ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្តន៍​កិច្ចព្រមព្រៀង​សម្របសម្រួល​ពាណិជ្ជកម្ម


ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក​ William Heidt (ឆ្វេង) និង​លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម (ស្តាំ) ចូលរួម​សិក្ខា​សាលា​ស្តីពី​ការជួយ​កម្ពុជា​រៀបចំ​ការអនុវត្ត​កិច្ច​ព្រមព្រៀង​សម្របសម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ធ្វើ​នៅ​រាជធា​នី​ភ្នំពេញ​កាលពី​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ (ហ៊ុល​ រស្មី​/VOA)
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក​ William Heidt (ឆ្វេង) និង​លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម (ស្តាំ) ចូលរួម​សិក្ខា​សាលា​ស្តីពី​ការជួយ​កម្ពុជា​រៀបចំ​ការអនុវត្ត​កិច្ច​ព្រមព្រៀង​សម្របសម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ធ្វើ​នៅ​រាជធា​នី​ភ្នំពេញ​កាលពី​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ (ហ៊ុល​ រស្មី​/VOA)

កិច្ចព្រមព្រៀង​​សម្រប​សម្រួល​ពាណិជ្ជកម្ម ឬ​ហៅ​កាត់​ថា​ (TFA) គឺជា​កិច្ចព្រមព្រៀង​ដំបូង​មួយ​ ដែល​ត្រូវ​បាន​សម្រេច​ដោយ​សមាជិក​ទាំងអស់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ បាន​ផ្ដល់​សច្ចានុមតិ​លើ​កិច្ចព្រមព្រៀង​សម្របសម្រួល​ពាណិជ្ជ​កម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ​ ២០១៥ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ ក្លាយ​ជា​ប្រទេសដែលមានការ​អភិវឌ្ឍ​តិច​តួច​ទី៨ និង​ជា​ប្រទេស​ទី​៦៩​នៃ​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ដែល​បាន​ផ្តល់​សច្ចានុមតិ​លើ​កិច្ចព្រមព្រៀង​នេះ។ ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ថ្លែង​ថា​ ប្រទេស​កម្ពុជា​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​បំផុត​ពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ តែ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បញ្ជាក់​ថា​ ខ្លួន​នឹង​អាច​ចាប់​ផ្ដើម​អនុវត្តន៍​កិច្ច​ព្រមព្រៀង​នេះ​បាន​នៅ​ពេល​ណា​នោះ​ទេ។

ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោក​ វីលៀម ហៃ (William Heidt) នៅ​ថ្ងៃអង្គារ​នេះ​ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​កិច្ចសហការ​ជាមួយ​វិស័យឯកជន ដើម្បី​ពន្លឿន​ការ​អនុវត្ត​ កិច្ចព្រមព្រៀង​សម្របសម្រួលពាណិជ្ជកម្ម (Trade Facilitation Agreement) ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀងធ្វើ​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

