ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្ដី​រំពឹង​របស់​លោក Trump ហាក់​ធ្លាក់​ចុះ បន្ទាប់​ពី​បក្ស​សាធារណរដ្ឋ​ឈ្នះ​បាន​តិចតួច​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ


អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​អាកាសយានដ្ឋាន Minden Tahoe នៅ​ក្រុង Minden រដ្ឋ Nevada សហរដ្ឋ​អាមេរិក កាល​ពី​សៅរ៍ ទី​៨ ខែ​តុលា ឆ្នាំ​២០២២។
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​អាកាសយានដ្ឋាន Minden Tahoe នៅ​ក្រុង Minden រដ្ឋ Nevada សហរដ្ឋ​អាមេរិក កាល​ពី​សៅរ៍ ទី​៨ ខែ​តុលា ឆ្នាំ​២០២២។

កន្លង​មក អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​រំពឹង​ថា​គណបក្ស​សាធារណរដ្ឋ​នឹង​ឈ្នះ​បាន​អាសនៈ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​កាលពី​ថ្ងៃ​អង្គារ មុន​លោក​ឈាន​ទៅ​ប្រកាស​អំពី​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤ ខាង​មុខ។

ប៉ុន្តែ ដោយសារតែ​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ និង​ការ​ឈ្នះ​ការ​បោះឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​របស់​អភិបាល​រដ្ឋ Florida លោក Ron DeSantis ដែល​ជា​គូ​ប្រជែង​ចម្បង​របស់​លោក Trump នៅ​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ ក្ដី​រំពឹង​របស់​លោក Trump ហាក់​ដូចជា​ធ្លាក់ចុះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើ​ទោះបីជា​គណបក្ស​សាធារណរដ្ឋ​ទំនងជា​នឹង​ដណ្ដើម​បាន​ការ​គ្រប់គ្រង​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​យ៉ាង​ហោច​ណាស់​ក៏​សភា​មួយ​ថ្នាក់​ដែរ ការ​ព្យាករ​បាន​បង្ហាញ​ថា គណបក្ស​នេះ​នឹង​មិន​ឈ្នះ​បាន​អាសនៈ​ច្រើន​នោះ​ទេ។


សម្រាប់​រដ្ឋសភា លទ្ធផល​ដំបូងៗ​នៃ​ការ​បោះឆ្នោត​បាន​បង្ហាញ​ថា គណបក្ស​សាធារណរដ្ឋ​កំពុង​ឈាន​ឆ្ពោះ​ទៅ​ការ​ក្លាយ​ជា​គណបក្ស​ដែល​មាន​សំឡេង​ភាគ​ច្រើន ប៉ុន្តែ​នឹង​មាន​អាសនៈ​លើស​គណបក្ស​ប្រជាធិបតេយ្យ​តិចតួច​ប៉ុណ្ណោះ។ រី​ឯ​សម្រាប់​ការ​គ្រប់គ្រង​ព្រឹទ្ធសភា​វិញ ការ​ប្រជែង​របស់​គណបក្ស​ទាំង​ពីរ​មាន​លក្ខណៈ​ប្រកៀកប្រកិត​នឹង​គ្នា ហើយ​ប្រហែល​ជា​នឹង​សម្រេច​ដោយ​ការ​បោះឆ្នោត​ផ្ដាច់ព្រ័ត្រ​នៅ​ក្នុង​រដ្ឋ Georgia នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ។

កន្លង​មក លោក Trump បាន​ផ្ដល់​សញ្ញា​ថា ​លោក​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា​ខាង​មុខ​អំពី​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ប្រធានាធិបតី​ឆ្នាំ ២០២៤។ ប៉ុន្តែ ដោយសារតែ​បេក្ខជន​មួយ​ចំនួន​ដែល​លោក​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះ ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​កាលពី​ថ្ងៃ​អង្គារ​ទទួល​បាន​លទ្ធផល​មិន​ល្អ អ្នក​វិភាគ​នានា​និង​សមាជិក​ខ្លះ​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​រិះគន់​លោក​ថា​ ជា​អ្នក​ធ្វើ​ឱ្យ​លទ្ធផល​ដែល​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន​មិន​សូវ​បាន​ល្អ។

ស្រប​ពេល​នេះ​ដែរ លោក DeSantis ដែល​បាន​បង្ហាញ​បំណង​ចង់​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤ ខាង​មុខ បាន​ឈ្នះ​ការ​បោះឆ្នោត​ឱ្យ​ធ្វើ​ជា​អភិបាល​រដ្ឋ Florida នៅ​អាណត្តិ​ថ្មី​បន្ត​ទៀត ដោយ​ធ្វើ​ឱ្យ​លោក​កាន់តែ​មាន​ជំហរ​រឹងមាំ​ក្នុង​នាម​ជា​បេក្ខជន​ដែល​អាច​ប្រជែង​ជាមួយ​នឹង​លោក Trump បាន​នៅ​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ៕

XS
SM
MD
LG