រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសពីសកម្មភាពរបស់រដ្ឋាភិបាលសហព័ន្ធនិងឧស្សាហកម្មឯកជនដោយជំរុញសង្វាក់ផ្គត់ផ្គង់លោហធាតុរ៉ែដ៏កម្រនិងរ៉ែសំខាន់ៗមួយចំនួនទៀតដែលយកទៅប្រើប្រាស់នៅក្នុងបច្ចេកវិទ្យា ចាប់តាំងពីគ្រឿងប្រើប្រាស់នៅក្នុងផ្ទះ គ្រឿងអេឡិចត្រូនិករហូតដល់ប្រព័ន្ធការពារប្រទេសជាដើម។ ពួកគេនិយាយថា វិធានការនេះគឺដើម្បីកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិកលើប្រទេសចិនដែលជាអ្នកផលិតដ៏សំខាន់នូវរបស់របរទាំងនេះ។
លោកប្រធានាធិបតីអាមេរិក Joe Biden បានថ្លែងកាលពីថ្ងៃអង្គារនៅសេតវិមានថា៖ «ប្រទេសចិនជាអ្នកគ្រប់គ្រងទីផ្សារពិភពលោកនៅក្នុងវិស័យរ៉ែទាំងនេះ។ យើងមិនអាចកសាងពេលអនាគតដែលអ្វីៗធ្វើនៅក្នុងប្រទេសអាមេរិកនោះឡើយ ប្រសិនបើយើងពឹងផ្អែកតែទៅលើប្រទេសចិនសម្រាប់វត្ថុធាតុដើមក្នុងការផលិតនាពេលបច្ចុប្បន្ននិងក្នុងពេលអនាគតនោះ»។
វិធានការនេះ គឺរួមមានកិច្ចសន្យាដែលមានទឹកប្រាក់ចំនួន៣៥លានដុល្លារទៅឲ្យក្រុមហ៊ុនរ៉ែ MP ក្នុងដំណើរការផលិតលោហធាតុរ៉ែកម្រនៅទីតាំងផលិតក្នុងតំបន់ Mountain Pass របស់ក្រុមហ៊ុននេះនៅរដ្ឋកាលីហ្វ័រញ៉ាដែលជារោងចក្រផលិតដាច់ដោយឡែករបស់ខ្លួនជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក។
កាលពីខែមិថុនាឆ្នាំទៅ បន្ទាប់ពីលោក Biden បានចេញបទបញ្ជាប្រធានាធិបតី រដ្ឋបាលរបស់លោក បានចេញផ្សាយរបាយការណ៍មួយស្តីពីសង្វាក់ផ្គត់ផ្គង់លោហធាតុរ៉ែ ដោយបញ្ចប់ការ ពឹងផ្អែកទាំងស្រុងលើលោហធាតុរ៉ែដ៏សំខាន់ពីប្រទេសចិន។ នាពេលបច្ចុប្បន្ននេះ ចិនគ្រប់ គ្រងទីផ្សារលោហធាតុមេដែកពិភពលោកចំនួន៨៧% ក៏ដូចជារ៉ែកម្រប្រមាណ៥៥%និងការចម្រាញ់នៃសារធាតុរ៉ែទាំងនោះប្រមាណ៨៥%៕