កិច្ចព្រមព្រៀងសម្រប​សម្រួល​ពាណិជ្ជកម្ម ឬ​ហៅ​កាត់​ថា​ (TFA) គឺជា​កិច្ចព្រមព្រៀង​ដំបូង​មួយ​ ដែល​ត្រូវ​បាន​សម្រេច​ដោយ​សមាជិក​ទាំងអស់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​រយៈពេល​ពីរ​ថ្ងៃដែល​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ​ស្តីពី​ការ​ជួយ​កម្ពុជា​អនុវត្ត​កិច្ចព្រមព្រៀង​TFA នេះ​ លោក​ឯក​អគ្គ​រដ្ឋ​ទូត​ William Heidt ​មាន​ប្រសាសន៍​ថា​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ រួមមាន​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​បំផុត​ពី​ការ​អនុវត្ត​ខ​នានា​ដែល​មាន​ចែងរបស់​កិច្ចព្រមព្រៀង​TFA តាម​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​សម្រាប់​ការ​នាំចេញ​ទំនិញ​ និង​សេវាកម្ម​ ការ​សម្រួល​លំហូរ​ពាណិជ្ជ​កម្ម​តាម​ច្រក​ព្រំដែន​អន្តរជាតិ​របស់​កម្ពុជា ហើយ​កិច្ចព្រមព្រៀង​នេះ​ ក៏​ជួយ​ជំរុញ​ការប្រកួត​ប្រជែង​របស់​កម្ពុជា​ទាំង​ក្នុង​តំបន់​ និង​ពិភពលោក​ និង​ជំរុញកំណើន​សេដ្ឋកិច្ច​ដែល​ចេះ​តែ​បន្ត​កើន​ឡើង។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក​ William Heidt ផ្តល់​បទសម្ភាសន៍​ដល់អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ ទី០៤ ខែមេសា​ ឆ្នាំ​ ២០១៧​ នៅ​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក​ William Heidt ផ្តល់​បទសម្ភាសន៍​ដល់អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ ទី០៤ ខែមេសា​ ឆ្នាំ​ ២០១៧​ នៅ​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

លោក​ឯកអគ្គរាជទូត ​William Heidt មានប្រសាសន៍ថា​ ប្រទេស​ដែល​មាន​ភាព​ជោគ​ជ័យ​ខ្លាំង​ខាង​ពាណិជ្ជកម្ម ​បាន​ទទួល​ស្គាល់​វិស័យ​ឯកជន​ថា​ជា​ក្បាលម៉ាស៊ីន​ដ៏​សកម្ម​មួយ​ក្នុង​កិច្ច​ការ​ពាណិជ្ជកម្ម​ និង​ពន្ធគយ​ ដូច្នេះ​លោក​ថា រាជរដ្ឋាភិបាល​កម្ពុជា ​អាច​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​ការ​ផ្ដល់​អាទិភាព​ទៅលើ​ភាគី​ណា​មួយដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​ TFA​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​មានការ​កែទម្រង់​ជាច្រើន​ទាក់​ទិន​បញ្ហា​ការិយាធិបតេយ្យ ​កង្វះ​តម្លាភាព​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​អនុវត្ត​បទប្បញ្ញត្តិ​ដែល​មិន​ស៊ី​សង្វាក់​គ្នា​ ដើម្បី​នាំ​ភាព​ចម្រើន​ជឿន​លឿន​ដល់​ប្រទេស​កម្ពុជា។

«ដូច្នេះ​ យើង​គិត​ថា​ ត្រូវ​បោះ​មួយ​ជំហាន​ទៅ​មុខ​ទៀត។​ ហេតុអ្វី​បាន​ជា​យើង​មិន​ប្រើ​ដំណើរ​ការ​របស់​កិច្ច​ព្រមព្រៀង​ TFA ទៅ​ពង្រីក​កិច្ច​សន្ទនា​ជា​ទូទៅ​របស់​រដ្ឋាភិបាល​ជាមួយ​វិស័យ​ឯកជន ដែល​ប្រហែលជា​អាច​ធ្វើ​បាន​តាម​យន្តការ​ដែល​ក្រសួង​ពាណិជ្ជ​កម្ម​ជា​ប្រធាន​ ឬ​ប្រហែល​ជា​តាម​យន្តការ​ដូច​ជា​វេទិកា​សាធារណៈ​ ហើយ​ធ្វើ​វា​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​ជាមួយ​ការ​ពិគ្រោះ​យោបល់​ដែល​នឹង​ចេះ​តែ​បន្ត​ទៅ​មុខ​រវាង​រដ្ឋាភិបាល​ និង​វិស័យ​ឯក​ជន។ ដូច្នេះ​វិស័យ​ឯកជន​នឹង​មាន​អារម្មណ៍​ថា​ ពួក​គេ​ជា​ចំណែក​មួយ​នៃ​ការ​សម្រេច​របស់​រដ្ឋាភិបាល»។

