ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​ចិន​នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​សប្ដាហ៍​នេះ​នៅ​រដ្ឋ Florida សហរដ្ឋ​អាមេរិក


ខិត្តប័ណ្ណ​ផ្សព្វផ្សាយរបស់ទស្សនាវដ្តីចិន​មួយ​ក្បាល​បង្ហាញ​រូប​លោក​ប្រធានាធិបតី​អាមេរិក Donald Trump ក្នុង​ទីក្រុងសៀងហៃ ប្រទេស​ចិនកាល​ពី​ថ្ងៃទី​២១ មីនា ២០១៧។
ខិត្តប័ណ្ណ​ផ្សព្វផ្សាយរបស់ទស្សនាវដ្តីចិន​មួយ​ក្បាល​បង្ហាញ​រូប​លោក​ប្រធានាធិបតី​អាមេរិក Donald Trump ក្នុង​ទីក្រុងសៀងហៃ ប្រទេស​ចិនកាល​ពី​ថ្ងៃទី​២១ មីនា ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ឯ​រមណីយដ្ឋាន​កំសាន្ត Mar-a-Lago របស់​លោក​នៅ​ក្នុង​រដ្ឋ Florida នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។

ជំនួប​រយៈពេល ២ ថ្ងៃ​របស់​មេដឹកនាំ​ទាំង​ពីរ​នឹង​ផ្ដោត​លើ​បញ្ហា​កូរ៉េ​ខាង​ជើង និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ ការ​គំរាមកំហែង និង​ការ​ដាក់​ទណ្ឌកម្ម​នានា ដែល​រួម​មាន​ទាំង​ការ​កាត់ផ្ដាច់​នូវ​ការ​នាំ​ចូល​ធ្បូងថ្ម​នា​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​ចិន​ផង​ដែរ ក៏​នៅ​តែ​បរាជ័យ​ក្នុង​ការ​បង្អាក់​ដល់​គោល​បំណង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្នុង​ការ​ក្លាយជា​មហា​អំណាច​នុយក្លេអ៊ែរ​ដដែល។

លោក Trump បាន​និយាយ​ថា ប្រសិនបើ​ចិន​មិន​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង​ទេ សហរដ្ឋ​អាមេរិក​នឹង​ដោះស្រាយ។

លោក Trump បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Financial Times ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស យ៉ាង​ដូច្នេះ​ថា៖ «ប្រទេស​ចិន​មាន​ឥទ្ធិពល​ខ្លាំងក្លា​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។ ហើយ​ចិន​អាច​សម្រេច​ថា​តើ​នឹង​ជួយ​សហរដ្ឋ​អាមេរិក ឬ​ក៏​មិន​ជួយ។ ហើយ​ប្រសិន​បើ​ចិន​មិន​ជួយ វា​នឹង​មិន​ល្អ​សម្រាប់​ប្រទេស​ណាៗ​ទាំង​អស់»។

អ្នក​ជំនាញ​នានា​របស់​សហរដ្ឋ​អាមេរិក បាន​ព្រមាន​ថា កូរ៉េ​ខាង​ជើង​គ្រោង​នឹង​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៦ របស់​ខ្លួន។ រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ហៅ​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​កាត់​ពី​លើ​សមុទ្រ​ជប៉ុន​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ថា​ជា​បញ្ហា «ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន»៕

XS
SM
MD
LG