ក្រុមយោធាស.រ.អា.បាននិយាយថា ពួកគេបានធ្វើកិច្ចប្រតិបត្តិការធំមួយតាមអាកាសនិងនៅលើដីជាមួយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសនេះ ដោយបានសម្លាប់ក្រុមជនសកម្មប្រយុទ្ធ al-Qaida “ច្រើននាក់។"
សេចក្តីថ្លែងការណ៍មួយរបស់ក្រុមយោធាស.រ.អា.បាននិយាយកាលពីថ្ងៃអង្គារថា ដោយផ្អែកលើការប្រមូលព័ត៌មាននៃការស៊ើបការសម្ងាត់និងការរៀបចំគម្រោងការជាច្រើនខែមក កិច្ចប្រតិបត្តិការនេះត្រូវបានប្រតិបត្តិការកាលពីថ្ងៃទី៧ ខែតុលា នៅក្នុងស្រុក Shorabak នៃខេត្ត Kandahar ហើយបានបញ្ចប់កាលពីថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍នេះនិយាយថា ទាហានអាមេរិកាំងនិងអាហ្វហ្គានីស្ថានជាង២០០នាក់បានចូលរួមក្នុងការវាយលុកនេះ ដែលមានទាក់ទិននឹងការវាយប្រហារតាមអាកាសរបស់ស.រ.អា.៦៣លើក នៅពេលដែលកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានធ្វើការប្រយុទ្ធមួយចំនួននៅលើដីប្រឆាំងនឹងបណ្តាញក្រុមal-Qaida នៅកន្លែងពីរមានការទាក់ទងគ្នា។
សេចក្តីថ្លែងការណ៍នេះបានដកស្រង់ពាក្យសម្តីលោកឧត្តមសេនីយត្រី Wilson Shoffner អ្នកនាំពាក្យយោធាស.រ.អា.ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានមានប្រសាសន៍ថា «នេះជាកិច្ចប្រតិបត្តិការវាយលុកនៅលើដីរួមគ្នាធំបំផុតមួយដែលយើងបានធ្វើនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។
លោកបាននិយាយថា ទីជម្រករបស់ក្រុម al-Qaida ត្រូវបានវាយប្រហារត្រូវចំនៅក្នុងផ្នែកកណ្តាលនៃតំបន់ជាប្រវត្តិសាស្ត្ររបស់ក្រុមនេះ ដែលបង្ហាញអំពី«កំណើនសមត្ថភាពរបស់កងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន»។
លោក Shoffner បាននិយាយបន្ថែមថា «កន្លែងទីមួយគឺជាជំរុំហ្វឹកហ្វឺនដែលមានការរៀបចំល្អនោះ មានទំហំប្រមាណមួយមៃល៍ (mile) ក្រឡា។ កន្លែងទីពីរមានទំហំជិត៣០មៃល៍ក្រឡា»៕