លោក ​William Heidt ថ្លែង​បន្ត​ថា​ រដ្ឋាភិបាល​អាច​នឹង​ពិចារណា​យក​ជម្រើស​មួយ​ផ្សេង​ទៀត​ ក្រៅ​ពី​ការ​ចាប់​យក​កិច្ចព្រមព្រៀង TFA នេះ​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន។

«ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា​ អ្នក​នឹង​សម្លឹងទៅ​កិច្ចព្រមព្រៀង​ TFA ថា​ជា​ឱកាស​សម្រាប់​ធ្វើ​ឲ្យមាន​កំណែ​ទម្រង់​ ដើម្បី​ធ្វើឲ្យ​កម្ពុជា​កាន់​តែ​ចម្រុងចម្រើន​ថែមទៀត និង​ក្លាយ​ជា​ប្រទេស​ធ្វើ​ពាណិជ្ជកម្ម​ដែល​មាន​ចំណូល​មធ្យម»។

លោក​ឯកអគ្គរដ្ឋទូត​បាន​លើកឡើង​អំពី​ការ​ប៉ាន់ស្មាន​របស់​វិទ្យាស្ថាន​ Peterson សម្រាប់​សេដ្ឋ​កិច្ច​អន្តរជាតិ​ ដែល​បាន​ព្យាករណ៍​ថា​ ការ​អនុវត្ត​ពេញលេញ​នៃ​កំណែទម្រង់​កិច្ច​សម្រប​សម្រួល​ពាណិជ្ជ​កម្ម​ជាមួយ​កិច្ចព្រមព្រៀង​ TFA នេះ​ នឹង​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ដល់​ទៅ​១​ពាន់​លាន​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។

នៅ​ឆ្នាំ២០១៥​ រដ្ឋាភិបាល​ប្រទេស​កម្ពុជា​បាន​ផ្ដល់​សច្ចានុមតិ​ដល់​កិច្ចព្រមព្រៀង​សម្រប​សម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ។ ការ​ផ្ដល់​សច្ចានុមតិ​នេះ​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មានការ​អភិវឌ្ឍ​តិច​តួច​ទី៨ និង​ជា​ប្រទេស​ទី​៦៩​នៃ​សមាជិក​អង្គ​ការ​ពាណិជ្ជកម្ម​ពិភព​លោក​ ដែល​ផ្ដល់​សច្ចានុមតិ​លើ​កិច្ចព្រមព្រៀង​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​នេះ។

យោង​តាម​ឯកសារ​ស្តី​ពី​កិច្ច​សម្របសម្រួល​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ដែល​ចងក្រង​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ​ ឬ​ហៅ​កាត់​ថា​USAID ​និង​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ចេញផ្សាយ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១៦​ ​បាន​ឲ្យដឹង​ថា​ កិច្ច​ព្រមព្រៀង​ TFA ទទួល​ស្គាល់​ថា​ ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ នឹង​មិន​មាន​លទ្ធភាព​ដើម្បី​អនុវត្ត​ឲ្យបាន​ពេញលេញ​ទៅតាម​ កិច្ចព្រមព្រៀង​នេះ​ទេ​ នៅ​ពេល​ណា​កិច្ចព្រមព្រៀង​នេះ​ បាន​ចូល​ជាធរមាន។

ហេតុដូច្នេះ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ បាន​សម្រេច​ចាត់​លក្ខន្តិកៈ​ជាច្រើន​ទៅតាម​កម្រិតផ្សេង​គ្នា​ហើយ​ ដែល​មាន​បី​កម្រិត។​

