ នៅ​រមណីយដ្ឋាន​ Mar-a-Lago របស់​លោក នៅ​ក្រុង Palm Beach រដ្ឋ Florida សហរដ្ឋ​អាមេរិក ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកDonald Trump កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ទី ១៥ ខែវិច្ឆិកា បាន​ប្រកាស​ជា​ផ្លូវការ​ថា​ លោក​នឹង​ស្វះស្វែង​រក​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ២០២៤​ខាង​មុខ​នេះ។

ថ្លែង​រយៈពេល​មួយ​ម៉ោង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ដែល​ត្រូវ​បាន​អញ្ជើញឱ្យ​ទៅ​ចូលរួម​នៅ​ក្នុង​សាល Ballroom នៅ​ឯ​រមណីយដ្ឋាន Mar-a-Lago របស់​លោក​ក្នុង​រដ្ឋ Florida លោក Trump បាន​រិះគន់​លោក Joe Biden ​ដែល​ជា​ប្រធានាធិបតី​កាន់​តំណែងនា​ពេល​បច្ចុប្បន្ន​នេះ ​ដោយ​បាន​ប្រាប់​ពួក​អ្នក​គាំទ្រ​ថា ​រដ្ឋបាល​នេះ​បាន​បំផ្លាញ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ហើយ​បាន​ប្រែក្លាយទីក្រុង​នានា​របស់​សហរដ្ឋ​អាមេរិក​ឱ្យ​ធ្លាក់​ចូល​ទៅក្នុង​ថ្លុកឈាម​ដោយសារ​ឧក្រិដ្ឋកម្ម។ ​

លោក Trump ថ្លែង​ថា៖ «ដើម្បី​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យ​និង​រុងរឿង​ម្តង​ទៀត ខ្ញុំ​សូម​ប្រកាស​នៅ​យប់​នេះអំពី​បេក្ខភាព​របស់​ខ្ញុំ​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក»។

មិន​ដូច​ជា​ការ​ឈរឈ្មោះ​ដែល​មិន​ទទួល​បាន​ជោគជ័យ​លើក​ចុងក្រោយ​នៅ​ឆ្នាំ២០២០​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​កំពុង​កាន់​អំណាច​ទេ លោក Trumpដែល​ត្រូវ​បាន​គេ​ប្តឹង ចោទ​ប្រកាន់​ទម្លាក់​ចេញពី​តំណែង​ចំនួន​២ដង​ដោយ​រដ្ឋសភា ​ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រឈម​ការប្រកួតប្រជែង​ដ៏​ខ្លាំង​ក្លានៅ​ក្នុង​គណបក្ស​របស់​លោក​នៅពេល​នេះ​ ដែល​មិន​ដូច​ជា​កាលពី​ឆ្នាំ ២០១៦​ទេ។

គូប្រជែង​នោះ​អាច​រួមមាន​អភិបាល​រដ្ឋ Florida លោក Ron DeSantis អតីត​អនុ​ប្រធានាធិបតី​របស់​លោក​គឺ​លោក Mike Pence ហើយ​នឹង​លោក Mike Pompeo អតីត​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​រដ្ឋបាល​របស់​លោក។

លោក​ប្រធានាធិបតី Biden ដែល​បាន​យក​ឈ្នះ​លើ​លោក Trump កាលពី​២ឆ្នាំ​មុន​បាន​និយាយ​ថា​ លោក​មាន​បំណង​ឈរ​ឈ្មោះ​ម្តង​ទៀត ក៏ប៉ុន្តែនៅ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​អំពី​បេក្ខភាព​របស់​លោក​នៅ​ឡើយ​ទេ។

មាន​តែ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ម្នាក់​គត់​ដែល​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ពីរ​អាណត្តិ​ដាច់​ពី​គ្នា។ ប្រធានាធិបតី​នោះ​គឺ​លោក Grover Clevelandដែល​បាន​ជាប់​ឆ្នោត​នៅ​ឆ្នាំ១៨៨៥ និង​នៅ​ឆ្នាំ១៨៩៣៕


ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG