រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានប្រកាសដាក់ទណ្ឌកម្មទៅលើបុគ្គលចំនួន ៥ រូប និងស្ថាប័នចំនួន ៥ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា។ បុគ្គល និងស្ថាប័នទាំងនោះ រួមមានទាំងអង្គភាពយោធាមួយ អ្នកជួញដូរអាវុធ មេដឹកនាំយោធា និងក្រុមហ៊ុនមួយចំនួន ក៏ដូចជា បុគ្គលដែលបំពេញការងារនៅក្នុងវិស័យការពារ។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា៖ «នៅខណៈដែលយើងជិតដល់គម្រប់ខួបមួយឆ្នាំនៃអំពើហិង្សាយង់ឃ្នងប្រព្រឹត្តដោយយោធាភូមា នៅថ្ងៃប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ ឆ្នាំ ២០២១ ដែលពេលនោះមនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់នោះ សហរដ្ឋអាមេរិកកំពុងដាក់ទណ្ឌកម្មទៅលើបុគ្គលភូមា ៥ រូប និងស្ថាប័នចំនួន ៥ ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបដ៏ឃោរឃៅដែលរបបនេះ បានធ្វើទៅលើពលរដ្ឋភូមា»។
លោកបន្តថា៖ «ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ មក របបយោធា បានបង្កើនការបង្ក្រាបដ៏ហិង្សារបស់ពួកគេ និងបានសម្លាប់ពលរដ្ឋជាង ១.៧០០ នាក់ រួមមានទាំងស្ត្រី កុមារ និងបុគ្គលិកផ្ដល់ជំនួយផងដែរ»។
បុគ្គល និងអង្គភាពដែលរងទណ្ឌកម្មនេះ នឹងត្រូវបានរឹតត្បិតមិនឲ្យប្រើប្រាស់ទ្រព្យសម្បត្តិដែលពួកគេមាននៅសហរដ្ឋអាមេរិក ឬទ្រព្យសម្បត្តិទាំងនោះ ត្រូវបានបិទ (បង្កក)។ ក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក ក៏នឹងត្រូវបានរឹតត្បិត មិនឲ្យធ្វើធុរកិច្ច (ជំនួញ) ជាមួយបុគ្គល និងស្ថាប័នដែលរងការដាក់ទណ្ឌកម្មនេះផងដែរ។
វិធានការដាក់ទណ្ឌកម្មនេះ កើតមានបន្ទាប់ពីសហរដ្ឋអាមេរិកកំណត់កាលពីដើមសប្ដាហ៍មុនថា ទង្វើរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលប្រព្រឹត្តទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាន់សាសនាឥស្លាម គឺជាអំពើប្រល័យពូជសាសន៍។
រដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានដាក់ទណ្ឌកម្មម្ដងរួចហើយ ដោយសារតែទង្វើរបស់ពួកគេទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងការធ្វើរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១៕
ប្រែសម្រួលដោយ លោក ពិន ស៊ីសុវណ្ណ