កម្រិត​ទី​មួយ​ ឬ​កម្រិត​ A នឹង​បង្ហាញថា​ ប្រទេស​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ ពិភព​លោក​ នឹង​ត្រូវ​អនុវត្ត​ ខ ដែល​មាន​ចែង​ នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​ TFA ចូលជាធរមាន។ កម្រិត​ទីពីរ​ ឬ​កម្រិត​ B នឹង​បង្ហាញ​ថា​ ប្រទេស​នោះ​ត្រូវ​ការ​ពេលវេលា​បន្ថែម​ដើម្បី​អនុវត្ត​ ខ ដែល​មាន​ចែង​ និង​កម្រិត​ទីបី​ ឬ​កម្រិត​ Cនឹង​បង្ហាញ​ថា​ ប្រទេស​ជា​សមាជិក​ ត្រូវការ​ទាំង​ពេលវេលា​ និង​ការ​ជួយ​ពី​ខាង​ក្រៅ។

លោក​ ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ដែល​បាន​ចូលរួម​សិក្ខាសាលា​សាធារណៈ​ស្ដីពីកិច្ចព្រមព្រៀង​សម្រប​សម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​កិច្ចការ​ជាច្រើន​ពាក់ព័ន្ធ​ច្បាប់​ស្ដីពី​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ការ​គាំពារ​អ្នកប្រើប្រាស់​ និង​សុវត្ថិភាព​អាហារ ដើម្បី​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម។

ពាក់​ព័ន្ធ​កិច្ច​ព្រមព្រៀង​ TFA នេះ​ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ស្វែង​រក​ជំនួយ​បច្ចេកទេស​ពី​ក្រៅ​ប្រទេស​ ដែល​ក្រោយ​មក​មាន​សហរដ្ឋ​អាមេរិក​បាន​ចេញ​មុខ​ជួយ​កម្ពុជា។​

យ៉ាង​ណា​លោក​មិន​អាច​បញ្ជាក់​ថាតើ​កម្ពុជា​អាច​នឹង​អនុវត្ត​កិច្ចព្រមព្រៀង​ TFA នៅ​ពេល​ជាក់​លាក់​ណាមួយ​នោះ​ឡើយ​ នៅ​គ្រា​ដែល​រដ្ឋាភិបាល​កម្ពុជា​ ចង់​ផ្ដើម​អនុវត្ត​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង TFA នេះ​ តាម​កម្រិត​ទីពីរ​ ឬ​កម្រិត​ Bនិង​ទីបី​ ឬ​កម្រិត​C។

«ខ្ញុំលើកឡើងជាថ្មី ពីចំណាប់អារម្មណ៍របស់រដ្ឋាភិបាលកម្ពុជានៅក្នុងការ ទទួលជំនួយ ដើម្បីអនុវត្តកិច្ចព្រមព្រៀង TFA នេះ។ ជាពិសេស គឹ បញ្ជាក់ពីសេចក្តីប្រាថ្នារបស់រដ្ឋាភិបាល​ក្នុង​ការ​ចង់បាន​ជំនួយឲ្យបានពី ក្រុមB និងC»។

​ជា​ថ្មី​ថា​ ចំណាប់​អារម្មណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការ​ទទួល​ជំនួយ​ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ TFA ​នេះ​ ជាពិសេស​គឺ​សេចក្ដី​ប្រាថ្នា​របស់​រដ្ឋាភិបាល​ក្នុង​ការ​បាន​ជំនួយ​សម្រាប់​ផ្ដល់​ការ​បញ្ជាក់ដល់​ក្រុម​B​ និង​C»។

អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​និយាយ​ថា​ រដ្ឋាភិបាល​កម្ពុជា​ អាច​នឹង​ពន្លឿន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ TFA​ ប្រសិន​រដ្ឋាភិបាល​ពិនិត្យ​ឃើញ​ថា​ កិច្ចព្រមព្រៀង​នេះ មិន​មាន​ភាព​ស្មុគស្មាញ​ច្រើន​ក្នុង​ការ​អនុវត្ត។ តែ​រដ្ឋាភិបាល​អាច​នឹង​ងាក​ចេញពី​កិច្ចព្រមព្រៀង​នេះ​វិញ នៅ​ពេល​ដែល​រដ្ឋាភិបាល​យល់​ឃើញ​ថា​ កិច្ចព្រមព្រៀង​នេះ​ មាន​ចំណុច​រឹត​បន្តឹង​ច្រើន​ និង​ពិបាក​អនុវត្ត​តាម ក្នុង​នោះ​មាន​បញ្ហា​ពង្រឹង​តម្លាភាព និង​ការ​ដោះស្រាយ​ឧបសគ្គនានា​ដែល​មិនមែន​ជា​ពន្ធគយ សម្រាប់​ធ្វើ​ការ​ធ្វើពាណិជ្ជកម្ម​ឆ្លងដែន។

លោក ង៉ែត​ ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) ប្រាប់​ VOA ថា៖

«វា​អាស្រ័យ​លើ​ថា​តើ​កិច្ចព្រមព្រៀង​ហ្នឹង​ ការ​អនុវត្ត​របស់​គាត់​ តឹងរ៉ឹង​កម្រិត​ណា។ ជួនកាល​វា​មាន​អញ្ចឹង​មែន​ប៉ុន្តែ​វា​មាន​ការ​សម្របសម្រួល​ខ្លះ​ ប្រាកដ​ជា​រដ្ឋាភិបាល​ប្រហែល​ជា​មិន​ជា​មាន​បញ្ហា​ទេ។​ប៉ុន្តែ​បើ​សិន​ណា​រដ្ឋាភិបាល​ ខាង​កិច្ច​ព្រមព្រៀង​ហ្នឹង​ត្រូវ​ អនុវត្ត​ឲ្យបាន​មធ្យ័ត​នោះ​ ខ្ញុំ​ជឿជាក់​ថា​ នឹង​មាន​បញ្ហា​ច្រើន​ ដោយសារ​ ដូច​លោក​មានប្រសាសន៍​អញ្ចឹង​ គឺ​វា​មាន​បញ្ហា​ដូច​រឿង​ តម្លាភាព​រឿង​អី​អញ្ចឹង។ ហើយ​តម្លាភាព​ នៅ​ស្រុក​យើង​ បើ​យើង​មើល​ការ​វាយ​តម្លៃ​ទាក់​ទងជាមួយ​ប្រព័ន្ធ​សុចរិត​ភាព​របស់​យើង គឺ​មាន​កម្រិត​ទាប​ខ្លាំង​មែន​ទែន»។

យោង​តាម​បទ​បង្ហាញ​របស់​លោក ចន វលដិន (Jon Walden) ទីប្រឹក្សា​ជាន់​ខ្ពស់​ខាង​ផ្នែក​សម្របសម្រួល​ពាណិជ្ជ​កម្ម​របស់​កម្មវិធី​កំណើន​សេដ្ឋកិច្ច​នៃ​ទី​ភ្នាក់​ USAID​ នៅ​តំបន់​អាស៊ី​ និង​មជ្ឈិម​បូព៌ា​ បាន​ឲ្យ​ដឹង​ថា​ កិច្ចព្រមព្រៀង​ TFA ​គឺ​ជា​ កត្តា​សំខាន់ ក្នុង​បរិការណ៍​នៃ​ការ​វិវត្ត​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ ​ខណៈ​ដែល​វា​តម្រូវ​ឲ្យ​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ អនុម័ត​ការ​អនុវត្ត​ល្អ​បំផុត​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ ហើយ​ប្រែក្លាយ​ទៅ​ជា​ច្បាប់​ក្នុង​ស្រុក​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង និង​និយ័តកម្ម​នៃ​ពាណិជ្ជកម្ម​ឆ្លងដែន​ ទោះ​បី​តាម​រយៈ​ការ​ទាម​ទារ​ដោយ​ច្បាប់ ឬ​ក៏​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លាំង​បំផុត​ក្ដី។

តាម​បទ​បង្ហាញ​ដដែល​នោះ​ កិច្ចព្រមព្រៀង​ TFA នេះ​ បាន​ចូលជាធរមាន​កាលពី​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ កន្លង​ទៅ​នេះ៕

XS
SM
MD
LG